ក្រុមអង់គ្លេសចំនួនពីរ គឺ Liverpool និង Tottenham Hotspur បានធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេនៅជុំវិញពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការវាយបកយកឈ្នះគូប្រជែងរៀងខ្លួនដើម្បីឈានទៅដណ្តើមពានរង្វាន់ UEFA Champions League វគ្គផ្តាច់ព្រ័ត្រ។ Liverpool ទម្លាក់ Barca ដោយលទ្ធផលទាំងពីរជើង ៤-៣ ខណៈ Spurs បញ្ចប់ក្តីសង្ឃឹមរបស់ Ajax ដើម្បីទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣-៣ តែឈ្នះតាមរូបមន្តគ្រាប់ស៊ុតបញ្ចូលទីក្រៅដី។
បើទោះបរាជ័យនៅជើងទី១ដល់ទៅ ៣-០ ក្នុងទឹកដី Nou Camp ក្រុមរហស្សនាមហង្សក្រហម នៅតែអាចទម្លាក់ក្រុម Barcelona វិញបានដោយគ្រាប់បាល់វាយបកយកឈ្នះដោយលទ្ធផល ៤-០ វិញ នាជំនួបជើងទី២ ក្នុងកីឡដ្ឋាន Anfield ដែលរកគ្រាប់បាល់បានដោយ ខ្សែប្រយុទ្ធ Divock Origi ២គ្រាប់ និង ខ្សែបម្រើ Georginio Wijnaldum ២គ្រាប់។
ស្របពេលគ្នានេះ រឿងដែលមិននឹកស្មានដល់នោះគឺនៅក្រោយ១ថ្ងៃបន្ទាប់ពីជ័យជម្នះរបស់ Liverpool ក្រុមលីគកំពូលអង់គ្លេសមួយទៀតគឺ Tottenham Hotspur ក៏បានវាយបកតាមឈ្នះដ៏អស្ចារ្យបំផុតមិនធ្លាប់មានលើគូប្រជែងដូចគ្នា។
ក្នុងជំនួបជើងទី២នៅកីឡដ្ឋាន Johan Cruyff Arena ខ្សែបម្រើ Lucas Moura អាចស៊ុតបាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងឲ្យ Spurs នៅតង់ទី២ បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Ajax នាំមុខដល់ទៅ២គ្រាប់ទៅហើយនៅតង់ទី១។
គ្រាប់បាល់វាយបកដំបូងរបស់ Tottenham Hotspur កើតឡើងនៅនាទី៥៥ដែលសម្រេចបានដោយ Moura ហើយ៤នាទីក្រោយមក គេបានបន្ថែមគ្រាប់ទីពីរ។ ទីបំផុត ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះ បានក្លាយជាវីរបុរសប្រចាំការប្រកួត តាមរយៈការរកបានគ្រាប់ទី៣ នៅនាទី៩៦ ដើម្បីជួយ Spurs ឈ្នះ Ajax ៣-២។
កាលពីប្រកួតជើងទី១ ក្រុមភ្ញៀវ Ajax បានយកឈ្នះ Spurs ១-០ ដូច្នេះក្រុមទាំងពីរទទួលបានលទ្ធផលទាំងពីរជើង ៣-៣ ប៉ុន្តែ ៣ គ្រាប់របស់ Moura គ្រប់គ្រាន់ដើម្បីនាំក្រុមមាន់ខ្នាយមាសឡើងទៅជួប Liverpool នៅវគ្គផ្តាច់ព្រ័ត្រ ព្រោះមានប្រៀបគ្រាប់បាល់ចំណេញក្រៅដី (Away Goals) ដល់ទៅ៣គ្រាប់។
ជាការពិតណាស់ក្នុងការប្រកួតដណ្តើមពានលីគប្រចាំតំបន់អឺរ៉ុបនេះមានក្រុមតិចតួចណាស់ដែលមានប្រវត្តិទទួលជ័យជម្នះតាមរយៈការវាយបកតាមឈ្នះ ព្រោះក្រុមនីមួយៗសុទ្ធសឹងជាក្រុមមានកម្រិតកំពូលដូចៗគ្នា។
Liverpool ធ្លាប់ធ្វើបានស្រដៀងគ្នានេះនាការប្រកួតផ្តាច់ព្រ័ត្រដើម្បីក្លាយជាម្ចាស់ពានកំពូលអឺរ៉ុបកាលពីឆ្នាំ២០០៥ ដោយវាយបកតាមស្មើ ៣-៣ បន្ទាប់ពីត្រូវបាននាំមុខដោយក្រុមអ៊ីតាលី AC Milan ៣-០។ កាលនោះ Liverpool ក្រោមការដឹនាំរបស់លោក Rafael Benítez បានយកឈ្នះ AC Milan ដោយទាត់បាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្រ។
ប៉ុន្តែបើតាមការវាយតម្លៃរបស់អ្នកវិភាគកីឡាបាល់ទាត់ល្បីៗ ពួកគេបានចាត់ទុក Liverpool និង Spurs ជាក្រុមដែលវាយបកយកឈ្នះល្អដាច់គេក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Champions League បន្ទាប់ពី Barca ជាក្រុមទី១ ដែលវាយបកយកឈ្នះ Paris Saint-Germain ដោយលទ្ធផលទាំងពីរជើង ៦-៥ (ជើងទី១ PSG ឈ្នះក្នុងដី ៤-០) កាលពីរដូវកាល២០១៦-១៧។
Liverpool និង Spurs នឹងតទល់គ្នានៅវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Wanda Metropolitano នាទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩៕