ជាតិ
នយោបាយជាតិ
អ្នកស្រី ស្មីត មកខ្មែរលើកទី៧ ដោយផ្តោតសំខាន់លើការសង្កេតមើលបញ្ហាសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជួបពិភាក្សាជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាពេលកន្លងមក។ រូបពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
× ការិយាល័យឧត្តមស្នងការផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានជូនដំណឹងថា អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី៧ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
«ខ្ញុំ នឹងផ្តោតបេសកកម្មរបស់ខ្ញុំ ទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តនានា ចាប់តាំងពីបេសកកម្មរបស់ខ្ញុំ កាលពីខែវិច្ឆិកា [ឆ្នាំ២០១៨] កន្លងមក។ ខ្ញុំ មានបំណងបន្តពិនិត្យទៅលើវិស័យសិទ្ធិមនុស្ស ទាក់ទងនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅលើការមិនរើសអើង ព្រមទាំងការចូលរួម និងគណនេយ្យភាព»។ នេះជាប្រសាសន៍របស់អ្នកស្រី ស្មីត ដែលត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីជូនដំណឹង។
បើតាមសេចក្តីជូនដំណឹង អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះ នឹងជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងសមាគមការទូតនានា។ លើសពីនេះ អ្នកស្រី នឹងចុះទៅតាមតំបន់ផ្សេងៗនៅកម្ពុជា ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។ អ្នកស្រី នឹងសរសេររបាយការណ៍ពីកម្ពុជា ហើយយកទៅបង្ហាញដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០១៩។
ពេលបញ្ចប់ទស្សនកិច្ច នៅរសៀលនៅថ្ងៃទី៩ ខែឧសភា អ្នកស្រី នឹងធ្វើសន្និសីទកាសែតដូចរាល់ដង ដើម្បីបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់អ្នកស្រី មុននឹងអ្នកស្រី ចាកចេញពីកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com