ជាតិ
ព័ត៍មានសុខភាព
អា​ការៈដែល​បញ្ជាក់ថា ការ​ធាត់​របស់​អ្នក​បណ្តាលមកពី​អ័រម៉ូន​ទៅវិញ​ទេ​
14, Apr 2019 , 7:55 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​កត្តា​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ដូចជា ការរស់នៅ​បែប​ស៊ី​ដេកៗ ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព និង​គេង​មិនបាន​គ្រប់គ្រាន់​។ ហេតុផល​ផ្សេង​មួយទៀត​គឺ​ដោយសារតែ​អ័រម៉ូន​តែម្តង​។ អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​អំពី​រឿងនេះ​ទេ ប៉ុន្តែ​អ័រម៉ូន​មនុស្ស​យើង​អាច​ដើរតួនាទី​ថា អ្នកនឹង​ត្រូវ​ឡើង​ទម្ងន់​ឬ​អត់​ដែរ​។ បើ​ប្រៀបធៀប​នឹង​បុរស​វិញ​គឺថា ស្ត្រី​ងាយ​នឹង​ជួប​បញ្ហា​ឡើង​ទម្ងន់​ដោយសារតែ​អ័រម៉ូន​ណាស់ ដោយសារតែ​ការឡើង​ចុះៗ​របស់​អ័រម៉ូន​ក្នុង​ខ្លួន​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​ដែល​អាច​បញ្ជាក់ថា ការ​ធាត់​របស់​អ្នក បណ្តាលមកពី​អ័រម៉ូន​ទេ​៖


​អស់កម្លាំង​ជាប់​
 
​អតុល្យភាព​អ័រម៉ូន​ដូចជា ខ្សោយ​អ័រម៉ូន​ភេទ​ប្រុស តេ​ស្តូ​ស្តេ​រ៉ូ​ន អ័រម៉ូន​ស្ត្រេ​ស​ឡើង​ខ្ពស់ ព្រមទាំង​កង្វះ​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​នឿយហត់​ជាប់​រហូត​។ ថ្វីបើ​យើង​ប្រហែល​ជាមាន​អារម្មណ៍​អស់កម្លាំង​ក្រោយពី​ធ្វើការ​ពេញ​មួយថ្ងៃ​ក៏ដោយ តែ​បើសិនជា​អ្នក​ភ្ញាក់​ពី​គេង​ហើយ​នៅតែ​មិនមាន​អារម្មណ៍ល្អ​ទៀត វា​ប្រហែលជា​ទាក់ទង​នឹង​អតុល្យភាព​របស់​អ័រម៉ូន​ហើយ​។ 
 
​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​
 
​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម អាច​ឡើង​ខ្ពស់​នៅពេល​យើង​ញ៉ាំ​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​។ ប៉ុន្តែ​បញ្ហា​នេះ​គឺថា នៅពេល​ជាតិ​ស្ករ​ឡើង​ខ្ពស់​ជាប់ ភាព​រ៉េ​ស៊ី​ស្តង់​របស់​អាំង​ស៊ុយ​លីន​ប្រហែលជា​កើតឡើង​ដែរ ដូច្នេះ​អ្នកនឹង​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ណាស់ ក្រៅពី​ធាត់​។ 

​ទំហំ​ចង្កេះ​ធំ​ជាង​មុន​

​បើសិនជា​អ្នក​យល់ថា​ចង្កេះ​ធំ​ជាង​មុន ទោះបីជា​មិន​ញ៉ាំ​អាហារ​អ្វី​ច្រើន​ក៏ដោយ នោះ​ហើយ​អាចជា​អ័រម៉ូន​ជា​អ្នក​បង្កបញ្ហា​។ រាងកាយ​គឺ​ងាយ​នឹង​រ៉េ​ស៊ី​ស្តង់​នឹង​អាំង​ស៊ុយ​លីន​ណាស់ នៅពេល​អាយុ​កាន់តែច្រើន រហូតដល់​ឡើង​ទម្ងន់​។ ស្ត្រី​ងាយ​នឹងមាន​ផល​រំខាន​នេះ​ណាស់ ជាពិសេស​នៅពេល​គាត់​ជាតិ​រាំងរដូវ​។ 
​ស្ត្រេ​ស​ជាប់​
 
​ចំនួន​អ័រម៉ូន Cortisol ដែល​រាងកាយ​ផលិតឡើង​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​បាន​។ អ័រម៉ូន​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ័រម៉ូន​ស្ត្រេ​ស ដែល​កើតឡើង​ច្រើន​នៅពេល​មាន​អារម្មណ៍​តក់ស្លុត ឬ​ស្ត្រេ​ស​។ វា​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​ដែល​ពិបាក​នឹង​ស្រក​វិញ​ណាស់ ដោយសារតែ Cortisol ធ្វើ​ឲ្យ​រាងកាយ​រក្សា​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​កាន់តែច្រើន​។ 
 
​ឈឺក្បាល​ជា​ទៀងទាត់​

​ការឈឺ​ក្បាល​អាច​បង្កឡើង​ដោយ​ការ​មាន​សម្ពាធ​ក្នុង​ភ្នែក ខ្សោះ​ជាតិ​ទឹក និង​គេង​មិន​គ្រប់​ជាដើម​។ ប៉ុន្តែ​បើសិនជា​ការឈឺ​ក្បាល​ច្រើនតែ​កើតឡើង​មុន ឬ​ក្រោយពេល​មក​រដូវ មានន័យថា វា​បង្កឡើង​ដោយ​ការចុះ​ទាប​របស់​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ហើយ​។ ការចុះ​ទាប​របស់​អ័រម៉ូន​នេះ​ក៏​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ ដោយសារតែ​ការរំលាយ​អាហារ​រង​ការប៉ះពាល់​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com