លោក កាំ​ង ម៉ូ​និ​កា ស្នើ​ឲ្យ​វិស័យ​ឯកជន​បើកប្រាក់​ខែ​ជា​ប្រាក់រៀល ដើម្បី​លើកកម្ពស់​មោទនភាពជាតិ
ជាតិ
សេដ្ឋកិច្ច
លោក កាំ​ង ម៉ូ​និ​កា ស្នើ​ឲ្យ​វិស័យ​ឯកជន​បើកប្រាក់​ខែ​ជា​ប្រាក់រៀល ដើម្បី​លើកកម្ពស់​មោទនភាពជាតិ
26, Mar 2019 , 10:19 pm        
រូបភាព
​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល បានស្នើ​ឲ្យ​វិស័យ​ឯកជន ប្រើប្រាស់​រូបិយ​វ​ត្តុ​ជាតិ​ឲ្យ​បាន​ច្រើន​តាមរយៈ​ការបើក​ប្រាក់ខែ​ដល់​បុគ្គលិក​របស់ខ្លួន​ជា​ប្រាក់រៀល​។ នេះ​ជាការ​លើកឡើង​របស់លោក កាំ​ង ម៉ូ​និ​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សារ​ប្រាក់​ឈ្នួល នៅក្នុង​ខួប​លើក​ទី​៣៩ នៃ​ការដាក់​ឲ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩​នេះ​។

 
 
​លោក កាំ​ង ម៉ូ​និ​កា បាន​អះអាងថា បច្ចុប្បន្ន​សមាគម​រោងចក្រ​កាត់ដេរ​របស់លោក មាន​សមាជិក​ប្រមាណ​៦០០​រោងចក្រ ដែលមាន​កម្មករ​ជាង​៧៤​ម៉ឺន​នាក់ ក្នុង​ទំហំ​ប្រាក់​ឈ្នួល​ប្រមាណ​៣​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។ ដូច្នេះ ប្រទេស​កម្ពុជា មិនមែនជា​ប្រទេស​កសិកម្ម​ទៀត​ទេ ខណៈ​វិស័យ កសិកម្ម ត្រូវបាន​ជំនួស​ដោយ​វិស័យ​ឧ​ស្សហកម្ម និង​សេវាកម្ម​។ 
 
​លោក កាំ​ង ម៉ូ​និ​កា បាន​បន្តថា ការបើក​ប្រាក់ខែ​ឲ្យ​កម្មករ​នៅតាម​បណ្តា​រោងចក្រ​ទាំងនោះ ធ្វើ​ឡើងជា​ប្រាក់​ដុល្លារ​នៅឡើយ ដូច្នេះ​ខាង​លោក កំពុង​ចរចា​ជាមួយ​វិស័យ​ឯកជន​ទាំងនោះ ឲ្យ​បើក​ប្រាក់ខែ​ដល់​កម្មករ​ជា​ប្រាក់រៀល​។ លោក បានបង្ហាញ​ជំហរ​ថា ខាង​លោក​បាន​គាំទ្រ​ចំពោះ​ការកំណត់​ប្រាក់​ឈ្នួល​ជា​ប្រា​ក់រៀន​។   
 
​សមាជិក​ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​រូបនេះ និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​ឆ្នាំ​ថ្នី​នេះ មានការ​ផ្លាស់ប្តូរ​ខ្លះ​តាមរយៈ​ច្បាប់​សម្រាប់​កំណត់​ប្រាក់​ឈ្នួល​អ​បរិ​មា យើង នឹងមាន​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល ហើយ​ខ្ញុំ​ក៏បាន​ក្លាយជា​សមាជិក​ម្នា​ក់នៅ​ក្នុង​ក្រុម​ចរចា​ប្រាក់​ឈ្នួល​នោះ​ផងដែរ ហើយ​អ្វីដែល​យើង​បាន​ស្នើសុំ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ គឺ​បាន​ស្នើថា​កំណត់​ប្រាក់​ឈ្នួល​ជា​រូបិយ​វ​ត្តុ​ជាតិ​របស់​យើង គឺជា​ប្រាក់រៀល​។ ខ្ញុំ​គិតថា ចំណុច​នេះ បើ​និយាយ​ជាមួយ​ធនាគារជាតិ​ប្រហែលជា​មិនមាន​បញ្ហា​នោះទេ នឹង​ទទួលបាន​នូវ​ការគាំទ្រ​ច្រើន ប៉ុន្តែ​យើង​ប្រហែល​ត្រូវការ​ពេលវេលា​បន្តិចទៀត តាម​ដែល​ខ្ញុំ​គិត​មើលទៅ​ដើម្បី​ទាក់ទាញ​ការគាំទ្រ​បន្ថែមទៀត​ពី​ក្រសួង​សេដ្ឋកិច្ច ប្រហែល​ក្រសួង​គិតគូរ​វែងឆ្ងាយ​ពី​ផលប៉ះពាល់​ផ្នែក​ផ្សេងៗ​នៃ​សេដ្ឋកិច្ច​។ ប៉ុន្តែ​ជា​ទស្សនវិស័យ​របស់​យើង​ជា​អ្នកវិនិយោគ គឺ​យើង​បាន​គាំទ្រ​ទៅលើ​ការកំណត់​ប្រាក់​ឈ្នួល​ជា​ប្រាក់រៀល​នេះ ប្រសិនបើ​អាច​»​។ 
 
​លោក បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​អ្នកវិនិយោគ​គិ​ន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ពង្រឹង​ការប្រើប្រាស់​ប​ន្តែ​ម​ទៀត​។ ហើយ​ចំពោះ​ធនាគារជាតិ​ពង្រឹង​ការគ្រប់គ្រង​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​លើ​វិស័យ​ហិរញ្ញ​វ​ត្តុ និង​ជំរុញ​ការអប់រំ និង​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រាក់រៀល​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​លើកកម្ពស់​មោទនៈ​ជាតិខ្មែរ​។ 
 
​លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​កម្ពុជា បាន​ថ្លែង​ក្នុង​ខួប​លើក​ទី​៣៩​ឆ្នាំ​នៃ​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រាក់រៀល​ថា ធនាគារជាតិ​កម្ពុជា នឹង​បន្ត​អនុវត្ត​គោលនយោបាយ និង​វិធានការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល​បន្ថែមទៀត ដោយ​ផ្អែកលើ​យន្តការ​ទីផ្សារ ស្ថានភាព​ជាក់ស្ដែង​។ លើសពីនេះ ធនាគារជាតិ​និង​សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​លើ​ការអនុវត្ត​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ 
 
​លោកស្រី បញ្ជាក់ថា​៖«​រូបិយវត្ថុ គឺជា​តំណាង​នៃ​អត្តសញ្ញាណ​ជាតិ និង​ជា​មោទនភាព​ជាតិ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ លើសពីនេះ រូបិយវត្ថុ បានរួម​ចំណែក​ពង្រឹង​ឯករាជ្យភាព​នៃ​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។ 
 
​លោកស្រី បន្តទៀតថា ការប្រើប្រាស់​ប្រាក់រៀល នឹងធ្វើ​ឲ្យ​ប្រទេស​ទទួលបាន​ប្រាក់ចំណូល​ពី​ការបោះពុម្ព​រូបិយ​វ​ត្តុ ដែល​ធ្វើ​ឲ្យ​ថវិកា​នៃ​ធនាគារជាតិ​កើនឡើង​។ 
 
​លោក ដុស ឌី​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រិ​ត បាន​អះអាងថា ស្ថាប័ន​របស់លោក​បាន​ប្រើប្រាស់​ប្រាក់រៀល​ជា​គោល មានដូចជា ការកត់ត្រា​នានា ប្រាក់ខែ ប្រាក់​លើកទឹកចិត្ត បុគ្គលិក ជា​លុយ​រៀល​ទាំងអស់​។ ហើយ​ក្នុងពេល​បច្ចុប្បន្ននេះ អ​ម្រិ​ត​មាន​ប្រាក់កម្ចី​ជា​ប្រាក់រៀល​ប្រមាណ​២០​ភាគរយ នៃ​កម្ចី​សរុប​របស់ខ្លួន ដែល​ចំនួន​នេះ​លើសពី​ការកំណត់​របស់​ធនាគា​ជាតិ​ទៀតផង​។ លោក បន្តថា លោក​នឹង​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ស្ថាប័ន​របស់ខ្លួន ឲ្យ​មាន​ចំនួន​ច្រើន​បន្ថែមទៀត​។ 
 
​លោក​បាន​និយាយ​បែបនេះ​ថា​៖«​ដើម្បី​ចូលរួម​ក្នុងការ​លើកកម្ពស់​ប្រាក់រៀល តាមរយៈ​គោលនយោបាយ​របស់​ធនា​គារ​ជាតិ ទី​១ យើង នឹង​បន្ត​អនុវត្ត​យន្តការ​ដែល​យើង​មាន បញ្ជី​ការ​របស់​យើង​ទាំងស្រុង​គឺ​កត់ត្រា​ជា​ប្រាក់រៀល ទី​២ ការចំណាយ​ក្នុង​ស្ថាប័ន​នឹង​បន្ត​ការប្រើប្រាស់​ជា​ប្រាក់រៀល ហើយ​ទី​៣ យើង​នឹង​លើកទឹកចិត្ត​ដល់​អតិថិជន​ឲ្យ​ងាក​មក​ប្រើ​ប្រាក់រៀល ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ទៅលើ​ការ​ប្តូរប្រាក់​»៕
 

Tag:
 ប្រាក់រៀល​
  កាំ​ង ម៉ូ​និ​កា​
© រក្សាសិទ្ធិដោយ thmeythmey.com