អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម​ហាម​ការ​នាំចូល​ម៉ាស៊ីន និង​សម្ភារ​បច្ចេកវិទ្យា​មួយ​ទឹក​ដែលមាន​អាយុកាល​វែង​
27, Apr 2019 , 4:59 pm        
រូបភាព
រូបភាព៖ Vietnamnet
រូបភាព៖ Vietnamnet
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ហាណូយ បានចេញ​សេចក្តីសម្រេច​ថ្មី​មួយ​ដោយ​ហាម​នាំចូល​ផលិតផល​ម៉ាស៊ីន និង​សម្ភារ​បម្រើ​ក្នុង​វិស័យ​បច្ចេកវិទ្យា​មួយ​ទឹក ដែលមាន​អាយុកាល​វែង​។ ច្បាប់​ថ្មី​នេះ មានបំណង​ដើម្បី​ធានា​ពី​គុណភាព​របស់​ទំនិញ ឬ​ផលិតផល និង​ជាពិសេស​នោះ​ការបំពុល​នៅក្នុង​ប្រទេស​។


​ចាប់ពី​ថ្ងៃ​១៥ មិថុនា ឆ្នាំ​២០១៩ តទៅ ម៉ាស៊ីន និង​ផលិតផល​សម្រាប់​បម្រើកា​រ​ក្នុង​វិស័យ​បច្ចេកវិទ្យា​មួយ​ទឹក​ដែលមាន​អាយុកាល​ចាប់ពី​១០​ឆ្នាំ​ឡើងទៅ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំចូល​វៀតណាម​ទៀតឡើយ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ថ្មី​របស់​រដ្ឋាភិបាល​វៀត​ណា​ម ដែល​ត្រូវបាន​ចុះផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃ​២៤ មេសា​។​
 
​តាមរយៈ​សេចក្តីសម្រេច​ថ្មី​នេះ វៀតណាម មិន​ហាមឃាត់​ចំពោះ​ការនាំ​ចូល​ម៉ាស៊ីន​, សម្ភារ និង​ផលិតផល​ពាក់ព័ន្ធ​បច្ចេកវិទ្យា ដែល​បម្រើ​ផលិតកម្ម​នៅក្នុង​ប្រទេស​វៀតណាម​ដោយផ្ទាល់​នោះទេ​។ ក៏ប៉ុន្តែ​រាល់​ការនាំ​ចូល តម្រូវ​ឲ្យ​ឆ្លងកាត់​ការវាយតម្លៃ​ស្តង់ដារ​បច្ចេកទេស​ជាតិ​វៀតណាម ឬ​ស្តង់​របស់​ក្រុម​ប្រទេស G7 និង​កូរ៉េខាងត្បូង ដើម្បី​ធានា​ពី​សុវត្ថិភាព ការ​សន្សំសំចៃ​ថាមពល និង​ការការពារ​បរិស្ថាន​។ 
 
​លក្ខខណ្ឌ ឬ​ស្តង់ដារ​គោល ដែល​បានកំណត់​ក្នុង​ច្បាប់​ថ្មី​នេះ ក៏​តម្រូវ​ឲ្យ​ផលិតផល​មួយ​ទឹក​ដែល​ត្រូវ​នាំចូល​នោះ ត្រូវតែមាន​កម្លាំង ឬ​សមត្ថភាព​យ៉ាងហោចណាស់ ៨៥ ភាគរយ នៃ​ផលិតផល​ដើម​។​
 
​តាម​សារព័ត៌មាន​វៀតណាម​ដដែល​នោះ គោលបំណង​ចម្បង​នៃ​ច្បាប់​ថ្មី​នេះ គឺ​ដើម្បី​បញ្ឈប់​ការនាំ​ចូល​ផលិត​ម៉ាស៊ីន​ពាក់ព័ន្ធ​វិស័យ​បច្ចេកវិទ្យា​មួយ​ទឹក ដែល​ហួស​សម័យ​, គុណភាព​អន់​, គ្មាន​សុវត្ថិភាព និង​មាន​លក្ខណៈ​បំពុលបរិស្ថាន​ខ្លាំង កុំ​ឲ្យ​មានប្រើ​ប្រាស់​នៅក្នុង​ប្រទេស​វៀតណាម​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផង​នោះ បទបញ្ជា​ហាមឃាត់​ការ​នាំចូល​ផលិតផល​មួយ​ទឹក​របស់​វៀតណាម ធ្វើឡើង​ស្របពេល រដ្ឋ​អាស៊ាន​ដែលមាន​សេដ្ឋកិច្ច​កំពុង​ងើប​មួយ​នេះ ទទួលបាន​នូវ​ការវិនិយោគ​បរទេស​ដោយផ្ទាល់​ជាច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ពី​បណ្តា​ក្រុមហ៊ុន​ធំៗ លើ​វិស័យ​បច្ចេកវិទ្យា​តែម្តង​៕ 

Tag:
 វៀតណាម​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com