ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទទួលទាន “​តែ​បៃតង​” រាល់ថ្ងៃ អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​អស្ចារ្យ ទាំងនេះ​
07, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តែ​បៃតង ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​សុខភាព ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​, ជាតិ​រ៉ែ​សំខាន់ៗ រួមទាំង​សារធាតុ polyphenols, Epigallocatechin Gallate (EGCG) និង catechins ដែល​ជួយ​ព្យាបាល​ការ​រលាក​, កម្ចាត់​រ៉ាឌីកាល់​សេរី​, ទប់ស្កាត់​ជំងឺមហារីក​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​តែ​បៃតង​រួចមកហើយ ប៉ុន្តែ​បើទោះជា​ចូលចិត្ត ឬ​ឧស្សាហ៍​ទទួលទាន​យ៉ាងណាក៏ដោយ ក៏​ប្រហែល​មិន​ធ្លាប់​ចាប់អារម្មណ៍​ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​ល្អប្រសើរ​នៃ​តែ​បៃតង​ចំពោះ​សុខភាព​ឡើយ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​តែ​បៃតង​រាល់ថ្ងៃ ៖
 
១. ធ្វើ​ឲ្យ​មុខងារ​ខួរក្បាល​កាន់តែ​ប្រសើរឡើង​
 
​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​តែ​បៃតង​អាចជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ ជម្រុញ​ការចងចាំ និង​បង្កើន​មុខងារ​ខួរក្បាល​។ លើសពីនេះទៅទៀត តែ​បៃតង ក៏​ជា​ប្រភព​នៃ​អាស៊ីត​អា​មី​ណូ L-theanine ដែលមាន​ប្រសិទ្ធិភាព​រារាំង​បញ្ហា​ថប់​អារម្មណ៍​មិន​ឲ្យ​កើតមាន​។ ការសិក្សា​បានបង្ហាញ​ថា ជាតិ​កាហ្វេ​អ៊ី​ន និង​សារធាតុ L-theanine អាចមាន​ឥទ្ធិពល​បញ្ចូល​គ្នា ក្នុងការ​ពង្រឹង​ដល់​មុខងារ​របស់​ខួរក្បាល​។ ហើយ​ដោយសារតែ​បរិមាណ​នៃ​សារធាតុ L-theanine និង​ជាតិ​កាហ្វេ​អ៊ី​ន​មា​នក​ម្រិ​យ​សមល្មម​ទើប​ធ្វើ​ឲ្យ​តែ​បៃតង​អាច​ផ្តល់នូវ​ឥទ្ធិពល​ល្អ​ជាង និង​ខុសគ្នា​ពី​កាហ្វេ​។​
 
២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​
 
​តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ catechins,  polysaccharides និង epigallocatechin gallete ដែល​ជួយ​បញ្ចុះ ក៏ដូចជា​គ្រប់គ្រង​ការ​ស្រូបយក​នូវ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​តែ​បៃតង​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ បាន​ដល់​ទៅ ៤២​ភាគរយ​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​សារធាតុ polyphenolic ក្នុង​តែ​បៃតង​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ រួមទាំង​កម្រិត​នៃ​ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​សៃ​ឈាម​ដែល​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​។​
 
៤. បង្កើន​សុខភាព​ថ្លើម​
 
​សារធាតុ catechins នៃ​តែ​បៃតង​ជួយ​ធ្វើ​ឲ្យ​មុខងារ​ថ្លើម​កាន់តែ​ប្រសើរឡើង ហើយ​ការពារ​ថ្លើម​ពី​ផលប៉ះពាល់​នៃ​សារធាតុពុល​ផ្សេងៗ រួមមាន ស្រា ជាដើម​។​
 
៥. សម្រាល​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​
 
​តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ epigallocatechin-3-gallate និង polyphenols ជួយ​កាត់បន្ថយ​ការ​ហើម ហើយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ដែលជា​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​។​
 
៦. ជួយ​ឲ្យ​ស្រក​ទម្ងន់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A, B, B5, D, C, E, H និង K ព្រមទាំង​ម៉​ង់​កា​ណែ​ស និង​ជាតិ​រ៉ែ​ដទៃទៀត រួមបញ្ចូល​ទាំង chromium, ជាតិ​ស័ង្កសី និង​សេ​លេ​ញ៉ូ​ម ព្រមជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ និង​កាឡូរី​បាន​ឆាប់​។ ការទទួល​ទាន​តែ​បៃតង ៥ ពែង​ក្នុង​មួយថ្ងៃ​អាចជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ច្រើនជាង​ធម្មតា​ទ្វេដង​។​
 
​ចំណាំ ៖ អ្នក​អាច​ទទួលទាន​តែ​បៃតង​ពី ៣ ទៅ ៥ ពែង​ក្នុង​មួយថ្ងៃ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com