កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ការពារ Smalling ថា«កម្ពស់ខ្ពស់ និងដៃវែង» ទើបធ្វើឲ្យ Messi បែកច្រមុះ
× លោក Jose Mourinho បាននិយាយការពារអតីតកូនក្រុមខ្លួន Chris Smalling ថាមកពីខ្សែការពាររូបនេះ«មានកម្ពស់ខ្ពស់ និងដៃវែងប៉ុណ្ណោះ» ទើបធ្វើឲ្យ Lionel Messi បែកច្រមុះក្នុងជំនួបដែល Manchester United ចាញ់ Barcelona ១-០ ក្នុងការប្រកួតជើងទី១ វគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League។
ខ្សែបម្រើឆ្មើម Messi និងជាប្រធានក្រុមរបស់ Barca បានរងរបួសឈាមច្រមុះ និងមានស្នាមជាំផងបន្ទាប់ពីត្រូវមួយដៃរបស់ខ្សែការពារ Smalling អំឡុងពេលប្រជែងដណ្តើមបាល់គ្នានាការប្រកួតក្នុងទឹកដី Old Trafford នៅថ្ងៃទី១០ ខែមេសា។
ក្រោយការប្រកួតនេះមានអ្នកគាំទ្រ Barca ជាច្រើនចេញមុខរិះគន់ Smalling ខ្លាំងៗ ដ្បិតធ្វើឲ្យ Messi ដែលជាព្រះរបស់ពួកគេរងបួសបែបនេះ។
ការប៉ះទង្គិតគ្នាររវាងកីឡាករទាំងពីររហូតបង្កឲ្យមានរបួសត្រូវបានលោក Mourinho អតីតអ្នកចាត់ការទូទៅ Man Utd រៀបរាប់ថា ស្ថានភាពប្រជែងគ្នារបស់ Smalling និង Messi គឺគ្មានអ្វីទេ វាកើតឡើងដោយចៃដន្យប៉ុណ្ណោះ។ លោក Mourinho ចង់បានន័យថាខ្សែការពារសញ្ជាតិរូបនេះមិនមានការគុំកួនលើ Messi នោះទេ។
«គាត់ (Smalling) គ្រាន់តែជាកីឡាករម្នាក់ដែលមានកម្ពស់ខ្ពស់ និងដៃវែងប៉ុណ្ណោះ ខ្ញុំមិនគិតថាគាត់មានបំណងអាក្រក់នោះទេ ប៉ុន្តែពួកគេបានគិតថាគាត់ព្យាយាមធ្វើបែបនេះ»។ នេះជាការបញ្ជាក់របស់អតីតអ្នកចាត់ការសញ្ជាតិព័រទុហ្គាល់ ក្នុងកម្មវិធីទូរទស្សន៍ RT ក្នុងនាមជាអ្នកវិភាគកីឡា។
Mourinho ដែលមានរហ្សនាម Special One ត្រូវបានក្រុមបិសាចក្រហមបញ្ចប់តំណែងជាអ្នកចាត់ការបន្ទាប់ពីដឹកនាំក្រុមមិនបានល្អកាលពីចុងឆ្នាំ២០១៨ និងជំនួសវិញដោយលោក Ole Gunnar Solskjaer។
គ្រាប់បាល់ចូលទីខ្លួនឯង (Own goal) របស់ខ្សែការពារ Luke Shaw បានធ្វើឲ្យ Man Utd ចាញ់ ក្រុមរហស្សនាមអ្នកមានបុណ្យ ១-០ ក្នុងដីខ្លួនឯងក្នុងជំនួបជើងទី១។ ក្រុមលោក Solskjaer នឹងត្រូវត្រលប់ទៅទឹកដី Nou Camp របស់ក្រុមយក្សអេស្ប៉ាញវិញសម្រាប់ជំនួបជើងទី២ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដើម្បីកាត់សេចក្តីថាក្រុមណាអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានលំដាប់កំពូលអឺរ៉ុបនេះ៕
Tag:
បាល់ទាត់
Chris Smalling
Jose Mourinho
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com