ជាតិ
ក្រសួងទេសចរណ៍ នឹង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​លុប​និង​ពន្យារពេល​ហោះហើរ​ញឹកញាប់​
11, May 2019 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មការ​អន្តរក្រសួង នឹង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ទេសចរណ៍​ណា ដែល​លុបចោល​និង​ពន្យារពេល​ហោះហើរ​រឿយៗ ដែល​បង្ក​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍ និង​អ្នកធ្វើដំណើរ ។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​។


 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា ធ្លាប់មាន​អ្នកធ្វើដំណើរ​និង​ភ្ញៀវទេសចរ​រិះគន់​ដោយផ្ទាល់​និង​ប្រយោល​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅ​កម្ពុជា ឧស្សាហ៍​លុបចោល​ជើងហោះហើរ​និង​ពន្យារពេល​។ រដ្ឋមន្ត្រី​បានប្រកាសថា នាពេលខាងមុខ គណៈកម្មការ​អន្តរក្រសួង​នឹង​កោះប្រជុំ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ និង​ក្រុមហ៊ុន​គ្រប់គ្រង​ព្រលានយន្តហោះ រួមជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា ឬក៏​ចាត់វិធានការ​ណាមួយ​ចំពោះ​បញ្ហា​ច្រំ​ដែលៗ​នេះ​។  
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង កាលពី​ថ្ងៃទី​១០ ឧសភា ថា បញ្ហា​លុបចោល​និង​ពន្យារ​ពេលនេះ ធ្វើ​ឲ្យ​ភ្ញៀវ​ធ្វើដំណើរ​មិន​ពេញចិត្ត ខណៈ​មន្ត្រី​ថ្នាក់ដឹកនាំ​ភាគច្រើន ក៏​តែងតែ​ជួប​បញ្ហា​នេះ​ផងដែរ​។ ជាពិសេស​ធ្វើ​ឲ្យ​ខក​ការប្រជុំ​គម្រោង​ផែនការ​ធំៗ ដល់​អ្នកធ្វើដំណើរ​ទៀត​ផង​។  


រូបភាពពីក្រសួងទេសចរណ៍

​ជុំវិញ​បញ្ហា​នេះ លោក តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(Thmey Thmey) ថា គណៈកម្មការ​សម្របសម្រួល​ការធ្វើដំណើរ​និង​ដឹកជញ្ជូន​ទេសចរណ៍ នឹង​កោះហៅ​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ឧស្សាហ៍​លុប​ការហោះហើរ​និង​ពន្យារពេល​មក​ណែនាំ​។ លោក តុ​ប សុភ័ក មានប្រសាសន៍ថា​៖ «​ណែនាំ​ក្រុមហ៊ុន​អាកាសចរណ៍​ណា ដែល​ឧស្សាហ៍​លុប​ការហោះហើរ​និង​ពន្យារពេល​មក​ណែនាំ ប្រសិនបើ​នៅតែមាន​ករណីនេះ​កើតឡើង និង​មាន​ការចាត់​វិធាន​បន្តទៀត​។ ចំពោះ​វិធានការ​យ៉ាងណា​គណៈកម្មកា​រ​សម្របសម្រួល​ការធ្វើ​ដំណើរ​និង​ដឹកជញ្ជូន​ទេសចរណ៍ នឹងមាន​ការប្រជុំ​ពិភាក្សា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។ 
 
​លោក តុ​ប សុភ័ក ដែល​បាន​បន្ថែមថា ក្រុមការងារ​ពាក់ព័ន្ធ​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ ដល់​អ្នកដំណើរ​និង​ភ្ញៀវទេសចរ ៕
 

Tag:
 ហោះហើរ​
  ក្រុមហ៊ុន​អាកាសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com