កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយរកបាន៣គ្រាប់ Ronaldo ថា «នេះជាហេតុផលដែល Juventus ទិញខ្ញុំ» រូបភាពពីទំព័រផ្លូវការ UCL
× ខ្សែប្រយុទ្ធ Cristiano Ronaldo ថាគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ (Hat-Trick) ទៅលើក្រុម Atletico Madrid ដើម្បីបញ្ជូន Juventus ឈានទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League គឺជាមូលហេតុដែលក្លិបយក្សអុីតាលីទិញខ្លួនពី Real Madrid។
Ronaldo បានឈ្នះពានកំពូលអឺរ៉ុបនេះចំនួន៤ដងក្នុងការបង្ហាញខ្លួន៥រដូវកាលចុងក្រោយជាមួយ Real Madrid មុនផ្លាស់ទៅចូលរួមជាមួយ Juventus ក្នុងតម្លៃកំណត់ត្រាក្លិប ១១២ លានអឺរ៉ូ (១២៦លានដុល្លារអាមេរិក) នៅដើមរដូវកាល ២០១៨-១៩ នេះ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៣ឆ្នាំរូបនេះរកបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតវគ្គជម្រុះតាមពូលកន្លងមក ប៉ុន្តែបែជាបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលពេលប៉ះ AT-Madrid នាជំនួបជើងទី២ ក្នុងទឹកដី Allianz Stadium នៅរាត្រីថ្ងៃទី១២ ខែមីនា។
ក្រុមរបស់លោក Diego Simeone បាននាំមុខក្រុមរបស់លោក Massimiliano Allegri ២-០ ទៅហើយកាលជើងទីមួយនៅកីឡដ្ឋាន Wanda Metropolitano Stadium ដោយរំពឹងខ្ពស់ដើម្បីទៅកាន់វគ្គបន្ត។ យ៉ាងណាក្តីរំពឹងនេះត្រូវបានរលាយទៅវិញ ដ្បិត Ronaldo នៅតែបង្ហាញសម្ថភាពដ៏អស្ចារ្យរបស់គេនៅលើទីលានជាមួយនឹងការស៊ុតបញ្ចូលទីដល់ទៅ៣គ្រាប់ម្នាក់ឯងសម្រាប់ Juventus។
ជារឿងគួរឲ្យអាម៉ាសដូចគ្នានេះសម្រាប់ AT-Madrid កាលពី២ឆ្នាំមុន។ Real Madrid បានទម្លាក់ក្រុមលោក Diego Simeone នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ Champions League ក៏ដោយសារតែ Ronaldo រកបាន៣គ្រាប់ដូចគ្នានេះក្នុងរដូវកាល ២០១៦-១៧។
ក្រោយបន្តធ្វើបាន hat-trick លើអតីតគូប្រជែងចាស់ Ronaldo បានប្រាប់ទូរទស្សន៍ Sky Sport របស់អុីតាលីថា៖«នេះជាមូលហេតុដែល Juventus ទិញខ្ញុំទៅរួមក្រុម ដើម្បីជួយពួកគេសម្រាប់ជ័យជម្នះដ៏អស្ចារ្យដូចយប់នេះអុីចឹង។ Atletico ជាក្រុមដ៏រឹងមាំដែលត្រូវប្រឈមមុខ ប៉ុន្តែយើងមានភាពខ្លាំងក្លាជាងហើយសមនឹងទទួលលទ្ធផលនេះ»។
នៅមុនជំនួបជើងទី១ និងមុនជើងទី២ដែលរបូត២គ្រាប់រួចទៅហើយនោះ ប៉ុន្តែអ្នកចាត់ការ Juventus លោក Massimiliano Allegri នៅតែដាក់ការទុកចិត្តលើអតីតខ្សែប្រយុទ្ធ Manchester United រូបនេះដដែល ដោយអះអាថារូបគេជាកីឡាករដែលមាន«អត្ថប្រយោជន៍ដ៏អស្ចារ្យ» នៅក្នុងក្របខណ្ឌ Champions League៕
Tag:
បាល់ទាត់
UEFA Champions League
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com