ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា រំពឹង​កម្ពុ​ជាមាន​ធនធាន​គុន​ចម្រុះ MMA ល្អៗ​ប្រកួត​លើ​ឆាក​អន្តរជាតិ
28, Mar 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកលេង​គុន​ចម្រុះ ចាន់ រតនា ជឿជាក់ថា នឹងមាន​អ្នកលេង​គុន​ជម្រុះ ឬ​អ្នកលេង​ក្បាច់ MMA កាន់តែ​ល្អប្រសើរ​ឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ពី​៣​ទៅ​៥​ឆ្នាំ​ខាងមុខ​។ ព្រោះ​បច្ចុប្បន្ននេះ មិនសូវមាន​អ្នកលេង​គុន​ចម្រុះ​ច្រើន​ប៉ុន្មាន​ទេ ដោយសារ​ពួកគេ​ទើប​ចាប់ផ្ដើម​ហ្វឹកហាត់​ក្នុងនាម​ជា​យុវជន​ថ្នាល​នៅ​ក្លិប​មួយចំនួន​។​

 
​ចាន់ រតនា បង្ហើប​ថា អ្នកលេង​ក្បាច់គុន MMA លេចធ្លោ​នៅ​កម្ពុជា​នៅមានកម្រិត​តិចតួច ដូចជា​រូបគេ​ផ្ទាល់​, សឹម ប៊ុន​ស្រន់​, ថៃ រិទ្ធី , មាស ម៉ើ​, ខុន ស៊ី​ចាន់​, រិ​ន សា​រ័ត្ន និង លាង ស្រី​ពេជ្រ ជាដើម​។ ហើយ​ចំណែក​លទ្ធផល​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស មិនទាន់​ទទួលបាន​លទ្ធផល​ល្អ​ពេញលេញ​នោះឡើយ ដែល​តម្រូវ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ​បន្ថែមទៀត​។​
 
​អ្នកលេង​យុទ្ធ​ក្រម​ខម បញ្ចេញ​ទស្សនៈ​ទៀតថា លទ្ធផល​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​មិនទាន់មាន​កំណត់ត្រា​ល្អប្រសើរ​នោះទេ​
​ដោយសារ​គុន​ចម្រុះ​នៅ​កម្ពុជា​មិនទាន់មាន​ការប្រកួត​ញឹកញាប់​ដូច​គុន​ខ្មែរ​។ ដូច្នេះ គុន​ចម្រុះ​នៅ​កម្ពុជា​ត្រូវខិតខំ​បន្តទៀត ដើម្បី​ទទួលលទ្ធផល​កាន់តែ​ល្អប្រសើរ ដោយ​ផ្ដោតលើ​ការហ្វឹកហាត់​ច្បាស់លាស់ និង​មានការ​ប្រកួត​ទៀងទាត់​។ អ្នកលេង​គុន​ចម្រុះ​ដដែល​រូបនេះ​ប៉ាន់​ស្មានថា កីឡាករ MMA នៅ​ស្រុក​ខ្មែរ​មិនមាន​ច្រើន​ឡើយ​ហើយ បើ​សរុប​ទាំង​ជើងចាស់​ទាំង​ជើង​ថ្មី មាន​ប្រហែល​ត្រឹម​ពី​៣០​ទៅ​៤០​នាក់​ប៉ុណ្ណោះ​។​
 
​គ្រូបង្វឹក​នៅ​ក្លិប​ប្រដាល់​សិល្បៈ​រូបនេះ​បញ្ជាក់ទៀតថា​៖«​ខ្ញុំ​រំពឹងថា ពី​៣​ទៅ​៥​ឆ្នាំ យើង​អាចមាន​កីឡាករ​ល្អៗ​ផ្នែក MMA បន្តវេន ព្រោះ​ឥឡូវ​មាន​ក្លិប​បង្ហាត់ MMA មួយចំនួន​ត្រូវបាន​បង្កើតជា​បន្តបន្ទាប់​ដូចជា Cambodian Top Team, ក្លិប​សិល្បៈ​របស់ខ្ញុំ និង​ក្លិប​ពីរ​បី​ទៀត​»​។​
 
​គ្រូបង្វឹក​វ័យក្មេង​រូបនេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រកួត​គុន​ចម្រុះ​នឹង​កើតឡើង​មាន​វិញ​ក្រោយ​ខកខាន​ជា​យូរ​ឆ្នាំ ដែល​កាលនោះ​ក្រុមហ៊ុន CBS បានរៀបចំ​កាល​ឆ្នាំ​២០១៣ ប៉ុន្តែ​មិនបាន​យូរ​ប៉ុន្មាន​ក៏​ស្ងាត់​ទៅវិញ​រហូតដល់​បច្ចុប្បន្ន​។ ការរំពឹង​នេះ​កើតឡើង​បន្ទាប់ពី​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​(CMMA) ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៨ ដែលមាន​លោក វ៉ា​ត់ ចំរើន ជា​ប្រធាន​។​
 
​លោក ហ៊ុន ច័ន្ទ​រាជ្យ គ្រូបង្វឹក​ក្លិប Cambodian Top Team ធ្លាប់​បញ្ចេញ​ទស្សនៈ​ថា​៖«​ចំពោះ​ធនធាន​កីឡាករ MMA វិញ យើង​ខ្វះ​ទាំង​គ្រូ​ជំនាញ ទាំង​កីឡាករ និង​ក្មេងៗ​ថ្នាល ព្រោះ​ក្លិប​មាន​តិច អត់​សូវ​ពេញនិយម ហើយ​អ្នក​ហាត់​បាន​ត្រឹម​ឡាំ​ជាមួយ​មិត្ត​រួម​ក្លិប អត់​មាន​សង្វៀន​វៃ​ក្នុងស្រុក ទើប​យើង​ពិបាក​រក​កីឡាករ​ថ្មីៗ​មក​ជំនួស ខណៈ​កីឡាករ​បច្ចុប្បន្ន​មាន​វ័យ​កាន់តែ​ជ្រេ​។​ហេតុនេះ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឲ្យ​ខ្លាំង​ថែមទៀត​លើ​បញ្ហា​អ្នក​បន្តវេន​នេះ​»​។ 
 
​គួរ​បញ្ជាក់ថា ចាន់ រតនា ឡើង​សង្វៀន​ប្រកួត​គុន​ចម្រុះ ឬ MMA បាន​ចំនួន​៨​ដង ក្នុងនោះ​ឈ្នះ​៥​ដង​និង​ចាញ់​ចំនួន​៣​ដង​។ ប្រកួត​ចុងក្រោយ​នៅ​សង្វៀន One Championship ចាន់ រតនា បាន​ផ្តួល​កីឡាករ​គុន​ចម្រុះ ABRO Fernandez មកពី​ឥណ្ឌូណេស៊ី​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹក​ទី​២​នៅលើ​សង្វៀន Putra Indoor Stadium នៅ​ម៉ាឡេស៊ី កាលពី​ខែធ្នូ ឆ្នាំ ២០១៨៕ 

© រក្សាសិទ្ធិដោយ thmeythmey.com