ONE Championship
កីឡាជាតិ
ជាតិ
ក្រោយ​មេរៀន​បរាជ័យ គង់ សំបូរ ខំប្រឹងប្រែង​សម្រាប់​ឱកាស​លើក​ក្រោយ​នៅ One Championship
28, Mar 2019 , 8:59 am        
រូបភាព
ដោយ​៖ ស៊ី​ធី  
 
​កីឡាករ​ប្រដា​ល់វ័យ ២៣ ឆ្នាំ គង់ សំបូរ កំពុង​សំងំ​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា​នៅ​ក្លិប​ប្រដាល់ «​អាណាចក្រ​ប្រយុទ្ធ​» នា​ទឹកដី​ខេត្តសៀមរាប ក្រោម​ការ​បង្វឹក​របស់​លោក ជា រិ​ទ្ធ ក្នុង​ការដាក់​គោលដៅ​យកជ័យ​ជម្នះ​ឲ្យ​ខាងតែបាន បើសិនជា​មានការ​ប្រកួត​បន្ទាប់​នៅ​សង្វៀន One Championship ឬ ជាការ​ប្រកួត​សងសឹក​ទល់នឹង​កីឡាករ Zhang Chenlong របស់​ចិន​។

 
​ការតាំង​ចិត្ត​យ៉ាង​ដូច្នេះ បន្ទាប់ពី អតីត​កូនសិស្ស​របស់លោក ធន់ សុភា ចាញ់​ពិន្ទុ​កីឡាករ Zhang Chenlong របស់​ចិន កាល​ខែ កុម្ភៈ កន្លងមក​នៅ​សិង្ហ​បុរី ដែលជា​ការប្រកួត​នៅលើ​សង្វៀន​លំដាប់​ពិភពលោក​លើក​ទី​១​។ បញ្ហា​ប្រឈម ប្រឈម​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​មិន​សមប្រកប​នេះ ត្រូវបាន សំបូរ ទម្លាយ​ថា ការមិន​ទាន់​សុំា​ទៅនឹង​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ដោយ​យន្តហោះ និង ការ​ញុំ​ា​អាហារ​នៅ សិង្ហ​បុរី ជាដើម​។​
 
​បែបណា​ក្ដី អតីត​កូនសិស្ស​ក្លិប​ប្រដាល់​ការពារជាតិ សារភាពថា ៖«​ខ្ញុំ​ចាញ់​កម្លាំង Zhang ហើយ​គេ​ខ្ពស់ជាង ខ្ញុំ​ខ្លី​ជាងគេ ...​គេ​វែង​ហើយ​រហ័ស​ទៀត ដូច្នេះ​ខ្ញុំ​មិនអាច​ចូល​ផ្ដេសផ្ដាស​លើ​គេ​បានទេ​។ ខ្ញុំ​ត្រូវ​វ៉ៃ​ចូល ហើយ​ចេញ​ឲ្យ​លឿន ហើយ ម្យ៉ាងទៀត នៅ​កម្មវិធី​នោះ គេ​មិន​ឲ្យ​យើង​ចូល​វ៉ៃ​កៀក​ពេក​ដែរ ខ្លាច​យើង​ប្រើ​កែង​។ ពេលនោះ​ខ្ញុំ​ដឹង បើសិន​ខ្ញុំ​ហ៊ាន​ប្ដូរ ខ្ញុំ​ច្បាស់​ជា​សន្លប់ ហើយ មានមតិ​រិះគន់​កាន់តែច្រើន​។ ហ្នឹង​ខ្ញុំ​ខំព្យាយាម​តស៊ូ​ដល់​ទឹក​៣ ផង​នៅតែមាន​បងប្អូន​គាត់​រិះគន់​ខ្លះ​។ យ៉ាងណាក្ដី ខ្ញុំ​បាន​រៀប​សូត្រ​ពី​ការប្រកួត​នេះ​ច្រើន ហើយ បើ​មានការ​ប្រកួត​លើក​ក្រោយ​កម្រិត​ប្រហែល​នេះ ឬ ការសង​សឹក ខ្ញុំ​នឹង​អាច​ឈ្នះ​ជាមិនខាន​។​»
 
​គង់ សំបូរ ដែល​ទើប​វ៉ៃ​កីឡាករ​ក្នុងស្រុក ហុត គឹម​ហៀ​ង មកពី​ក្លិប​ប្រដាល់​ក្រសួងមហាផ្ទៃ​ឲ្យ​សន្លប់​ទឹក​ទី​៣​ថ្មីៗ​នេះ រំលឹក​ទៀតថា គេ​បាន​មើល​វីដេអូ​របស់ Zhang ដែល​វ៉ៃ​ខាវ​បានល្អ​ណាស់ ជាពិសេស​កីឡាករ​ចិន​រូបនេះ​ចង់​វ៉ៃ​ឲ្យ​គេ​សន្លប់​នៅ​ទឹក​ទី ៣​តែម្ដង ហើយ នេះ​ជា​រឿង​ដែល សំបូរ ប្រុងប្រយ័ត្ន​ខ្ពស់​។ កីឡាករ​គុន​ខ្មែរ​រូបនេះ​រៀបរាប់​ទៀតថា តាំងពី​ប្រកួត One Championship មក ខ្លួន​ទើប​ឡើង​វ៉ៃ​បាន​ម្ដង​ប៉ុណ្ណោះ ពេល​ឈ្នះ ហុត គឺ​ម​ហៀ​ង នៅ​សង្វៀន ស៊ី​អិន​ស៊ី ប៉ុន្តែ គេ​នៅតែ​ប្រឹង​ហាត់​ខ្លាំង​តាមតែ​អាចធ្វើ​ទៅបាន​ដើម្បី​មានឱកាស​ទៅ​វ៉ៃ​នៅក្រៅ​ប្រទេស​។ 
 
​អ្នកលេង​គុន​ខ្មែរ​ដដែល​គូសបញ្ជាក់​ទៀតថា ៖«​ខ្ញុំ​ហ្វឹកហាត់​ជាប្រចាំ​រាល់ថ្ងៃ​មិន​ធ្វេសប្រហែស​ឡើយ នៅ​ក្លិប អាណាចក្រ​ប្រយុទ្ធ នៃ​ខេត្តសៀមរាប​។ ហើយ​មួយទៀត ខ្ញុំ​ក៏​តម​អាហារ​ដែរ អាហារ​ណា​ត្រូវ​ញុំា និង អាហារ​ណា​មិនត្រូវ​ញុំ​ា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កម្លាំង​។​» 
 
​ទាក់ទិន​នឹង​ការប្រកួត​កម្រិត​អន្តរជាតិ​នៅ​សិង្ហ​បុរី​លើកដំបូង លោក ជា រិ​ទ្ធ ដែលជា​គ្រូបង្វឹក​របស់ សំបូរ បាន​ទទួលស្គាល់ថា កូនសិស្ស​ខ្លួន​ពិតជា​ចាញ់​កម្លាំង​កីឡាករ​ចិន រួមទាំង​បទពិសោធន៍​ខ្ចី និង ការហូបចុក​ក៏​ជា​ចំណែក​ប្រឈម​ដែរ​។ ទោះយ៉ាងណា​ឆ្លងកាត់​ការប្រកួត​ខាងលើ លោក​មានការ​ជឿជាក់ថា កូនសិស្ស​របស់លោក​នឹង​ទទួលបាន​លទ្ធផល​ល្អ​នា​ការប្រកួត​លើក​ក្រោយ​។ 
 
​គួរ​ដឹង​ដែរ​ថា គង់ សំបូរ ទើបតែ​ឡើង​វ៉ៃ​នៅ​សង្វៀន One Championship បាន​ម្ដងគត់​កាល​ចុងខែ កុម្ភៈ កន្លងទៅ​នៅ​សិង្ហ​បុរី​។ ប៉ុន្តែ បើ​និយាយ​អំពី​កំណត់ត្រា​ទូទៅ គេ​ឡើង​ប្រកួត​លើស​ង្វៀន​សរុប​បាន​ចំនួន ៨៥ លើក​ហើយ ដែល​ក្នុងនោះ ឈ្នះ ៦៩ និង ចាញ់ ១៦ ដង​។ សំបូរ ប្រឡូក​ក្នុង​សង្វៀន​ប្រដាល់​គុន​ខ្មែរ តាំងពី​ឆ្នាំ ២០០៦ មកម្ល៉េះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com