ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពីរ​នាក់ ត្រូវ​ជាប់ឃុំ ព្រោះ​បំផុស​ពលរដ្ឋ​ឲ្យ​ទៅយក​ដី​ក្រុមហ៊ុន​
18, Apr 2019 , 12:04 pm        
រូបភាព
លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សនគរប្រជាធិបតេយ្យ
លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សនគរប្រជាធិបតេយ្យ
ដោយ: ថ្មីៗ
​អ្នកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ (​ពីមុន​ឈ្មោះថា​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​) និង លោក ច័ន្ទ ភាព អនុប្រធាន ត្រូវបាន​តុលាការខេត្ត​ព្រះវិហារ យកទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​។​


 
​អ្នកស្រី ជុំ ក​ន្និ​យ៉ា ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​តុលាការ​ខេត្តព្រះវិហារ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សមត្ថកិច្ច បាន​ឃាត់ខ្លួន​អ្នកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា និង​អនុប្រធាន​របស់​អ្នកស្រី តាំង​ពីមុន​ចូលឆ្នាំ​មកម្ល៉េះ ។ ប៉ុន្តែ អ្នកស្រី មិន​ចាំ​នោះទេ​ថា ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​។ 
 
​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ អះអាងថា តុលា​ការចេញ​ដីកា​ឲ្យ​ឃាត់ខ្លួន​អ្នកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា និង​រហូត​ឈានដល់​ឃុំខ្លួន​បណ្តោះអាសន្ន គឺ​ដោយសារតែ​អ្នកស្រី ដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ ឲ្យ​ទៅកាន់​ដាប់​និង​រស់នៅ​លើដី​មួយកន្លែង ដែល​រដ្ឋ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា «​គាត់ ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចាប់យក​ដី​នោះ គឺ​វា​បង្កចលាចល​»​។​
 
​អ្នកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា និង លោក ច័ន្ទ ភាព គឺជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។ ប៉ុន្តែ លោក ឈឹម ផល​វរុណ អគ្គលេខាធិការ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ អះអាងថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ បាន​ផ្អាក​សកម្មភាព​របស់​អ្នក​ទាំងពីរ​មួយរយៈ​សិន ក្រោយពី​គណបក្ស​នេះ​ដូរ​ឈ្មោះ ដោយ​រង់ចាំ​រហូត​ទាល់តែ​មានការ​តែងតាំង​ប្រធាន​ប្រតិភូ​និង​អនុប្រធាន​ប្រតិភូ​សាជាថ្មី​ពី​គណបក្ស​នេះ​។ 
​។ 
 
​លោក ឈឹម ផល​វរុណ ប្រាប់​សារព័ត៌មាន​ថ្មីៗ បែបនេះ​ថា «​អត់​មានអី​ប៉ះពាល់​ដល់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ទេ ព្រោះ​សកម្មភាព​របស់​ពួកគាត់ គឺ​មិន​ស្ថិតក្នុង​ក្របខណ្ឌ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​យោបល់​ឡើយ គឺពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​។ បើកាលណា​ខុសច្បាប់​ហើយ សូម្បីតែ​សមាជិកសភា ក៏​សមត្ថកិច្ច ត្រូវតែ​អនុវត្ត​ដែរ​»៕ 
 

Tag:
 សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា
© រក្សាសិទ្ធិដោយ thmeythmey.com