សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រី​ម្នាក់​ដឹងខ្លួន​វិញ ក្រោយ​សន្លប់​ដោយសារ​គ្រោះថ្នាក់​រថយន្ត​អស់​ជិត​៣០​ឆ្នាំ​
27, Apr 2019 , 9:19 pm        
រូបភាព
ដោយ: ធីតា
 គ្រោះថ្នាក់​រថយន្ត​កាលពី​ឆ្នាំ​១៩៩១ អ្នកស្រី Munira Abdulla ជនជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានដឹងខ្លួន​វិញ​ហើយ ក្រោយ​ស្ថានភាព​សន្លប់​អស់​រយៈពេល​២៧​ឆ្នាំ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត The National ។​

 
​រស់នៅក្នុង​ក្រុង​Al Ain អ្នកស្រី Abdulla បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​១៩៩១ នៅពេលដែល​គាត់​មាន​អាយុ​៣២​ឆ្នាំ​។ កាលណោះ រថយន្ត​របស់គាត់​បា​ន​ក្រឡាប់ ក្រោយ​បុក​រថយន្ត​សាលា​មួយ​។ អ្នកស្រី​បាន​របួស និង​សន្លប់ បន្ទាប់ពី​ព្យាយាម​សង្គ្រោះ​កូនប្រុស Omar Weibar អាយុ​៤​ឆ្នាំ​របស់ខ្លួន​។​
 
​បច្ចុប្បន្ន មាន​វ័យ​៣២​ឆ្នាំ Weibar ទទួលបាន​សារ​អបអរសាទរ​ជាច្រើន​ពី​សំណាក់​មិត្តភក្តិ​នៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​លើ​ពិភពលោក ទាក់ទង​នឹង​ដំណឹង​នៃ​ការដឹង​ខ្លួន​របស់​ម្តាយ​វិញ ក្រោយ​សន្លប់​អស់​ជិត​៣០​ឆ្នាំ​។ «​សម្រាប់​យើងទាំងអស់គ្នា ករណីនេះ​ពិតជា​អស្ចារ្យ​ណាស់ យើង​តែងតែ​រង់ចាំ​គាត់​និយាយ តាមរយៈ​សំណេរ ប៉ុន្តែ​ពេល​គាត់​និយាយ​ពេញ​ពាក្យ​ចេញពី​មាត់​គាត់​»​។ នេះ​ជាការ​រៀបរាប់​ទាំង​រំភើប​របស់ Weibar ដោយ​ខ្លួន​ជា​មនុស្ស​ទីមួយ​ដែល​ម្តាយ​ហៅ​ដំបូង​គេ​បំផុត ក្រោយ​គាត់​សន្លប់​ជិត​៣០​ឆ្នាំ​។​
 
 
​ក្រោយ​គ្រោះថ្នាក់​រថយន្ត អ្នកស្រី Abdulla រងរបួស​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​។ គាត់​ត្រូវបាន​បញ្ជូន​ព្យាបាល​ពី​ពេទ្យ​មួយ​ទៅ​ពេទ្យ​នៅ​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម ហើយ​ឈានដល់​ខែមេសា ឆ្នាំ​២០១៧ រដ្ឋាភិបាល​បាន​ខ្នះខ្នែង​ចេញ​ថវិកា និង​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​អាល្លឺម៉ង់​។​
 
​ក្រោយ​ព្យាបាល​អស់​ជាច្រើន​ឆ្នាំ ហើយ​ឈានដល់​សប្តាហ៍​ចុងក្រោយ​នៅ​អឺរ៉ុប​ទៅហើយនោះ Weibar ស្រាប់តែ​លឺ​សំឡេង​ចម្លែក​ចេញពី​ម្តាយ​របស់ខ្លួន​។ គេ​បាន​ហៅ​ពេទ្យ​ទៅពិនិត្យ​មើល ប៉ុន្តែ​ភ្លាមៗ ក្រុម​វេជ្ជបណ្ឌិត​រក​មិនឃើញ​អ្វី​ប្លែក​ឡើយ​។​
 
Weibar បាន​ប្រាប់ The National ថា​៖ «៣​ថ្ងៃ​ក្រោយមក ខ្ញុំ​បាន​ភ្ញាក់ ហើយ​ស្រាប់តែ​ឮ​សំឡេង​មនុស្ស​ហៅ​ឈ្មោះ​ខ្ញុំ​។ អ្នកនោះ​គឺ​ម្តាយ​ខ្ញុំ គាត់​ហៅ​ឈ្មោះ​ខ្ញុំ​។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ ច្រើន​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​រង់ចាំ​។ ឈ្មោះ​របស់ខ្ញុំ​គឺ​ពាក្យ​ដំបូង​ដែល​គាត់​បាន​និយាយ​»​។​
 
​អ្នកស្រី Abdulla បន្ត​ស្ថិតក្រោម​ការព្យាបាល​បន្ថែ​ម​នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី​។ គាត់​កំពុង​តែមាន​រីកចម្រើន​ច្រើន ដោយ​អាច​ឆ្លើយ​សំណួរ និង​បង្ហាញ​ពី​សញ្ញា​ប្រក្រតី​។ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ បាន​បញ្ជាក់ថា នេះ​ជា​ករណី​ដ៏​កម្រ​បំផុត​ដែល​មនុស្ស​សន្លប់​រហូត​ដល់​ជិត​៣០​ឆ្នាំ ហើយ​ឈានទៅរក​ភាពប្រក្រតី​ឡើងវិញ​៕

 

Tag:
 អារ៉ាប់​រួម​អេ​ម​
© រក្សាសិទ្ធិដោយ thmeythmey.com