ជាតិ
ជនជាតិដើម​នៅ​រតនគិរី​ឈ្នះ​បាន​ដី​ដូនតា​ពី​ក្រុមហ៊ុន​វៀតណាម​
28, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​សហគមន៍​ជនជាតិដើម​និង​សកម្មជន​ដីធ្លី​ទទួលបាន​ជោគជ័យ​ថ្មី​មួយ នៅពេលដែល​អាជ្ញាធរ​សម្រេចបាន​ដកហូត​ភ្នំ​និង​តំបន់​សក្តិ​សិទ្ធ​ពី​ក្រុមហ៊ុនចំការកៅស៊ូ​វៀតណាម ហើយ​ប្រគល់ជូន​សហគមន៍​នៅ​ខេត្តរតនគិរី​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ​សមធម៌​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​។​

 
​សកម្មជន​សិទ្ធិ​ដីធ្លី​បាន​សរសើរ​រដ្ឋាភិបាល​ចំពោះ​ការសម្រេច​នេះ ប៉ុន្តែ​ពួកគេ​នៅ​បន្ត​ទាមទារ​ឱ្យ​ក្រុមហ៊ុន ហ៊​ង​អា​ញ់ យ៉ា​ឡាយ (Hoang Anh Gia Lai (HAGL)) របស់​វៀតណាម ជួសជុល​ការខូចខាត​និង​ផ្តល់​សំណង​ដល់​សហគមន៍​ជាមុនសិន មុននឹង​ពួកគេ​បញ្ចប់​ការទាមទារ​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មកនេះ​។​
 
​ផ្ទៃដី​សរុប​ដែល​ត្រូវ​កាត់​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ប្រគល់​មកវិញ​នោះ មាន​ចំនួន ៧៤២,២៦ ហិកតា ដែល​គ្របដណ្តប់​លើ​ភ្នំ​អារក្ស ចំនួន ២០ និង​ទីសក្ការៈ​ជាច្រើន​ទៀត​របស់​ពលរដ្ឋ​ចំនួន ១២ ភូមិ ក្នុងស្រុក​អូ​ជុំ និង​ស្រុក​អណ្តូង​មាស​។ នេះ​បើតាម​ឯកសារ​របស់​ក្រសួងមហាផ្ទៃ​ដែល VOA ទទួលបាន​។ ការប្រកាស​ពី​ការប្រគល់​នេះ​បានធ្វើ​ឡើង នៅ​សាលាខេត្ត​រតនគិរី​កាលពី​ថ្ងៃ​អង្គារ​។​
 
​លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា បានបញ្ជាក់​ប្រាប់ VOA ថា​៖
 
«​សហគមន៍​មានការ​ត្រេកអរ នៅពេល​ដែលមាន​ដំណោះស្រាយ​ខាងលើនេះ ប៉ុន្តែ​ខាង​សហគមន៍​គាត់​ចង់ឱ្យ​បន្ត​នូវ​ការជជែក​គ្នា ផ្តល់​ដំណោះស្រាយ​នូវ​អ្វីដែល​គាត់​បាត់បង់​។ ជាពិសេស​ផ្លូវ​និង​ស្ពាន ដែល​ខូច និង​ប្រភពទឹក ដោយសារ​នោះ​ជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែ​រ‍​»​។​
 
​លោកស្រី ដាំ ច​ន្ធី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ខ្មែរលើ បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការសម្រេចចិត្ត​នេះ​តំណាងឱ្យ​ការទទួលស្គាល់ ដែល​មិន​ធ្លាប់មាន​ពីមុនមក​នូវ​សិទ្ធិ​ជនជាតិដើម ជាជាង​ការផ្តល់​តម្លៃ​ដល់​ផលប្រយោជន៍​ឈ្មួញ​។​
 
​លោកស្រី​បាន​បន្ថែមថា​៖
 
«​យើង​សូម​សរសើរ​រដ្ឋាភិបាល​ចំពោះ​ការធ្វើ​កិច្ចការ​ត្រឹមត្រូវ និង​ដ​ម្ក​ល់​ផលប្រយោជន៍​ពលរដ្ឋ​ជា​ធ‍ំ​»​។​
 
​បើទោះបីជា​សហគម​ន៍ស​រ​សើរ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល ប៉ុន្តែ​ពួកគេ​ក៏​នៅ​បន្ត​ប្តឹងទៅ​ស្ថាប័នហិរញ្ញវត្ថុ​របស់​ធនា​គារ​ពិភពលោក ដែលជា​អ្នកផ្តល់​ថវិកា​វិនិយោគ​ដល់​ក្រុមហ៊ុន HAGL ដោយសារតែ​ក្រុមហ៊ុនចំការកៅស៊ូ​មួយ​នេះ​បាន​ដកខ្លួន​ជា​ឯកតោភាគី​ពី​ការសម្របសម្រួល​នានា ដោយ​មិន​ព្រម​ជួសជុល​ការ​ខូ​ត​ខាត​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ​សមធម៌​កម្ពុជា​។​
 
​លោក អៀង វុទ្ធី បានបញ្ជាក់​បន្ថែមថា​៖
 
«​នៅ​ចុង​ក្រោយនេះ គឺ​គាត់​នៅ​មិនទាន់​អនុវត្ត​កិច្ចសន្យា ដូច​មានចែង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ដោយ​គាត់​សន្យាថា គាត់​នឹង​ធ្វើការ​ស្តារឡើងវិញ​ទៅលើ​ប្រភពទឹក ឬក៏​ផ្លូវ​ដែល​ខូចខាត ជាពិសេស​ទ្រព្យសម្បត្តិ​ដែល​គាត់​ធ្វើឱ្យ​ខូចខាត​កន្លងមកហើយ ប្រជាពលរដ្ឋ​សុំឱ្យ​គាត់​ធ្វើ​ការស្តារ និង​ផ្តល់​ជា​ដំណោះស្រាយ​ទៅលើ​បញ្ហា​ទាំងអស់​ន‍ោះ​»​។​
 
​មាន​អង្គការ​ចំនួន​បី ដែល​កំពុងតែ​ជួយ​តំណាង​ពលរដ្ឋ​ក្នុងការ​ដាក់ពាក្យ​បណ្តឹង​នេះ ក្នុងនោះ​មាន​អង្គការ​សមធម៌​កម្ពុជា អង្គការ​ខ្មែរលើ និង​អង្គការ​អភិវឌ្ឍន៍ ដែលមាន​ការចូលរួម​អន្តរជាតិ​។ VOA នៅ​មិនទាន់​អាចទាក់ទង​នឹង​តំណាង ក្រុមហ៊ុន ហ៊​ង​អា​ញ់ យ៉ា​ឡាយ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ពុធ​នេះ​។​
 
​លោក សេវ សឿន តំណាង​សហគមន៍​មកពី​ភូមិ​កក់ បាន​បញ្ជាក់ថា លោក​សប្បាយរីករាយ​ដែល​ទទួលបាន​ដីស​ក្តិ​សិទ្ធិ​របស់​ដូនតា​មកវិញ ក៏ប៉ុន្តែ​ប្តេជ្ញា​ថា នឹង​បន្ត​ការតស៊ូ​រហូត​ទាល់តែ​ក្រុមហ៊ុន​ជួសជុល​ការខូចខាត​ព្រៃ និង​ប្រភពទឹក និង​ផ្តល់​សំណង​ដល់​សហគមន៍​រងគ្រោះ​។​
 
​ក្រុមហ៊ុន​វៀតណាម ហ៊​ង​អា​ញ់ យ៉ា​ឡាយ (Hoang Anh Gia Lai) បានចាប់ផ្តើម​ប្រតិបត្តិការ​ឈូសឆាយ​លើដី​សម្បទាន ៤​ម៉ឺន ៧​ពាន់ ហិកតា ក្នុង​ខេត្តរតនគិរី ក្រោយពី​ទទួលបាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ ២០១០ ដែល​ក្រុម​អង្គការ​ឃ្លាំមើល​ផ្នែក​បរិស្ថាន​និង​សិទ្ធិ​លំនៅដ្ឋាន បាន​អះអាងថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​មិនផ្ទាល់​ដល់​ពលរដ្ឋ​យ៉ាងតិច ២​ពាន់ គ្រួសារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com