ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
ក្រសួងវប្បធម៌ ហៅផលិតកម្មសាន់ដេទៅអប់រំ នៅថ្ងៃ៨មេសា
05, Apr 2019 , 7:23 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញលិខិតកោះហៅផលិតកម្មសាន់ដេ មកអប់រំណែនាំករណីផលិតបទចម្រៀងដែលមិនមានការអនុញ្ញាត នៅថ្ងៃទី៨មេសាឆ្នាំ២០១៩ខាងមុខនាម៉ោង៩ព្រឹក។ ចំពោះចំណាត់ការករណីបទ" ថ្ងៃដែលអូនចុងឈាម" ដែលមានភាពចម្រូងចម្រាសខ្លាំងកាលពីពេលកន្លងទៅ ក៏ត្រូវរង់ចាំលទ្ធផលក្រោយកិច្ចប្រជុំនៅថ្ងៃនោះដែរ។ នេះបើតាមលោក សុឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល។



តាមរយៈលោក សុឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល នេះជាជំហានដំបូងដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញលិខិតកោះហៅផលិតកម្មសាន់ដេ មកអប់រំណែនាំ នឹងដោះស្រាយករណីការរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ចំពោះការកោះហៅគ្រប់ផលិតកម្មមកអប់រំណែនាំ នៅមិនទាន់សម្រេចច្បាស់នៅឡើយ។

ចំណែកករណីបទចម្រៀង ”ថ្ងៃដែលអូនចុកឈាម” ឬចំណងជើងខុស "នឹកភូមិភ្នំធំ" ដែលផលិតកម្មសាន់ដេយកទៅកាឡៃទៅជាបទ "អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា" ច្រៀងដោយលោក សុខ មេសា ហៅនាយចឺម លទ្ធផលដោះស្រាយយ៉ាងណា ត្រូវរង់ចាំក្រោយកិច្ចប្រជុំរវាងក្រសួងនិងផលិតកម្មសាមីនៅថ្ងៃទី៨នោះដែរ។

សូមស្ដាប់សំឡេងរបស់លោក សុឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ខាងក្រោមដូចតទៅ៖





លោក សុឹម សត្តា បញ្ជាក់បន្ថែមយ៉ាងដូច្នេះ ៖«ខាងយើងខ្ញុំកោះអញ្ជើញខាងផលិតកម្មសាន់ដេ អត់ផ្ដោតសំខាន់លើបទចម្រៀងឥឡូវៗនេះទេ បទ(ថ្ងៃដែលអូនចុកឈាម) គឺរាល់ការផលិតបទចម្រៀងដែលមិនមានការអនុញ្ញាតពីម្ចាស់សិទ្ធិ ហើយមិនមានការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ពាក្យថាម្ចាស់សិទ្ធិនេះ គឺក្នុងនាមក្រសួងវប្បធម៌ជាម្ចាស់សិទ្ធិ គ្រប់គ្រងលើស្នាដៃគ្មានមរតកសាសន៍ គេហៅថាស្នាដៃគ្មានអ្នកទទួលមរតក ឬមិនមានមរតកសាសន៍។ មិនមែនមានតែមួយបទនេះទេ បើសិនជាក្រសួងរកឃើញប៉ុន្មានបទយើងនឹងដោះស្រាយតាមច្បាប់។ ខ្ញុំមិនហ៊ានបញ្ជាក់ជូនទេ ករណីបទចុងក្រោយនេះ បទ (ថ្ងៃដែលអូនចុកឈាម) ព្រោះកិច្ចប្រជុំថ្ងៃទី៨នេះ មានថ្នាក់ដឹកនាំទ្វេភាគី ជាមួយផលិតកម្មសាន់ដេ។ ដូច្នេះរង់ចាំថ្នាក់ដឹកនាំគាត់ជាអ្នកសម្រេច។ ជាពិសេសខ្ញុំចង់ជម្រាបជូនសាធារណជនថា យើងកោះហៅផលិតកម្មសាន់ដេមកនេះ ក្នុងន័យអប់រំណែនាំពាក់ព័ន្ធជាមួយការរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល»។

មហាជនកំពុងតែរង់ចាំមើលថា ភាពចម្រូងចម្រាសករណីបទ “ ថ្ងៃដែលអូនចុកឈាម” ឬចំណងជើងខុស “នឹកភូមិភ្នំធំ” ដែលផលិតកម្មសាន់ដេយកកាឡៃទៅជាបទ “ អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” ដែលច្រៀងដោយលោក សុខ មេសា ហៅនាយចឺម ក្រសួងនឹងដោះស្រាយយ៉ាងណា។

សូមបញ្ជាក់ថាបទ “ថ្ងៃដែលអូនចុកឈាម” ជាស្នាដៃរបស់កវី គង្គ ប៊ុនឈឿន ដែលមិនទាន់បានផ្ទេរមរតកសាសន៍ដល់ក្រុមគ្រួសារនៅឡើយ។ ដូច្នេះបទនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ថ្វីដ្បិតមិនទាន់ទទួលបានសិទ្ធិគ្រង់គ្រងស្នាដៃ តែភរិយាកវី គង្គ ប៊ុនឈឿន គឺអ្នកស្រី គាត គឹមលន ក៏កុំពុងប្រមូលឯកសារដើម្បីសុំសិទ្ធិគ្រប់គ្រងស្នាដៃមួយនេះដែរ។ ក្នុងនាមជាភរិយាម្ចាស់ស្នាដៃ អ្នកស្រី គាត គឹមលន បានហៅអ្នកដែលតែងតែមិនឱ្យតម្លៃម្ចាស់ស្នាដៃដើម ថាជាបីសាចលួចស្នាដៃ។

កន្លងមកលោក ហេង ម៉េងហ៊ួ អ្នកនិពន្ទប្រចាំផលិតកម្មសាន់ដេ ដែលបានកែទំនុកច្រៀង របស់បទ “ថ្ងៃដែលអូនចុកឈាម” ទៅជាបទ “ អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” បានចេញមុខសុំទោសដល់កវី គង្គ ប៊ុនឈឿន និងក្រុមគ្រួសាររបស់លោក តាមបណ្ដាញសង្គមហ្វេសប៊ុក។ ចំណែកលោក សុខ មេសា ហៅនាយចឺម បានផ្ដល់សម្ភាសដល់សារព័ត៌មានក្នុងស្រុកមួយថា ការកាឡៃបទចម្រៀងដែលជាស្នាដៃក្នុងស្រុក មិនមានអ្វីគួរឱ្យអាម៉ាស់ ដូចចម្លងស្នាដៃរបស់បរទេសឡើយ។ ជាមួយគ្នានោះក៏មានបុគ្គលមួយចំនួនតូច បានបញ្ចេញមតិយោបល់របស់ខ្លួនតាមហ្វេសប៊ុក គាំទ្រទង្វើលួចស្នាដៃរបស់ផលិតកម្មសាន់ដេដែរ។ ចំណុចនេះបានបញ្ឆេះកំហឹងអ្នកស្រី គាត គឹមលន កាន់តែខ្លាំង។ អ្នកស្រីបានបញ្ជាក់ថា មិនអាចទទួលយកការសូមទោសបានជាដាច់ខាត ដោយរឿងគ្រប់យ៉ាងត្រូវអនុវត្តិទៅតាមផ្លូវច្បាប់។

ទោះជាយ៉ាងណាមហាជនដែលឱ្យតម្លៃម្ចាស់ស្នាដៃដើម នៅតែគាំទ្រឱ្យក្រសួងចាត់វិធានការឱ្យបានតឹងរឹងចំពោះលផិតកម្ម ឬបុគ្គលដែលលួចចម្លងស្នាដៃ ដើម្បីព្រមានដល់ករណីក្រោយៗទៀត៕

Tag:
 ក្រសួងវប្បធម៌
  តន្ត្រី
  កម្មសិទ្ធបញ្ញា
  សាន់ដេ
  ចម្រៀង
 សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com