ជាតិ
២៥ខេត្ត/រាជធានី
​កុំ​គ្រាន់តែ​ជឿ​អ្នកលក់​ថា ជា​បន្លែ​សុវត្ថិភាព តែ​អ្នកទិញ​ត្រូវ​ដឹង​ពី​គោលការណ៍​ដាំ​បន្លែ​សុវត្ថិភាព​
07, May 2019 , 11:28 am        
រូបភាព
កញ្ញា សោម ចាន់​ឆវី អ្នកឯកទេស​ទីផ្សារ​នៃ​អង្គការ GRET
កញ្ញា សោម ចាន់​ឆវី អ្នកឯកទេស​ទីផ្សារ​នៃ​អង្គការ GRET
​សៀមរាប​៖ ក្រៅពី​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​អ្នក​ដាំ​និង​អ្នក​បរិភោគ នៅក្នុង​«​វេទិកា​អ្នកប្រើប្រាស់​បន្លែ​សុវត្ថិភាព​» ដែល​រៀបចំ​ដោយ​អង្គការ GRET កាលពី​ថ្ងៃទី​៥ ឧសភា​នេះ ក៏បានផ្តល់​ចំណេះដឹង​ដល់​អ្នក​បរិភោគ​បន្លែ​ពី​គោលការណ៍​ត្រួតពិនិត្យ និង​ដំណើរ​ការដាំ​បន្លែ​សុវត្ថិភាព​ទៅកាន់​ទីផ្សារ ដើម្បី​កុំ​ឲ្យ​អ្នក​បរិភោគ​ភ័ន្តច្រឡំ ឬ​មិនអាច​បែងចែក​ដា​ច់រវា​ង​បន្លែ​ប្រើប្រាស់​ថ្នាំពុល​គីមី និង​បន្លែ​សុវត្ថិភាព​។ ជំនួប​លើក​ទី​ពីរ​រវាង​អ្នក​ដាំ​បន្លែ​និង​អ្នក​បរិភោគ​បន្លែ នេះ ធ្វើឡើង​បន្ទាប់ពី​មាន​កសិករ​៦៦​គ្រួសារ ក្នុង​ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប បានប្រែក្លាយ​ជា​ក្រុម​តូចៗ​ទៅជា​សហគមន៍​«​ចម្ការ​សុវត្ថិភាព​ធម្មជាតិ​»​។​

 
​កញ្ញា សោម ចាន់​ឆវី អ្នកឯកទេស​ទីផ្សារ​នៃ​អង្គការ GRET បានលើកឡើង​ក្នុង​វេទិកា​អ្នកប្រើប្រាស់​បន្លែ​សុវត្ថិភាព កាលពី​ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០១៩ ថា ចំណេះដឹង​នៃ​ដំណើរ​ការផលិត​បន្លែ​សុវត្ថិភាព​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​អ្នកប្រើប្រាស់ ឬ​អ្នក​បរិភោគ​បន្លែ​សុវត្ថិភាព​ឱ្យ​យល់​តែ​ច្បាស់​អំពី​បន្លែ​ទាំងនេះ​។ កញ្ញា ចាន់​ឆវី បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ក្នុងន័យនេះ អ្នកប្រើប្រាស់​បន្លែ​សុវត្ថិភាព មិន​ត្រឹមតែ​និយាយថា ខ្លួន​បាន​ទិញ ឬ​ទទួល​បន្លែ​សុវត្ថិភាព​ពី​កសិករ ឬ​អ្នកលក់​នោះទេ​។ ពាក្យ​ថា បន្លែ​សុវត្ថិភាព អ្នក​បរិភោគ​ត្រូវ​ដឹងថា កសិករ​ទាំង​នោះបាន​អនុវត្តន៍​សកម្មភាព​អ្វីខ្លះ បាន​ហ៊ាន​និយាយថា​បន្លែ​នោះ ជា​បន្លែ​សុវត្ថិភាព​»​។​


 
​ដំណើរការ​អនុវត្ត​បន្លែ​សុវត្ថិភាព​របស់​សហគម​ន៍​«​ចម្ការ​សុវត្ថិភាព​ធម្មជាតិ​»​នេះ គឺ​ត្រូវបាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ជាប្រចាំ​តាម​ដំណាក់កាល​នីមួយៗ ដោយមាន​អ្នកចូលរួម​ពី​តំណាង​ក្រុម​ដាំ​បន្លែ​សុវត្ថិភាព​,  ប្រធាន​ក្រុមប្រឹក្សាបច្ចេកទេស​កសិក​ម្ម​, អាជ្ញាធរ​មូលដ្ឋាន និង​ពិសេស​អ្នកប្រើប្រាស់​បន្លែ​សុវត្ថិភាព​ផ្ទាល់​។ នេះ​បើតាម​ការពន្យល់​ពី​អ្នកឯកទេស​ទីផ្សារ​នៃ​អង្គការ GRET កញ្ញា សោម ចាន់​ឆវី​។ ការត្រួតពិនិត្យ​និង​វាយតម្លៃ​ជាប្រចាំ​នេះ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​តាមរយៈ​ការបញ្ជាក់​សុវត្ថិភាព និង​តុល្យភាព​ក្នុង​ផលិត​បន្លែ​សុវត្ថិភាព​។​
 
​ចំណែកឯ ការអនុវត្ត​ទៅតាម​គោលការណ៍​ស្តង់ដារ​បន្លែ​សុវត្ថិភាព​របស់​សហគម​ន៍​«​ចម្ការ​សុវត្ថិភាព​ធម្មជាតិ​» ត្រូវបាន​កញ្ញា ចាន់​ឆវី ពន្យល់​យ៉ាង​ដូច្នេះ​៖ «​ដំណាំ​ទាំងនោះ​ប្រើប្រាស់​គ្រាប់ពូជ​បន្លែ​ក្នុងស្រុក​, ចម្ការ​សុវត្ថិភាព​ត្រូវ​នៅ​ដាច់ដោយឡែក​ពី​ចម្ការ​ធម្មតា​, ប្រើប្រាស់​ជី​និង​ថ្នាំពុល​ធម្មជាតិ ដោយ​មិន​ប្រើប្រាស់​ថ្នាំពុល​គីមី​, ដាំ​បន្លែ​ចម្រុះ​ចាប់ពី​៣​មុខ​ឡើងទៅ និង​ឈប់​ប្រើ​ជី​-​ថ្នាំពុល​ធម្មជាតិ​ក្នុង​រយៈពេល​៧​ថ្ងៃ មុខ​នឹង​ប្រមូល​ផល​បន្លែ​ទាំងនោះ​»​។​


 
​បន្ទាប់ពី​អ្នកឯកទេស​ទីផ្សារ​នៃ​អង្គការ GRET កញ្ញា សោម ចាន់​ឆវី ពន្យល់​ពី​ដំណើរការ​នៃ​ការដាំ​បន្លែ​ដោយ​អនុវត្តតាម​គោលការណ៍​ស្តង់ដារ​បន្លែ​សុវត្ថិភាព​របស់​សហគម​ន៍​«​ចម្ការ​សុវត្ថិភាព​ធម្មជាតិ​» អ្នកចូលរួម​ប្រមាណ​១០០​នាក់ នៅក្នុង​«​វេទិកា​អ្នកប្រើប្រាស់​បន្លែ​សុវត្ថិភាព​» ដែល​រៀបចំ​ដោយ​អង្គការ GRET កាលពី​ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ជ្រៃ​ខាងជើង ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខែ​សៀមរាប នេះ បាន​ចុះ​ឈ្វែ​ង​យល់​ពី​ការអនុវត្ត​ជាក់ស្តែង​របស់​កសិករ​នៅក្នុង​សហគមន៍​«​ចម្ការ​សុវត្ថិភាព​ធម្មជាតិ​»៕



Tag:
 កសិកម្ម​
  បន្លែ​សុវត្ថិភាព​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com