អន្តរជាតិ
ជំនួប​ពូ​ទីន​-​គីម​៖ បញ្ហា​នុយក្លេអ៊ែរ និង​សេដ្ឋកិច្ច​ជា​ប្រធានបទ​សំខាន់​
24, Apr 2019 , 4:24 pm        
រូបភាព
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅដល់ទីក្រុងវ៉្លាឌីវ៉ូស្តុក។ រូបភាព AFP
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅដល់ទីក្រុងវ៉្លាឌីវ៉ូស្តុក។ រូបភាព AFP
​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ទៅដល់​ទីក្រុង​វ៉ា្ល​ឌី​វ៉ូ​ស្តុក​ហើយ​នៅ​ថ្ងៃទី​២៤ ខែមេសា ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ។ មិនមាន​ព័ត៌មាន​លម្អិត​ច្រើន​ឡើយ​ជុំវិញ​ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​រុស្ស៊ី និង​កូរ៉េខាងជើង​ពេលនេះ ប៉ុន្តែ​ប្រធានបទ​សំខាន់​អាច​ផ្ដោតលើ​ការរំសាយ​នុយក្លេអ៊ែរ និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​។ លោក គីម ប្រាប់​ទូរទស្សន៍​រុស្ស៊ី​ថា ជំនួប​ជាមួយ​លោក ពូ​ទីន នឹង​ទទួលជោគជ័យ​។​

 
​រថភ្លើង​ពិសេស​ដឹក​លោក គីម ជុង​អ៊ុន ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង បាន​ទៅដល់​ស្ថានីយ៍​ក្នុង​ទីក្រុង​វ៉ា្ល​ឌី​វ៉ូ​ស្តុក​នៅ​ថ្ងៃទី​២៤ ខែមេសា ក្រោយ​ចាក​ចេញពី​រដ្ឋធានី​ព្យុងយ៉ាង​នៅ​ព្រឹក​ថ្ងៃ​ដដែល​។ សន្តិសុខ​ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង​ក្នុង​ទីក្រុង​តំបន់​ចុង​បូព៌ា​មួយ​នេះ ចំណែក​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក គីម ត្រូវបាន​លាក់​ជាសម្ងាត់​។ ប៉ុន្តែ​គេ​អាច​មើលឃើញ​ពី​ការរៀបចំ​ទទួល​បដិសណ្ឋារកិច្ច​តាំងពីដើម​សប្ដាហ៍​នេះ​។​
 
​លោក គីម នឹង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២៥ ខែមេសា​នៅ​សាកលវិទ្យាល័យ Far Eastern Federal ក្នុង​ទីក្រុង​វ៉ា្ល​ឌី​វ៉ូ​ស្តុក​។ កូរ៉េខាងជើង​ជា​អ្នកស្នើ​ឲ្យ​រៀបចំ​ជំនួប​នៅ​សាកលវិទ្យាល័យ​នេះ​ក្រោម​ហេតុផល​សន្តិសុខ​។ 
 
​ចំណែក​របៀបវារៈ​វិញ ទាំង​រុស្ស៊ី ទាំង​កូរ៉េខាងជើង​សុទ្ធតែ​មិន​បញ្ចេញ​ពី​ប្រធានបទ​ដែល​លោក គីម និង​លោក ពូ​ទីន នឹង​លើក​យកមក​ជជែក​គ្នា​។ យ៉ាងណាមិញ បើ​គិតគូរ​តាម​ប្រតិភូ​ដែល​អមដំណើរ​លោក គីម គេ​អាច​ទស្ស​ទាយ​ពី​បញ្ហា​ដែល​នឹងត្រូវ​ដាក់​លើ​តុ​ចរចា​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ផ្សាយ​ថា លោក គីម ត្រូវបាន​អមដំណើរ​អនុប្រធាន​បក្ស​ពីរ​នាក់ គឺ​លោក Kim Phyong-hae និង​លោក O Su-yong ។ រដ្ឋមន្ត្រីការបរទេស រី យ៉ុង​ហូ និង​អនុរដ្ឋមន្ត្រី​ការបរទេស ឆេ ស៊ុន​ហ៊ី ក៏មាន​វត្តមាន​ដែរ​។​
 
​លោក រី និង​លោកស្រី ឆេ គឺជា​មន្ត្រីការទូត​ដែល​ចូលរួម​ក្នុង​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​។ ដូចនេះ បញ្ហា​នុយក្លេអ៊ែរ នឹងត្រូវ​បាន​លោក គីម យកមក​ជជែក​ជាមួយ​លោក ពូ​ទីន មិន​ខាន​។ បច្ចុប្បន្ន ការចរចា​កំពុង​ជាប់គាំង​ដោយសារ​អាមេរិក និង​កូរ៉េខាងជើង​មាន​ជំហរ​មិនត្រូវ​គ្នា​។ លោក គីម ទំនងជា​ស្វែងរក​ការគាំទ្រ​ពី​រុស្ស៊ី​លើ​បញ្ហា​នេះ ពិសេស​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ដោយសារ​រុស្ស៊ី​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​។​
 
​តាមពិតទៅ រុស្ស៊ី និង​កូរ៉េខាងជើង​មាន​ជំហរ​ដូចគ្នា​លើ​ដំណើរការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ ហើយ​រុស្ស៊ី​ក៏​គាំទ្រ​ការដក​ទណ្ឌកម្ម​ខ្លះ​ចេញពី​កូរ៉េខាងជើង​ដែរ​។ រុស្ស៊ី​គាំទ្រ​កូរ៉េខាងជើង​ដែល​ចង់បាន​ការរំសាយ​នុយក្លេអ៊ែរ ធ្វើឡើង​ទៅតាម​ដំណាក់កាល និង​មាន​ទៅ​មានមក​។ ពោល គឺ​អាមេរិក​ត្រូវធ្វើ​សកម្មភាព​តបស្នង​នឹង​អ្វីដែល​កូរ៉េខាងជើង​បានធ្វើ មិនមែន​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​តែម្ដង​ដោយមាន​ការត្រួតពិនិត្យ​ដូចដែល​អាមេរិក​ចង់បាន​ឡើយ​។​
 
​សម្រាប់​វត្តមាន​លោក O Su-yong ដែល​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​វិញ មេដឹកនាំ​រុស្ស៊ី និង​កូរ៉េខាងជើង ក៏​នឹង​ជជែក​គ្នា​ពី​ការផ្លាស់ប្ដូរ​ទំនាក់ទំនង​សេដ្ឋកិច្ច​ផងដែរ​។ រុស្ស៊ី​សម្លឹង​ឃើញ​ភោគទ្រព្យ​ហូរហៀរ​របស់​កូរ៉េខាងជើង ឯ​កូរ៉េខាងជើង​ត្រូវបាន​ថាមពល និង​ការវិនិយោគ​បរទេស​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន ស្របគ្នា​គោលនយោបាយ​សេដ្ឋកិច្ច​របស់លោក គីម ដែល​ពង្រឹង​សេដ្ឋកិច្ច​ដើម្បី​ទប់ទល់​ទណ្ឌកម្ម​អន្តរជាតិ​។​
 
​ពេល​ឆ្លងកាត់​ព្រំដែន​ចូល​ទឹកដី​រុស្ស៊ី លោក គីម បង្ហាញ​ជំហរ​សុទិដ្ឋិនិយម​ចំពោះ​ជំនួប​ជាមួយ​លោក ពូ​ទីន ។ មេដឹកនាំ​កូរ៉េខាងជើង​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក នឹង​ទទួលបាន​ជោគជ័យ ហើយ​មាន​ប្រយោជន៍ ដោយសារ​លោក​នឹងមាន​ការជជែក​គ្នា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លើ​ការដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ និង​ទំនាក់ទំនង​ទ្វេភាគី​៕ 

Tag:
 ​រុស្ស៊ី​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  វ៉ា្ល​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com