ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! រឿងរ៉ាវ​អស្ចារ្យ​ដែល​នឹង​កើតឡើង​ចំពោះ​សុខភាព ប្រសិនបើ​អ្នកដើរ​រាលថ្ងៃ​
10, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដើរ គឺជា​លំ​ហាត់ប្រាណ​ដ៏​ល្អ និង​ងាយស្រួល​បំផុត​មួយ​ដើម្បី​រក្សាបាន​នូវ​សុខភាព​រឹងមាំ​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ ដូច្នេះ​អ្នក​គួរ​ដើរ​ជាប្រចាំ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់​
​ពី ១៥ ទៅ ៣០ នាទី​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ថា​តើ​ការដើរ​ផ្ដល់នូវ​អត្ថប្រយោជន៍​អ្វី​ខ្លះទៅ​? ហេតុអ្វី​បានជា​យើង​គួរ​ដើរ​រាល់ថ្ងៃ​?



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការដើរ​ជាប្រចាំ​ចំពោះ​សុខភាព ៖
 
១. បង្កើន​សុខភាព​ខួរក្បាល​
 
​អ្នកនឹង​ទទួលបាន​សុខភាព​ខួរក្បាល​កាន់តែ​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ការដើរ​អាចជួយ​បង្កើន​កម្រិត​នៃ​អ័រម៉ូន​អារម្មណ៍ល្អ endorphins និង​កាត់បន្ថយ​អ័រម៉ូន ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត ការដើរ​ធ្វើ​ឲ្យ​បេះដូង​ច្របាច់​ឈាម​ទៀងទាត់​ដែល​មានន័យថា រាល់​សរីរាង្គ រួមទាំង​ខួរក្បាល​នឹង​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់ ហើយ​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ រួមបញ្ចូល​ទាំង​ការបញ្ចេញ​អ័រម៉ូន​អារម្មណ៍ល្អ​។​
 
២. សុខភាព​ភ្នែក​
 
​ការដើរ​ក៏​ជួយ​បង្កើន​ភាព​មើលឃើញ​បាន​ច្បាស់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ការដើរ​ជួយ​បញ្ចេញ ឬ​កាត់បន្ថយ​សម្ពាធ​ភ្នែក​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ជៀស​ផុតពី​ហានិភ័យ​នៃ​បញ្ហា​ឡើង​សម្ពាធ​ក្នុង​ភ្នែក (​ជំងឺ​ភ្នែក glaucoma)​។​
 
៣. សុខភាព​បេះដូង​
 
​ការដើរ គឺជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ​ដែល​អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ដោយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​ឈាម​ជំនួស​វិញ​។ ដូចដែល​ភាគច្រើន​នៃ​ពួកយើង​ធ្លាប់​បានដឹង​រួចមកហើយ​ថា ការឡើង​ខ្ពស់​នៃ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​អាច​បង្កបញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន រួមបញ្ចូល​ទាំង​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
៤. បង្កើន​សុខភាព​សួត​
 
​ការដើរ គឺ​អនុញ្ញាត​ឲ្យ​សួត​មាន​លំហូរ​អុកស៊ីសែន​កាន់តែ​ច្រើនជាង​មុន​ឆ្លងកាត់​ពេញ​ក្នុង​រាងកាយ​។ ដូច្នេះ​ក្រៅពី​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​រាងកាយ​ហើយ​នោះ ការដើរ​ក៏​ជះឥទ្ធិពល​លើ​មុខងារ​នៃ​សួត​ដែល​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​សួត​ផ្សេងៗ​ផងដែរ​។​
 
៥. ស្រក​ទម្ងន់​
​អត្ថប្រយោជន៍​ដ៏​ច្បាស់លាស់​មួយ​នៃ​ការដើរ​ជាប្រចាំ គឺ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​។ នោះ​ក៏​ព្រោះតែ​កាឡូរី​នឹងត្រូវ​បាន​បំ​លែង​ដើម្បី​ប្រើប្រាស់​ភ្លាមៗ​ជា​ថាមពល​សម្រាប់​រាងកាយ​។​
 
៦. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
 
​ការដើរ​មិន​ត្រឹមតែ​ជា​លំ​ហាត់ប្រាណ​ល្អ​បំផុត​មួយ​សម្រាប់​រាងកាយ​ឡើយ​ប៉ុន្តែ​ក៏​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។ ការដើរ​បន្ទាប់ពី​ទទួលទាន​អាហារ​ពេល​ល្ងាច គឺ​ជួយ​កំណត់​បរិមាណ​ត្រឹមត្រូវ​នៃ​ការបញ្ចេញ​ទឹក​រំលាយ​អាហារ ឬ​ទឹក​ក្រពះ និង​អង់ស៊ីម​បំបែក​អាហារ​។ ហើយ​ការ​ទទួលទាន​អាហារ​សុខភាព​ល្អ គឺ​មិនអាច​ផ្ដល់​ប្រយោជន៍​អ្វី​ឡើយ ប្រសិនបើ​ការរំលាយ​អាហារ​ដំណើរការ​មិនបាន​ត្រឹមត្រូវ​នោះ​។ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​ស្ថានភាព​ល្អប្រសើរ​នៃ​ដំណើរ​ការរំលាយ​អាហារ​ក្នុង​រាងកាយ ចូរ​ឆ្លៀត​ដើរ​ឲ្យ​បាន​យ៉ាងហោចណាស់​ពី ១៥ ទៅ ៣០ នាទី​ក្នុង​មួយថ្ងៃ​។​
 
៧. ពង្រឹង​សុខភាព​ឆ្អឹង​
 
​ដោយ​គ្រាន់តែ​ដើរ​ឲ្យ​បាន​យ៉ាងហោចណាស់​ពី ១៥ ទៅ ៣០ នាទី​រៀងរាល់ថ្ងៃ នោះ​ក៏​អាចជួយ​ឲ្យ​សុខភាព​ឆ្អឹង​កាន់តែ​ប្រសើរ​រឹងមាំ ហើយ​ជៀស​ផុតពី​ជំងឺ​ពុក​ឆ្អឹង​បានដែរ​។​
 
៨. បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​
 
​ការដើរ​ជាប្រចាំ​អាចជួយ​ក្នុង​ការជំរុញ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។ ដូច្នេះ​ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ងាយៗ ដោយ​ដើរ​យ៉ាងហោចណាស់ ៣០ នាទី​ក្នុង​មួយថ្ងៃ ដើម្បី​ពង្រឹង​ដល់​កោសិកា​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​បាក់តេរី​អាក្រក់ៗ​នៅក្នុង​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com