អន្តរជាតិ
ស្ថានទូត​អាមេរិក​នៅ​ប្រទេស​​ស្រីលង្កា​ព្រមាន​ថា អាចមាន​ការវាយប្រហា​រ​បន្ថែមទៀត​
26, Apr 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​Colombo​បាន​ប្រាប់​ឲ្យ​ប្រជាជន​ចៀសវាង​កន្លែង​បួងសួង​នៅ​ប្រទេស​ស្រីលង្កា​នៅ​ចុង​សប្ដាហ៍​ខាងមុខ​ដោយ​លើក​ពី​របាយការណ៍​ប្រទេស​ស្រីលង្កា​ដែលថា ការវាយប្រហារ​បន្ថែម​អាច​កើតឡើង​។

 
​ស្ថានទូត​អាមេរិក​បាន​សរសេរ​កា​ល​ពីថ្ងៃ​ព្រហស្បតិ៍​នៅលើ​គណនី​Twitter​ផ្លូវការ​របស់ខ្លួន​ថា​«​ចូរ​បន្ត​ការប្រុងប្រយ័ត្ន​និង​ចៀសវាង​កន្លែង​មាន​ហ្វូងមនុស្ស​ច្រើន​»​។​
 
​ការព្រមាន​នេះ​បានកើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ការវាយប្រហារ​ដ៏​សាហាវ​ទៅលើ​ពួក​អ្នក​បួងសួង​គ្រិស្តសាសនា​នៅ​ថ្ងៃបុណ្យ Easter Sunday នៅពេលដែល​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បានសម្លាប់​មនុ​ស្ស​ជាង​២៥០​នាក់​។​
 
​ក្រុមមន្ត្រី​បាន​និយាយ​ពីមុន​ថា ចំនួន​អ្នក​ស្លាប់មាន​ជាង​៣៥០​នាក់ ប៉ុន្តែ​បានកែតម្រូវ​តួលេខ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយនិយាយ​ថា សាកសព​មួយចំនួន​អាច​ត្រូវបាន​រាប់​ពីរដង​។​
 
​រដ្ឋមន្ត្រី​ការពារជាតិ​ស្រីលង្កា​លោក​HemasririFernando​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយពី​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​។ លោក​ធ្វើតាម​ការអំពាវនាវរ​បស់​ប្រធានាធិបតី​ស្រីលង្កា​ឲ្យ​លោក​លាលែង​ពី​តំណែង​។​
 
​លោក​ប្រធានាធិបតី MaithripalaSirisena​បាន​អំពាវនាវ​ឲ្យ​លោក Fernando​និង​លោក​PujithJayasundara​អគ្គស្នងការ​ប៉ូលិស លាលែង​ពី​តំណែង ក្រោយពី​លោក​បាន​សន្យា​ក្នុង​បណ្តាញ​ទូរទស្សន៍​ថា នឹង​ចាត់វិធានការ​តឹងតែង​ប្រឆាំងនឹង​ក្រុមមន្ត្រី​ដែល​មិន​ប្រាប់​លោក​អំពី​ព័ត៌មាន​ចារកម្ម​ដែល​ប្រទេស​ឥណ្ឌា​ផ្តល់​ឲ្យ​ប៉ុន្មាន​ថ្ងៃមុន​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ​និង​សណ្ឋាគារ​ប្រណីត​។​នៅពេលដែល​រដ្ឋាភិបាល​ប្រឈមមុខ​នឹង​កំហឹង​ពី​សាធារណជន មន្ត្រីជាន់ខ្ពស់​ទទួលស្គាល់​ថា វា​ជា​«​បរាជ័យ​ដ៏​ធំ​មួយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com