អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាក្សត្រ​ថៃ ប្រកាស​រៀប​អភិសេក​ជាមួយ​មេបញ្ជាការ​កង​អង្គរក្ស​ផ្ទាល់​
02, May 2019 , 9:04 am        
រូបភាព
មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ នៅ​ថ្ងៃទី​១ ខែឧសភា បានប្រកាស​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ម្ចាស់ សុធី​តា វ​ជិ​រាល​ង្ក​រណ៍ ណ អយុធ្យា ដែលជា​មេបញ្ជាការនៃប្រតិបត្តិការពិសេសកង​អង្គរក្ស​ផ្ទាល់​របស់​ទ្រង់។ រូបថត AFP
មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ នៅ​ថ្ងៃទី​១ ខែឧសភា បានប្រកាស​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ម្ចាស់ សុធី​តា វ​ជិ​រាល​ង្ក​រណ៍ ណ អយុធ្យា ដែលជា​មេបញ្ជាការនៃប្រតិបត្តិការពិសេសកង​អង្គរក្ស​ផ្ទាល់​របស់​ទ្រង់។ រូបថត AFP
មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ នៅ​ថ្ងៃទី​១ ខែឧសភា បានប្រកាស​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ម្ចាស់ សុធី​តា វ​ជិ​រាល​ង្ក​រណ៍ ណ អយុធ្យា (Suthida Vajiralongkorn na Ayudhya) ដែលជា​មេបញ្ជាការរង​កង​អង្គរក្ស​ផ្ទាល់​របស់​ទ្រង់​។ ការប្រកាស​ព័ត៌មាន​ស្តីពី​ការរៀប​អភិសេក​នេះ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃមុន​ពិធី​គ្រងរាជ្យសម្បត្តិ​ផ្លូវការ​របស់​ក្សត មហា វ​ជិ​រាល​ង្ក​រណ៍ នៅ​ចុង​សប្ដាហ៍​នេះ​។​



​ពិធី​អភិសេក​រវាង​មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ និង​ព្រះ​នាង​ម្ចាស់ សុធី​តា វ​ជិ​រាល​ង្ក​រណ៍ ណ អយុធ្យា ធ្វើឡើង​តាមច្បាប់​របស់​ប្រទេស និង​ប្រពៃណី​ក្សត្រ​។ នេះ​បើតាម​សេចក្ដីប្រកាស​ថ្ងៃទី​១ ខែឧសភា ស្ដីពី​ការតែងតាំង​ព្រះរាជ​នី​ថ្មី​របស់​ប្រទេស​។ អាស្រ័យ​ដូចនេះ មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ក៏​តែងតាំង​មហេសី​ថ្មី​របស់​ទ្រង់​ទៅជា​សម្ដេចព្រះ​រាជិនី​សុធី​តា​តែម្ដង​។

​ទំនាក់ទំនង​ស្នេហា​រវាង​មហាក្សត្រ​អង្គ​ទី​១០ នៃ​រាជវង្ស​ចក្រី និង​មហេសី​ចុងក្រោយ​នេះ កើតឡើង​កាលពី​ព្រះអង្គ​នៅ​ជា​រជ្ជទាយាទ ហើយ​មហេសី​អង្គ​នេះ នៅ​ជា​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways មកម្ល៉េះ​។ ទោះជា​យ៉ាងណា ទំនាក់ទំនង​នេះ មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ​រហូត​ដល់ពេល​ប្រកាស​ព័ត៌មាន​ជុំវិញ​ការរៀប​អភិសេក​នេះ​តែម្ដង​។

​ក្នុង​ពិធី​ដែល​ធ្វើឡើង​រាជវាំង​តុសិត​ក្នុង​រាជធានី​បាងកក ស្ដេច​រាមា​ទី​១០ និង​សម្ដេចព្រះ​រាជិនី បាន​ឡាយព្រះហស្ថលេខា​លើ​សំបុត្រអាពាហ៍ពិពាហ៍ ដើម្បី​ក្លាយជា​គូ​ស្វាមីភរិយា​ស្របច្បាប់​។ ព្រះ​ម្ចាស់​ក្សត្រិយ៍ សិរិ​ន​ថន និង​ប្រធាន​ទីប្រឹក្សា​មហាក្សត្រ ព្រេ​ម ទីន​សុ​ឡា​ណុន ក៏បាន​ធ្វើជា​សាក្សី​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។ 

​អំឡុង​ទំនាក់ទំនង​មិន​បញ្ចេញ​ជា​សាធារណៈ​នេះ អគ្គមហេសី​សុធី​តា ដែល​កាលនោះ​នៅមាន​ឋានៈ​តូចតាច​នៅឡើយ ក៏​ក្លាយជា​មន្ត្រី​ក្នុង​ជួរ​អង្គរក្ស​របស់​ស្ដេច​។ ក្នុង​ឆ្នាំ​២០១៤ ត្រូវបាន​តាំង​តាំង​ជា​មេបញ្ជាការ​កង​អង្គរក្ស​ផ្ទាល់​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ដែល​នៅ​ជា​រជ្ជទាយាទ​។ បន្ទាប់ពី ក៏ត្រូវ​បានតែងតាំង​ជា​មេបញ្ជាការ​ប្រតិបត្តិការពិសេសនៃកង​អង្គរក្ស​មហាក្សត្រ ហើយ​ដល់​ឆ្នាំ​២០១៦ ក៏​ឡើងជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន​តែម្ដង​។​

​នេះ​ជាការ​រៀប​អភិសេក​លើក​ទី​បួន​ហើយ​របស់​ស្ដេច មហា វ​ជិ​រាល​ង្ក​រណ៍ ។ សម្រាប់​អាពាហ៍ពិពាហ៍​បី​លើក​កន្លងមក ទ្រង់មាន​បុត្រាបុត្រី​៧​អង្គ តែ​បច្ចុប្បន្ន​នៅសល់តែ​បី​អង្គ​ប៉ុណ្ណោះ​៕


Tag:
 ​ថៃ​
  មហា វ​ជិ​រាល​ង្ក​ករ​ណ៍
© រក្សាសិទ្ធិដោយ thmeythmey.com