ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពេល​មក​ខ្មែរ អ្នកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​ទៅ​មើល​អង្គរវត្ត​
26, Apr 2019 , 7:19 pm        
រូបភាព
អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា (រូបភាព Xinhua)
អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា (រូបភាព Xinhua)
ដោយ: ថ្មីៗ
​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​និង​ជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា នឹង​ឆ្លៀត​ទៅ​ទស្សនា​ប្រាសាទ​នានា នៅ​ខេត្តសៀមរាប​។ ប៉ុន្តែ ការដើរ​មើល​ប្រាសាទ​ទាំងនោះ គឺ​ក្រោយ​អ្នកស្រី ចូលគាល់​ព្រះមហាក្សត្រ​រួច និង​បញ្ចប់​ជំនួប​ជាមួយ​មេដឹកនាំ​កម្ពុជា​។ 


 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បន្ទាប់ពី​ចូលគាល់​ព្រះមហាក្សត្រ អ្នកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​ចូលជួប​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។ 
 
​ចុងក្រោយ អ្នកស្រី នឹង​ជួប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បន្ទាប់មក​អ្នកស្រី នឹង​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ​និង​ព្រះ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ​។ 
 
​ក្រសួងការបរទេស បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ជំទាវ អ៊ុង​សាន ស៊ូ​ជី នៅ​កម្ពុជា នឹង​ពង្រឹង​និង​ពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខណ្ឌ​អាស៊ាន​និង​ពហុភាគី​»​។ 
 
​ដំណើរ​ទស្សនកិច្ច​រប​ស់​អ្នកស្រី នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩៕ 

Tag:
 ​អ៊ុង​សាន ស៊ូ​ជី​
© រក្សាសិទ្ធិដោយ thmeythmey.com