អន្តរជាតិ
ក្រុង Lucerne នៅស្វីសទទួលបានទេសចរចិនយ៉ាងច្រើនមិនគួរឲ្យជឿនាខែឧសភានេះ
× Lucerne ដែលជាក្រុងតូចមួយនៅប្រទេសស្វីស ទទួលបាននូវលំហូរទេសចរជនជាតិដ៏គួរឲ្យកត់សម្គាល់នាអំឡុងខែឧសភា ឆ្នាំ២០១៩នេះ។ ក្រុមហ៊ុនសម្អាងដ៏ធំមួយរបស់អាមេរិក បានរៀបចំដំណើរទេសចរណ៍រួមមួយសម្រាប់បុគ្គលិកផ្នែកលក់ជនជាតិចិនរបស់ខ្លួន ដោយឲ្យពួកគេទៅទស្សនាប្រទេសស្វីស ជាពិសេសក្រុង Lucerne ដែលមានសរុបដល់ទៅប្រមាណ១២០០០នាក់។
យោងតាមការផ្សាយរបស់ RTS Info ភ្ញៀវទេសចរចិនដំបូងប្រមាណ៤០០០នាក់ បានទៅដល់ក្រុង Lucerne ក្នុងចំណោមកញ្ចប់ទស្សនាសរុប១២០០០នាក់នៅខែឧសភានេះ។ នៅ Lucerne ពួកគេអាចទស្សនាទីតាំងសំខាន់ជាច្រើន រួមទាំងការជិះទូក ការដើរទិញឥវ៉ាន់នៅផ្សារទំនើប និងការភ្លក្សរសជាតិម្ហូបអាហារផ្សេងៗ។
លោកស្រី Franziska Bitzi មន្ត្រីទទួលបន្ទុកទេសចរណ៍ប្រចាំក្រុង Lucerne បានបញ្ជាក់ថា តំបូងឡើយ ក្រុមហ៊ុនបានបញ្ជាក់តែចំនួន៣០០០នាក់ប៉ុណ្ណោះ ប៉ុន្តែតួលេខជាក់ស្តែង កើនដល់ទៅ១២០០០នាក់។ ករណីនេះ នាំឲ្យអាជ្ញាធរក្រុង ត្រូវរៀបចំបង្គន់អនាម័យបន្ថែម សម្រួលសញ្ញាចរាចរណ៍ និងសេវាដឹកជញ្ជូនផ្សេងទៀត។
ជាមួយគ្នា អាជ្ញាធររំពឹងថា ក្រុមទេសចរទាំងនេះ នឹងបន្តផ្សព្វផ្សាយដល់ជនជាតិចិនផ្សេងទៀត ខណៈបច្ចុប្បន្ន Lucerne ទទួលបានភ្ញៀវទេសចរ ៩,៤លាននាក់ជារៀងរាល់ឆ្នាំ ដោយភាគច្រើនទៅពីតំបន់អាស៊ី និងអាមេរិក។
ជាមួយនឹងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ រថយន្តដឹកអ្នកដំណើរត្រូវបន្ថែមដល់ទៅជិត១០០គ្រឿង ហើយជើងយន្តហោះពីចិន មានដល់៤០លើក។ ក្រុមនេះ ចំណាយជាមធ្យមប្រមាណជាង៤លានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com