អន្តរជាតិ
ខ្យល់ព្យុះ​បានសម្លាប់​មនុស្ស​១៥០​នាក់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អាហ្វ្រិក​
19, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​មាន​មនុស្ស​ចំនួន​ជាង​១៥០​នាក់​បាន​ស្លាប់ និង​រាប់រយ​នាក់​ត្រូវ​បាត់​ខ្លួន​បន្ទាប់ពី​ខ្យល់ព្យុះ Idai បាន​វាយ​បោកបក់​កាត់​តំបន់​អាគ្នេយ៍​ប្រទេស​អាហ្វ្រិក ហើយ​ទីក្រុង​បេ​រ៉ា ប្រទេស ម៉ូ​សំ​ប៊ិក​ត្រូវ​វាយប្រហារ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​។​

 
​ក្រុម​បុគ្គលិក​សង្គ្រោះបន្ទាន់​របស់​អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​អន្ដរ​សហព័ន្ធ (IFRC) បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ដែលមាន​មហន្តរាយ​នោះ​ហើយ កាលពី​ថ្ងៃអាទិត្យ​ដើម្បី​វាយតម្លៃ​ស្ថានការណ៍​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។​
 
​អ្នកដឹកនាំ​ក្រុម​របស់​អង្ក​ការ IFRC លោក Jamie LeSueur បាន​ថ្លែងថា​បន្ទាប់ពី​បានធ្វើការ​វាយតម្លៃ​ពីលើ​យន្តហោះ បាន​បង្ហាញថា​តំបន់​នៃ​ទីក្រុង​បេ​រ៉ា​ប្រមាណ​៩០​ភាគរយ​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​។ ស្ថានការណ៍​នេះ​អាក្រក់​ណាស់ ទំហំ​នៃ​ការខូចខាត​មាន​ធំធេង​ណាស់​។​
 
​អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា​ពលរដ្ឋ​ជាង​១​លាន​៥​សែន នាក់​នៅក្នុង​ប្រទេស ម៉ូ​សំ​ប៊ិក ម៉ាឡាវី ស៊ីម​បា​វ៉េ រងគ្រោះ​ដោយ​ខ្យល់ព្យុះ​នេះ​។ ពលរដ្ឋ​រាប់ម៉ឺន​នាក់​ត្រូវ​រងគ្រោះ​ដោយសារ​មាន​កាត់ផ្តាច់​ផ្លូវថ្នល់ បណ្តាញ​ទូរ​សព្ទ ជាពិសេស​នៅ​តំបន់​ក្រីក្រ​និង​ជនបទ​។ ខ្យល់ព្យុះ​នេះ​បាន​បង្ក​ឲ្យ​មានការ​បាក់​ដី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ជិត​ទីក្រុង​បេ​រ៉ា​ជាប់មាត់​សមុទ្រ នៃ​ប្រទេស ម៉ូ​សំ​ប៊ិក ដែល​បាន​រង​ការ​វាយ​បោកបក់​ដោយ​ខ្យល់ព្យុះ​ដែលមាន​ល្បឿន​ជិត ២០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ខ្យល់ព្យុះ​នេះ​ក្រោយមក​បាន​បក់បោក​ឆ្ពោះទៅកាន់​ប្រទេស​ម៉ាឡាវី និង​ស៊ីម​បា​វ៉េ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com