អន្តរជាតិ
បញ្ជូន​នាវា​ដឹក​យន្តហោះ​ក្បែរ​អុីរ៉ង់​! អាមេរិក កំពុង​ធ្វើសង្គ្រាម​ចិត្តសាស្ត្រ​?
07, May 2019 , 2:20 pm        
រូបភាព
នាវាដឹកយន្តហោះ USS Abraham Lincoln ។ រូបភាព US Navay
នាវាដឹកយន្តហោះ USS Abraham Lincoln ។ រូបភាព US Navay
​ការ​ភ័យ​បារម្ភ​ពី​ការផ្ទុះ​ជម្លោះ​រវាង​អាមេរិក និង​អុីរ៉ង់ បាន​កើនឡើង​នៅ​ថ្ងៃទី​៦ ខែឧសភា​ម្សិលមិញ បន្ទាប់ពី​អាមេរិក​សម្រេចចិត្ត​បញ្ជូន​ក្រុម​នាវា​ប្រយុទ្ធ​របស់ខ្លួន​ទៅកាន់​ដែនទឹក​ក្បែរ​អុីរ៉ង់​។ ប្រមុខ​ការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ ចាត់ទុក​ការពង្រាយ​ក្រុម​នាវា​ប្រយុទ្ធ​ដឹកនាំ​នាវា​ដឹក​យន្តហោះ USS Abraham Lincoln ជា​សារ​ព្រមាន​ទៅកាន់​អុីរ៉ង់​។ ភាព​តានតឹង​រវាង​អាមេរិក និង​អុីរ៉ង់​ឡើង​កម្ដៅ​ខ្លាំង​តាំងពី​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ មក​។​

 
​សហរដ្ឋអាមេរិក បាន​ចោទថា អុីរ៉ង់​កំពុង​រៀបចំ​ផែនការ​បង្ករឿង​ដាក់​អាមេរិក ឬ​សម្ព័ន្ធមិត្ត​អាមេរិក​ក្នុង​តំបន់​។ ដោយសារ​រឿងនេះ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ បានចេញ​បញ្ជា​ឲ្យ​បញ្ជូន​ក្រុម​នាវា​ប្រយុទ្ធ​មួយ​កង​ដឹកនាំ​ដោយ​នាវា​ដឹកនាំ​យន្តហោះ USS Abraham Lincoln ទៅកាន់​ដែនទឹក​ក្បែរ​អុីរ៉ាក់ ដោយ​លោក​ចាត់ទុកជា​ការឆ្លើយ​តប​នឹង​ការគំរាមកំហែង​បង្កឡើង​ដោយ​ទីក្រុង​តេ​ហេ​រ៉ង់​។ 
 
​តាមរយៈ Twitter ប្រមុខ​មន្ទីរ​បញ្ច​កោណ​រូបនេះ បាន​ប្រាប់​ឲ្យ​របប​ដឹកនាំ​អុីរ៉ង់​បញ្ឈប់​សកម្មភាព​បង្កហេតុ ហើយ​អាមេរិក​នឹង​ឲ្យ​អុីរ៉ង់​ទទួលខុស បើ​មានការ​វាយប្រហារ​ណាមួយ​លើ​កម្លាំង​ទ័ព​អាមេរិក ឬ​ផលប្រយោជន៍​ណាមួយ​របស់ខ្លួន​។ យ៉ាងណាមិញ មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​រូបនេះ មិនបាន​បញ្ជាក់​ទេ​ថា អ្វី​ទៅជា​ការគំរាមកំហែងរ​បស់​អុីរ៉ង់​ឡើយ​។​
 
​តាមពិតទៅ ព័ត៌មាន​នៃ​ការពង្រាយ​នាវា​ដឹកនាំ​យន្តហោះ​នេះ ត្រូវបាន​ប្រកាស​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ ច​ន ប៊ូល​តុ​ន កាលពី​ថ្ងៃទី​៥ ខែឧសភា​។ មិនមែន​តែ​ក្រុម​នាវា​ដឹក​យន្តហោះ​ឡើយ អាមេរិក​នឹង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តំបន់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ទីបញ្ជាការ​កណ្ដាល​របស់​អាមេរិក​ប្រចាំ​មជ្ឈិមបូព៌ា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ប៊ូល​តុ​ន ។ លោក​ចាត់ទុក រឿងនេះ​ជាការ​សារ​មួយ​ទៅកាន់​អុីរ៉ង់ បើ​អុីរ៉ង់​ហ៊ាន​ប៉ះ​អាមេរិក ឬ​សម្ព័ន្ធមិត្ត​អាមេរិក​នោះ​។​
 
​តប​នឹង​សម្ដី​គំរាម​របស់​មន្ត្រី​អាមេរិក អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អ៊ីរ៉ង់ Keyvan Khosravi ចាត់ទុក​ការលើកឡើង​របស់លោក ប៊ូល​តុ​ន ជាការ​ប្រើប្រាស់​ព្រឹ​ត្ត​ការណ​ចាស់គំរិល​ដើម្បី​ធ្វើសង្គ្រាម​យុទ្ធសាស្ត្រ​។ មន្ត្រី​អុីរ៉ង់​រូបនេះ ថែមទាំង​និយាយ​ឌឺដង​វិញ​ថា លោក ប៊ូល​តុ​ន គ្រាន់តែ​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍​ប៉ុណ្ណោះ​។​
 
​ខណៈ​មន្ត្រី​គ្រាក់ៗ​មិន​លម្អិត​ពី​ផែនការ​អុីរ៉ង់​នោះ មន្ត្រី​អាមេរិក​ដែល​ត្រូវបាន​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters និយាយថា ក្រុង​វ៉ាស៊ីនតោន​ទទួលបាន​ព័ត៌មាន​ចារកម្ម​ដែល​រៀបរាប់​ពី​គម្រោង​វាយប្រហារ​របស់​អុីរ៉ង់​ផ្ទាល់ ឬ​កម្លាំង​ក្រោមបង្គាប់​របស់ខ្លួន​។ មន្ត្រី​អាមេរិក​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់ទៀតថា ព័ត៌មាន​ដែល​ទទួលបាន​ថែមទាំង​បានកំណត់​ពី​ទីតាំង​នៃ​ការវាយប្រហារ ឬក៏​កាលបរិច្ឆេទ​ផងដែរ​៕

Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  ផា​ទ្រី​ក សា​ណា​ហាន់
© រក្សាសិទ្ធិដោយ thmeythmey.com