ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កាត់បន្ថយ​ហានិភ័យ​នៃ “​ជំងឺ​ពុក​ឆ្អឹង​” ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ​
11, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សុខភាព​ឆ្អឹង​រឹងមាំ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ​ដោយ​ជួយ​ការពារ​គ្រប់​សរីរាង្គ​ខាងក្នុង រួមទាំង​សាច់ដុំ ហើយ​អាច​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងថា កាល់ស្យូម ជា​សារធាតុ​ដ៏​សំខាន់​ក្នុងការ​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។ ទោះជា​យ៉ាងណា ប្រូតេអ៊ីន​, ប៉ូ​តា​ស្យូ​ម​, beta-carotene, ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន​ផ្សេងៗ​ដទៃទៀត​ក៏​សំខាន់​ជួយ​ធ្វើឱ្យ​ឆ្អឹង​កាន់តែ​រឹងមាំ​ឡើង​ផងដែរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ឬ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ ៖
 
១. ត្រី​សា​ឌី​ន
 
​ត្រី​សា​ឌី​ន ក៏​ជា​ប្រភេទ​ត្រី​សម្បូរ​ខ្លាញ់​មិន​ខុសពី​ត្រី​សាល​ម៉ុ​ន​ប៉ុន្មាន​ដែរ​។ ត្រី​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន D និង​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​ល្អប្រសើរ​។​
 
២. ស៊ុត​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D ដែល​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​ជួយ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​។ វីតាមីន D ជួយ​រាងកាយ​ក្នុងការ​ស្រូបយក​ជាតិ​កាល់ស្យូម​ពី​អាហារ​ផ្សេងៗ​ដែល​អ្នក​បាន​ទទួលទាន​។​
 
៣. ស្ពៃ​អេ​ពី​ណា ឬ​ស្ពៃ​ពួយ​ឡេង​
 
​បន្លែ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​។ លើសពីនេះទៅទៀត ស្ពៃ​ពួយ​ឡេង ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន K ដែល​ជួយ​រាងកាយ​ក្នុងការ​ស្រូប​យកជាតិ​កាល់ស្យូម​ផងដែរ​។​
 
៤. គ្រាប់ល្ង​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​រក្សា​សុខភាព​សន្លាក់​ល្អប្រសើរ​ជៀសផុត​ពី​ការឈឺចាប់ និង​រលាក​។ លើសពីនេះទៅទៀត គ្រាប់ល្ង ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ខុសៗ​គ្នា​ជាច្រើន​ដែល​ជួយ​បង្កើន​សុខភាព​ឆ្អឹង រួមបញ្ចូល​ទាំង​ផូស្វ័រ​, ម៉ាញ៉េ​ស្យូ​ម​, វីតាមីន D, វីតាមីន k និង​កាល់ស្យូម​។​

៥. គ្រាប់​អាល់​ម៉ុ​ន​
 
​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​កាល់ស្យូម រួមទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​សន្លាក់​។ អ្នកជំនាញ​ជាច្រើន​និយាយថា គ្រាប់​អាល់​ម៉ុ​ន ១ ពែង មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ​ស្រស់ ១ កែវ​ទៅទៀត​។​

៦. ទឹកដោះគោ​ស្រស់
 
​ភេសជ្ជៈ​នេះ​នៅតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​។ ទឹកដោះគោ​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​ដទៃទៀត រួមបញ្ចូល​ទាំង​វីតាមីន B12, វីតាមីន D និង​ជាតិ​រ៉ែ​ដូចជា ម៉ាញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម និង​ផូស្វ័រ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com