ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នក​បាន​សិទ្ធិ​នយោបាយ​៦​រូប ប្រកាសថា «​មិន​បែក​ពី​សង្គ្រោះ​ជាតិ​ឡើយ​»
25, Mar 2019 , 1:27 pm        
រូបភាព
លោក អ៊ូ ច័ន្ទ​រ័ត្ន (កណ្តាល) និង អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង៤រូបទៀត ធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ជុំវិញការសុំសិទ្ធិនយោបាយរបស់ពួកគេ
លោក អ៊ូ ច័ន្ទ​រ័ត្ន (កណ្តាល) និង អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង៤រូបទៀត ធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ជុំវិញការសុំសិទ្ធិនយោបាយរបស់ពួកគេ
​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​៦​រូប គឺ លោក អ៊ូ ច័ន្ទ​រ័ត្ន លោក កង គឹម​ហាក់ លោក ជីវ កក្តា លោក ច័ន្ទ សិលា លោក ស៊ឹម សុវណ្ណនី និងលោកស្រី ទេព សុ​ទ្ធី ប្រកាសថា​ពួកគេ មិនបាន​ក្បត់​ឬ​ចាក​ចេញពី​អតីត​គណបក្ស​របស់​ពួកគេ​នោះទេ បើទោះជា​ពួកគេ បាន​សុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល ដែល​ខុសពី​បំណង​របស់​មេដឹកនាំ​ខ្លួន​ក៏ដោយ​។



តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ អ្នក​ទាំង​៦ នៅតែ​បង្ហាញ​ជំហរ​ទាមទារ​នូវ​អ្វី ដែល​ពួកគេ​ធ្លាប់​ទាមទារ​ពីមុនមក ដោយ​ក្នុងនោះ ពួកគេ បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ដែលជា​ប្រធាន និង​ស្នើ​ឲ្យ​រដ្ឋាភិបាល ពិចារណា ក្នុងការ​ផ្តល់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដល់​អតីតមន្ត្រី​គណបក្សប្រឆាំង​វិញ​។ សេចក្តីថ្លែងការណ៍ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​យើងខ្ញុំ នៅតែ​បន្ត​ប្រកាន់យក​គោលការណ៍​និង​ស្មារតី​របស់​សង្គ្រោះ​ជាតិ​ដដែល គឺ អហិង្សា ខ្មែរ​តែមួយ មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ និង​បន្ត​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​»​។​
 
​បន្ថែម​ពី​សេចក្តីថ្លែងការណ៍ លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​និយាយថា ពួកលោក មិនមាន​បំណង​បង្កើត​គណបក្ស​ថ្មី​ឡើយ​។ ក្នុង​សន្និសីទកាសែត លោក បានបញ្ជាក់​បែបនេះ​ថា​៖«​យើង​នៅតែ ប្រកាន់​ជំហរ​និង​បន្តជីវិត​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទោះជា​មិនមាន​រូបរាង​នៅ​កម្ពុជា​ក៏ដោយ​»​។ 
 
​លោក អ៊ូ ច័ន្ទ​រ័ត្ន បំភ្លឺថា ការសុំ​សិទ្ធិ​នយោបាយ​នេះ គឺជា​ឆន្ទៈ​និង​ជាការ​សម្រេចចិត្ត​របស់​ពួកលោក ដោយ​មិនមាន​ការជំរុញ​ឬ​ការទិញ​នោះទេ​។ លោក បាន​ហៅ​ការចោទប្រកាន់​បែបនេះ​ថា ជាការ​លាប​ពណ៌ ហើយ​លោក បានស្នើ​ឲ្យ​បញ្ឈប់​។ 
 
​លោក ថ្លែង​បែបនេះ​ថា​៖«​យើង​អត់​បាន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ​។ យើង​នៅតែ​តស៊ូ​នយោបាយ ដើម្បី​ប្រទេស​និង​ប្រជាពលរដ្ឋ​របស់​យើងទាំងអស់គ្នា ទោះ​ស្ថិតក្នុង​កាលៈទេសៈ​បែបណា​ក៏ដោយ​»​។ 
 
​អ្នក​ទាំង​៦ បានទទួល​សិទ្ធិ​នយោបាយ​វិញ​នៅ​ពាក់កណ្តាល​ខែមីនា​នេះ តាមរយៈ​ព្រះរាជក្រឹត្យ ដែល​ចេញ​ដោយ​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី​។ ៣​នាក់​ទៀត គឺ​លោក គង់ គាំ លោក គង់ បូរ៉ា និង លោក រៀល ខេ​ម​រិ​ន្ទ្រ ទទួលបាន​សិទ្ធិ​នយោបាយ​មុន​អ្នក​ទាំង​៦​។ 
 
​លោក គង់ គាំ បាន​ធ្វើជា​ប្រធានកិត្តិយស​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលមាន​កូនប្រុស​ពៅ​របស់លោក គឺ​លោក គង់ មុនី​កា ជា​ប្រធាន​។ ចំណែក លោក គង់ បូរ៉ា បាន​ទៅសុំ​បម្រើ​ការងារ​ក្នុង​នាយក​រដ្ឋា​ន​សុខភាព​សត្វ​នៃ​ក្រសួងកសិកម្ម ដែលជា​កន្លែង​ក្របខណ្ឌ​ចាស់​របស់លោក​ពីមុន​។ រីឯ លោក រៀល ខេ​ម​រិ​ន្ទ្រ ឮថា​ចង់​បង្កើត​គណបក្ស​ថ្មី តែ​ព័ត៌មាន​នេះ នៅ​មិនទាន់​ច្បាស់លាស់​នោះទេ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អាជ្ញាធរ ឲ្យ​សម្រួល​ដល់​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដែល​ទទួលបាន​សិទ្ធិ​នយោបាយ ក្នុង​ការធ្វើសកម្មភាព​នយោបាយ​និង​ការជួបជុំ​អ្នកគាំទ្រ​។ ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដែល​មិនទាន់​ទទួលបាន​សិ​ទិ្ធ​នយោបាយ ហើយ​នៅ​បន្តធ្វើ​សកម្មភាព​នយោបាយ​។ 
 
​លោក សម រង្ស៊ី ប្រឹង​អំពាវនាវ​ពី​ក្រៅប្រទេស​ជាច្រើនលើក កុំ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ទៅសុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល​។ លោក ស្នើ​ឲ្យ​ក្រុ​ប្រឆាំង​បន្ត​រួមគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាមុនសិន ហើយ​បន្ទាប់មក​ចាំ​គិតគូរ​រឿង​ផ្សេង​។  
 
​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ បានចាត់ទុក​ការសុំ​សិទ្ធិ​នយោបាយ ថា​ដូចជា​គាំទ្រ​រដ្ឋាភិបាល ឲ្យ​បន្ត​ឃុំ​លោក កឹម សុខា ហើយក៏​មិនអាច​ធ្វើ​ឲ្យ​អតីត​គណបក្សប្រឆាំងរ​ស់​ឡើងវិញ​ដែរ​។ លោក ថែមទាំង​ចាត់ទុក អ្នក​ដែល​ទៅសុំ​សិទ្ធិ​នយោបាយ ថា​ជា​ជន​ក្បត់បក្ស​ថែមទៀត​។ 
 
​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំងអស់ មាន​១១៨​នាក់ (​ស្លាប់​ម្នាក់​) ដែល​ត្រូវបាន​តុលាការ​កំពូល ដកសិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ តែ​ពេលនេះ មាន​៩​នាក់​ហើយ ដែល​បាន​សិទ្ធិ​នយោបាយ​វិញ បន្ទាប់ពី​ពួកគេ ធ្វើសំណើ​៕ 
 
    

Tag:
 អ៊ូ ច័ន្ទ​រ័ត្ន​
  សិទ្ធិ​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com