អត្ថបទពាណិជ្ជកម្ម
តោះៗ ទៅលេងសង្ក្រាន្តខេត្តកែប
× តើលោកអ្នកបានរៀបចំផែនការដើរលេងកម្សាន្តជុំគ្រួសារនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរហើយឬនៅ? បើលោកអ្នកមិនទាន់ដឹងថាគួរទៅលេងនៅទីណានោះទេ សូមអញ្ជើញទៅលេងសង្ក្រាន្តខេត្តកែប ជាមួយយើង។ នៅក្នុងឆ្នាំ២០១៩នេះ ខេត្តកែបនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកែបលើកទី១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះផ្តួចផ្តើមដោយ រដ្ឋបាលខេត្តកែប សហការជាមួយក្រុមហ៊ុន A&S Advertising ដើម្បីបង្កើតភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតការជួបជុំប្រមូលផ្តុំលេងល្បែងប្រជាប្រិយខ្មែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍ដ៏រីករាយនេះ ក៏ទទួលបានការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀអង្គរ និងភេសជ្ជៈ Pepsi ផងដែរ។
នេះគឺជាលើកដំបូងបំផុត ដែលខេត្តកែបមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដោយនឹងនាំមកនូវកម្មវិធីកម្សាន្តសប្បាយៗយ៉ាងច្រើន ដូចជាការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទដូចជាបោះអង្គញ់ លាក់កន្សែង ចោលឈូង ទាញព្រ័ត្រ ល្បែងវាយក្អម និងការលេងបាញ់ទឹកផងដែរ។ ទន្ទឹមនោះបងប្អូនប្រជាប្រពលរដ្ឋ នឹងបានរាំលេងកម្សាន្តជាមួយនឹងចង្វាក់ប្រពៃណីខ្មែរ ការរាំលេងកម្សាន្តជាមួយDJ និងបទចម្រៀងបែបពេញនិយម ទស្សនាការប្រគំតន្ត្រីខ្នាតធំ ការតាំងពិព័រណ៍ផលិតផល នៅទីតាំងសួនច្បារខាងមុខសាលាខេត្តកែបផងដែរ។ លើសពីនេះ នឹងមានការបាញ់កាំជ្រួចនៅពេលរាត្រី ដើម្បីអបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តខេត្តកែប និងញ៉ាំងឲ្យព្រឹត្តិការណ៍នេះ កាន់តែរំភើបរីករាយ និងទាក់ទាញទៀតផង។
ទន្ទឹមនឹងការរៀបចំកម្មវិធីកម្សាន្តដ៏អនេកនេះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសន្តិសុខ,សុវត្តិភាពរបស់ប្រជាពលរដ្ឋផងដែរ។ អាជ្ញាធរខេត្ត បានត្រៀមកងកម្លាំងជាច្រើននាក់រួចជាស្រេច ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៣ថ្ងៃនេះ។ លើសពីនេះទៀត អាជ្ញាធរខេត្ត ក៏បានណែនាំដល់ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ និងប្រតិបត្តិករទេសចរណ៍ដទៃទៀតយកចិត្តទុកដាក់ផ្តល់សេវាឲ្យល្អបំផុតជូនភ្ញៀវទេសចរផងដែរ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តទាំងមូលផងដែរ។
ដូច្នេះកុំភ្លេច ទៅលេងសង្ក្រាន្តខេត្តកែបទាំងអស់គ្នាណា៕
© រក្សាសិទ្ធិដោយ thmeythmey.com