អន្តរជាតិ
ស្ថានការណ៍កាន់តែតានតឹង! កូរ៉េខាងជើង ប្រកាសសាកល្បងអាវុធចម្ងាយឆ្ងាយ
× កូរ៉េខាងជើង នៅថ្ងៃទី៩ ខែឧសភា បានធ្វើសមយុទ្ធមួយប្រាវទៀតដើម្បីសាកល្បងសមត្ថភាពយោធារបស់ខ្លួន ដោយបានបាញ់កាំជ្រួចជាច្រើនគ្រាប់ផង។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្សាយថា អាវុធដែលសាកល្បង ជាអាវុធសម្រាប់វាយប្រហារគោលដៅចម្ងាយឆ្ងាយ តែមិនបញ្ជាក់ថា ជាប្រភេទអាវុធអ្វីឡើយ។ ទោះជាយ៉ាងណា សកម្មភាពរបស់កូរ៉េខាងជើង ទំនងធ្វើឲ្យភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើង ខណៈប្រធានាធិបតីកូរ៉េខាងត្បូង ក៏ព្រមានកូរ៉េខាងជើងដែរ។
៦ថ្ងៃក្រោយបាញ់មីស៊ីលចម្ងាយខ្លីចូលសមុទ្រជប៉ុន កូរ៉េខាងជើងក៏បានបាញ់កាំជ្រួចមួយសារទៀតក្នុងសមយុទ្ធធ្វើតេស្តអាវុធចម្ងាយវែងនៅថ្ងៃទី៩ ខែឧសភា។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្សាយថា ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានដឹកនាំ និងបញ្ជាដោយផ្ទាល់សមយុទ្ធលើកនេះ ដែលទទួលបានជោគជ័យត្រចះត្រចង់។
បើតាម KCNA លោក គីម ក៏បានពិនិត្យមើលផែនការសមយុទ្ធសាកល្បងអាវុធចម្ងាយឆ្ងាយដែលធ្វើនៅឆ្នេរខាងលិចប្រទេស។ សមយុទ្ធនេះ បានបង្ហាញពីអាវុធភាពនៃអង្គភាពការពារជាតិនៃយោធាកូរ៉េខាងជើង និងការត្រៀមខ្លួនអនុវត្តបញ្ជាគរប់យ៉ាងរាប់ទាំងការប្រយុទ្ធផងដែរ។ មេដឹកនាំកូរ៉េខាងជើង ក៏ឆ្លៀតពេលនេះ ណែនាំឲ្យកងទ័ពពង្រឹងសមត្ថភាពវាយប្រហារគោលដៅរបស់ខ្លួន។ នេះក៏ជាលើកទីពីរដែលលោក គីម ត្រួតពិនិត្យដោយផ្ទាល់សមយុទ្ធក្នុងរយៈពេលមិនដល់មួយសប្ដាហ៍មកនេះ។
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មិនបានបង្ហាញប្រភេទអាវុធដែលបានបាញ់ឡើយ ហើយក៏មិនបានប្រើពាក្យកាំជ្រួច រ៉ុក្កែត ឬមីស៊ីលអ្វីទាំងអស់។ យោធាកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៊ីលចម្ងាយមធ្យមចំនួនពីរគ្រាប់ដែលហោះក្នុងចម្ងាយ៤២០គីឡូម៉ែត្រ និង២៧០គីឡូម៉ែត្រ។ ចំណែកអាមេរិកវិញ បញ្ជាក់ថា មីស៊ីលទាំងនោះ ជាប្រភេទមីស៊ីលបាលីស្ទិកចម្ងាយខ្លី។ បើដូចអាមេរិកថាមែន កូរ៉េខាងជើងកំពុងបំពានដំណោះស្រាយអង្គការសហប្រជាជាតិហើយ។
ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានកើនឡើងបន្តិចម្ដងៗតាំងតែពីជំនួបបរាជ័យនៅវៀតណាមរវាងអាមេរិក និងកូរ៉េខាងជើង។ កូរ៉េខាងជើង ត្រូវបានគេមើលឃើញថា វិលត្រឡប់ទៅប្រើវិធីសាស្ត្រចាស់របស់ខ្លួនវិញ គឺយកការសាកល្បងមីស៊ីល ឬកាំជ្រួចដើម្បីសម្ញែងសាច់ដុំ ហើយចង់ឲ្យភាគីម្ខាងទៀតធ្វើតាមការចង់បានរបស់ខ្លួន។ ទោះជាយ៉ាងណា អាមេរិក នៅមិនទាន់ប្រតិកម្មខ្លាំងនៅឡើយទេ ហើយប្រធានាធិបតី ដូណាល់ ត្រាំ ក៏នៅតែទុកច្រកចរចាដដែល។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ចាត់ទុកសកម្មភាពថ្មីៗនេះរបស់កូរ៉េខាងជើង ជាការតវ៉ាចំពោះបរាជ័យនៃជំនួបទីក្រុងហាណូយ និងជាការដាក់សម្ពាធដើម្បីឲ្យការចរចាបែរទៅរកទិសដៅដែលខ្លួនចង់បាន។ ទោះមានហេតុផលអ្វីក៏ដោយចុះ លោក មូន បានព្រមានថា ទង្វើរបស់ទីក្រុងព្យុងយ៉ាង នឹងធ្វើឲ្យការចរចាកាន់តែលំបាកខ្លាំង៕
Tag:
កូរ៉េខាងជើង
អាមេរិក
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com