ជាតិ
សម្តេច ហ៊ុន សែន នឹង​ទទួល​គោរមងារ «​សាស្ត្រាចា​រ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​» ពី​ចិន​
23, Apr 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាកលវិទ្យាល័យ​ប៉េកាំង នឹង​ផ្តល់​គោរមងារ​ជា «​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​» ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ការប្រគល់​គោរមងារ​នេះ នឹងធ្វើ​ឡើង​ក្នុងអំឡុង​ពេលដែល​សម្តេច​នាយករដ្ឋមន្ត្រី ទៅ​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​» នៅ​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២0១៩​។

 
​សេចក្តីប្រកាស​ព័​ត៌​របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ នៅក្នុង​ពិធី​ជួប​ជាមួយ​និស្សិត​និង​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​ប៉េកាំង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ សម្ដេច ហ៊ុន សែន ក៏​នឹង​ជួបពិភាក្សា​ជាមួយ​លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន លោក លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន រួមទាំង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​។ ក្រៅពី​ជួបពិភាក្សា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​-​ចិន ក៏​នឹងមាន​ការចុះហត្ថលេខា​លើ​ជំនួយ​របស់​ចិន ព្រមទាំង​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា​ទៀតផង​។​
 
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ កន្លងមក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក (Krirk) របស់​ថៃ​។ បើ​យោងតាម​ឯកសារ​កំណត់ត្រា​ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច ដោយ​មិន​គិតពី​ការទទួលបាន​គោរមងារ ពានរង្វាន់ និង​មេដាយ ពី​ក្របខណ្ឌ​អន្តរជាតិ​ផ្សេងទៀត ប្រមុខ​រដ្ឋាភិបាល ទទួលបាន​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ចំនួន​១៤ ចន្លោះ​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០១៩​នេះ​៕
 

Tag:
 ហ៊ុន សែន​
 ​ចិន​
  ទំនាក់ទំនង​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com