ភ្នំពេញ៖ បញ្ហាតម្លៃស្វាយនៅក្នុងទីផ្សារកំពុងក្លាយជាប្រធានបទ ឆ្លើយឆ្លងគ្នាពាក់ព័ន្ធទៅនឹងស្ដង់ដារ។ កសិករខ្លះលក់ស្វាយកែវរមៀត បានតម្លៃខ្ពស់ ដោយអះអាងថា ខ្លួនដាំត្រូវតាមបច្ចេកទេសស្ដង់ដារ ខណៈកសិករខ្លះ លក់បានក្នុងតម្លៃទាបពីឈ្មួញ ដោយសារកសិផលស្វាយមិនស្របតាមស្ដង់ដារ។ សម្រាប់អ្នកជំនាញកសិកម្មវិញ យល់ឃើញថា បញ្ហាតម្លៃស្វាយខ្ពស់-ទាបនេះ គឺមិនមែនមកពីបញ្ហាស្ដង់ដារទេ ប៉ុន្តែវាកើតចេញពីឈ្មួញក្រឡុកតម្លៃ ខណៈដែលពលរដ្ឋមិនទាន់យល់ពីតម្រូវការទីផ្សារច្បាស់។
ជាកសិករដាំស្វាយកែវរមៀតចំនួន២៥០ដើម នៅលើផ្ទៃដីមួយហិកតា ក្នុងស្រុកកងមាស ខេត្តកំពង់ចាមលោក ខូវ ឆេងហ៊ី បានប្រមូលផលស្វាយលក់ជាបន្តបន្ទាប់ ចាប់តាំងពីខែមករា ដល់ខែឧសភានេះ។ ទោះជារដូវស្វាយ ចាប់ផ្ដើមសម្បូរនៅទូទាំងប្រទេស(កសិករប្រមូលផលស្វាយលក់) តាំងពីខែមីនា មកក្តី ក៏តម្លៃស្វាយរបស់លោក ឆេងហ៊ី នៅតែលក់បានតម្លៃខ្ពស់ពីឈ្មួញដដែល។ ត្រង់ចំណុចនេះលោក ឆេងហ៊ី បានអះអាងថា មូលហេតុដែលលោកលក់ស្វាយបានតម្លៃខ្ពស់នេះ ដោយសារតែលោកបានអនុវត្តបច្ចេកទេសដាំដុះតាមស្ដង់ដារទីផ្សារ និងមានឈ្មួញចាំទិញត្រឹមត្រូវ។
កសិករដាំស្វាយកែវរមៀតជាង១០ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey យ៉ាងដូច្នេះថា៖ «តម្លៃស្វាយឆ្នាំនេះ គឺមិនថោកទេ ព្រោះចាប់ពីខែមករា-មេសាដែលគេហៅថាជាការប្រមូលផលដើមដៃ ខ្ញុំលក់បាន១៥០០ក្នុងមួយគីឡូក្រាម ជាតម្លៃស្វាយក្រៅកញ្ចប់ និង១៨០០រៀលក្នុងមួយគីឡូក្រាម ជាតម្លៃស្វាយក្នុងកញ្ចប់។ តម្លៃទាំងនេះដូចនឹងឆ្នាំទៅដែរ។ ដោយឡែកការប្រមូលផលស្វាយចុងរដូវ នៅដើមខែឧសភានេះ ខ្ញុំលក់ស្វាយបានតម្លៃ៣០០រៀលក្នុងមួយគីឡូក្រាម។ ស្វាយទាំងនេះជនជាតិវៀតណាម ចុះមកទិញ និងបេះដោយខ្លួនឯង មិនពិបាកអ្វីច្រើនដល់ខ្ញុំទេ»។
លោក ឆេងហ៊ី បានបញ្ជាក់ថា តម្លៃស្វាយ ៣០០រៀលក្នុងមួយគីឡូក្រាមនេះ ជាប្រភេទស្វាយដែលមិនល្អ មានរូបរាងក្រិន មានស្នាមអុចខ្មៅតូចៗដែលសត្វល្អិតទិច គ្មានការថែទាំ ដែលមិនប្រើថ្នាំសម្រាប់ការពារអ្វីឡើយ។ ចំណែកតម្លៃស្វាយ៣០០រៀលក្នុងមួយគីឡូក្រាមនេះ លោកមិនរាប់បញ្ជូលក្នុងប្រាក់ចំណេញដែលទទួលបានពីលក់ស្វាយដើមរដូវទេ។ បើតាមលោក ឆេងហ៊ី ក្នុងស្វាយ១០០ដើម បើដាំនិងថែទាំបានល្អនោះ វានឹងផ្តល់ផលយ៉ាងហោចណាស់១០តោន ។ដូច្នេះបើលក់បាន៥០០រៀលក្នុងមួយគីឡូ គឺកសិករអាចរួចថ្លៃដើម ប៉ុន្តែបើលក់បាន១០០០រៀលក្នុងមួយគីឡូ កសិករអាចរស់បានយ៉ាងប្រសើរ។
ប្រភពរូប ៖ បានពីហ្វេសប៊ុក
មិនខុសពីលោក ឆេងហ៊ី ឡើយ លោក ញឹម ញន ក៏ទទួលបានប្រាក់ចំណូលសុទ្ធ៤ម៉ឺនដុល្លារ ពីការប្រមូលផលស្វាយកែវរមៀតជាង១០០០ដើម នៅក្នុងរដូវស្វាយ ឆ្នាំ២០១៩នេះ ដែលកើនឡើង១០ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ជាអ្នកដាំលក់ផង និងជាអ្នកប្រមូលទិញស្វាយក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ធំផង លោក ញឹម ញន បាននិយាយថា ក្រៅពីមានទីផ្សារលក់ស្វាយឱ្យឈ្មួញជនជាតិវៀតណាមហើយ ក៏មានខាងភាគីសមាគមស្វាយចាំទទួលទិញផងដែរ។
«ស្វាយរបស់ខ្ញុំឆ្នាំនេះមិនបានផ្គត់ផ្គង់ឱ្យសមាគមទេ ព្រោះស្វាយដែលខ្ញុំដាំបានរកឱ្យតែឈ្មួញវៀតណាមមិនគ្រប់ផង។ ម្យ៉ាងវិញទៀត ស្វាយដែលលក់ឈ្មួញវៀតណាមមកទិញដល់ចម្ការ ក៏មានតម្លៃខ្ពស់ជាងតម្លៃក្នុងសមាគមផងដែរ។ ខ្ញុំជឿជាក់ថា ស្វាយកែវរមៀត យ៉ាងណានៅតែមានតម្លៃល្អនៅលើទីផ្សារ ហើយឈ្មួញវៀតណាមទាំងនោះមកទិញដល់ចម្ការ ដ៏រាបណាស្វាយមានស្តង់ដារ មានរូបរាងនិងពណ៌សម្បុរល្អ ត្រូវគីឡូដែលឈ្មួញចង់បាន និងរសជាតិល្អ គឺមិនខ្វះអ្នកទិញទេ នៅដល់ណាក៏គេទៀតដែរ»។ នេះជាការបញ្ជាក់របស់លោក ញឹម ញន។
បើតាមលោក ញឹម ញន ស្វាយដែលមានតម្លៃ១៥០ទៅ៣០០រៀលក្នុងមួយគីឡូក្រាម ដោយសារកសិករទាំងនោះដុះដាំមិនត្រូវតាមស្តង់ដារ និងបច្ចកទេសនៃការថែទាំត្រឹមត្រូវ។ លើសពីនេះម្ចាស់ចម្ការស្វាយទាំងនោះមានផ្ទៃដីដាំដុះតូចៗ ដែលឈ្មួញគេមិនចាប់អារម្មណ៍ ពិសេសមិនបានចូលជាសមាជិកក្នុងសមាគមអ្នកដាំស្វាយទៀត ទើបបានជួបបញ្ហាដូច្នេះ។
ក្រៅពីមានកសិករលក់ស្វាយកែវរមៀតបានថ្លៃខ្ពស់ក្នុងឆ្នាំនេះ ក៏មានកសិករខ្លះលក់ស្វាយបានតម្លៃថោកផងដែរ។ លោក កប សេងលី ជាកសិករដាំស្វាយកែវរមៀតមួយរូប ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានលក់ស្វាយកែវរមៀតក្រៅកញ្ចប់កម្រិតលេខមួយ បានតម្លៃ៣០០រៀលក្នុងមួយគីឡូក្រាម ចំណែកកម្រិតលេខពីរលក់បាន១៥០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែស្វាយនៅក្នុងកញ្ចប់វិញ លោក សេងលី លក់បានត្រឹមតែ៨០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ បើតាមលោក កប សេងលី ស្វាយកែវរមៀតជាង១០០ដើមរបស់លោក គឺជាស្វាយធម្មជាតិ ដែលដាំទុកចោលគ្មានការថែទាំ និងមិនបាញ់ថ្នាំរក្សាឬការពារសត្វល្អិតអ្វីឡើយ។
កសិករដែលប្រមូលផលស្វាយលើកដំបូង លើការដាំអស់រយៈពេលជាង៤ឆ្នាំមកនេះ បានបន្ថែមថា៖«ចម្ការស្វាយដែលនៅជិតចម្ការខ្ញុំ ខ្លះគេលក់បានថ្លៃ ,ខ្លះទៀតក៏លក់បានតម្លៃថោកដូចខ្ញុំដែរ។ ហើយឆ្នាំក្រោយខ្ញុំ នឹងដាំស្វាយឱ្យត្រូវតាមបច្ចេកទេស វេចខ្ចប់ ការពារ ថែទាំឱ្យល្អ ដើម្បីលក់បានថ្លៃដូចទេដែរ»។
កាលពីពេលថ្មីៗនេះ ក៏មានវីដេអូបង្ហោះលើហ្វេសប៊ុកបង្ហាញពីសកម្មភាពប្រជាកសិករដាំស្វាយលក់ នៅខេត្តព្រៃវែង និងស្វាយរៀង បានបេះ និងចាក់ស្វាយចោលនៅក្នុងចម្ការផងដែរ ដោយសារគ្មានតម្លៃទីផ្សារសមរម្យ សម្រាប់ពួកគេ។
ត្រង់ចំណុចនេះលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា បញ្ហាស្វាយកែវរមៀតដែលមានតម្លៃទាប រហូតដល់ប្រជាកសិករ បានដឹកចាក់ចោលនេះ ដោយសារស្វាយទាំងនេះ ក្រិន សត្វទិច គ្មានការវេចខ្ចប់ស្វាយត្រឹមត្រូវ ក្នុងអំឡុងពេលចេញផ្លែ ដែលមិនត្រូវតាមស្តង់ដារនៃទីផ្សារ។ ម្យ៉ាងវិញទៀតការផលិតស្វាយនៅក្នុងស្រុក គឺលើសពីតម្រូវទីផ្សារ។ ដូច្នេះឈ្មួញ មានសិទ្ធិជ្រើសរើសទំនិញដែលមានគុណភាព ដែលគេចង់បាន។
រដ្ឋលេខាធិការរូបនេះ បាននិយាយដូច្នេះថា៖« តើកសិករផលិតស្វាយ៣ដងក្នុងមួយឆ្នាំ តើផ្គង់ផ្គង់ឱ្យទីផ្សារណា។ ហើយចំពោះស្វាយចំនួនដែលចាក់ចោល ឬលក់បានតម្លៃថោកនោះ គឺមិនមែនថាលក់មិនដាច់ឬគ្មានទីផ្សារនោះទេ ប៉ុន្តែគឺជាស្វាយដែលគេរើសបោះចោល។ មានន័យថា ជាស្វាយទាំងនោះមានរូបរាង ក្រិន សត្វទិច ស្នាមឬជាំ និងពណ៌សម្បុរមិនល្អជាដើម។ ព្រោះទីផ្សារមួយចំនួនមានគោលដៅស្តង់ដារច្បាស់លាស់ »។
តែយ៉ាងណាបញ្ហានេះលោក យង់ សាំងកុមារ ស្ថាបនិកអង្គការសេដាក យល់ឃើញថា ការធ្លាក់ចុះ ឬឡើងតម្លៃទីផ្សារនេះ មិនមែនមកពីបញ្ហាស្ដង់ដារទេ ប៉ុន្តែវាកើតចេញពីឈ្មួញក្រឡុកតម្លៃ ខណៈដែលពលរដ្ឋមិនទាន់យល់ដឹងពីតម្រូវការទីផ្សារ និងខ្វះព័ត៌មានទីផ្សារ។ ក្នុងន័យនេះលោក កុមារ ជំរុញឲ្យពលរដ្ឋបង្កើនទំនាក់ទំនងរកទីផ្សារមុន នឹងសម្រេចដាំដុះអ្វីមួយ។
« អ្នកខ្លះ គាត់មានទីផ្សារ មានដៃគូរច្បាស់លាស់ ដែលទទួលទិញទិន្នផលពីគាត់…។ ដូច្នេះជារួមអ្នកដែលពូកែទំនាក់ទំនងទីផ្សារច្រើន គេជោគជ័យច្រើនជាង ។ អ៊ីចឹងបានកសិករយើង អ្នកខ្លះត្រូវការឲ្យមានអ្នកជំនាញជួយគាត់ឲ្យចេះផលិត ដើម្បីឲ្យស្របតាមទីផ្សារ និងតាមស្ដង់ដារមួយដែលគេចង់បាន។ ដូច្នេះវាជារឿងមួយ ដែលត្រូវការអ្នកជំនាញជួយកសិករមួយចំនួនបន្ថែមទៀត ប៉ុន្តែកសិករខ្លួនឯង ក៏ត្រូវជួយខ្លួនឯងដែរ»។ នេះជាការលើកឡើងរបស់ស្ថាបនិកអង្គការសេដាក។
ជាមួយគ្នានេះរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ាន វណ្ណហន ហាមប្រជាកសិករផលិតកសិកម្មដំណាំតាមគ្នា និងត្រូវដឹងពីតម្រូវការទីផ្សារឲ្យបានច្បាស់សិន ដើម្បីចៀសវាងហានិភ័យ នៃតម្លៃទីផ្សារដែលឈ្មួញក្រឡុក។ ជាពិសេសប្រជាកសិករគួរចូលក្នុងសមាគម ឬបង្កើតសមាគមអ្នកផលិតស្វាយ ដើម្បីអនុវត្តបច្ចេកទេសនៃការដាំដុះតាមស្ដង់ដារបច្ចេកទេស។
តែបញ្ហានេះ មិនមែនត្រឹមតែណែនាំឲ្យពលរដ្ឋយល់ដឹងពីទីផ្សារប៉ុណ្ណឹងទេ តែរដ្ឋាភិបាលក៏ត្រូវមានចំណែកជួយដោះស្រាយបញ្ហាជូនពលរដ្ឋដែរ។ ត្រង់ចំណុចនេះលោក យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក បានសង្គត់ធ្ងន់ថា រដ្ឋាភិបាលគួរតែជួយគាំទ្រឲ្យមានឧស្សាហ៍កម្មកែច្នៃក្នុងស្រុក ,ផ្ដល់អ្នកជំនាញនិងអ្នកប្រឹក្សាកសិករតាមបណ្ដាខេត្ត ជាពិសេសគាំទ្រឲ្យពាណិជ្ជកម្មខ្មែរពង្រីកទីផ្សារនាំស្វាយទៅក្រៅប្រទេសឲ្យបានច្រើន។ បើតាមលោក កុមារ រដ្ឋាភិបាលគួរតែដាក់ចេញគោលការណ៍បែបនេះ លើវិស័យកសិកម្ម ដើម្បីជួយដោះស្រាយបញ្ហាពលរដ្ឋលើផ្នែកនេះ ដោយមិនមែនត្រឹមតែករណីកសិផលស្វាយនោះទេ។
លោក អ៊ិន ឆៃវ៉ាន់ ប្រធានសមាគមកសិកម្មស្វាយកែវរមៀត នៅខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey ថា ស្វាយនៅក្រៅកញ្ចប់ដែលសមាគមប្រមូលទិញពីសមាជិកមានតម្លៃ៨០០ទៅ១០០០រៀលក្នុងមួយគីឡូក្រាម និងស្វាយក្នុងកញ្ចប់មានតម្លៃពី១២០០ទៅ១៥០០រៀល។ ចំពោះអ្នកលក់ស្វាយបានតម្លៃក្រោម៥០០រៀល ដោយសារស្វាយទាំងនោះ គ្មានស្តង់ដារ រូបរាងមិនល្អ និងគុណភាពមិនត្រូវនឹងទីផ្សាររបស់គេ។
បើតាមលោក អ៊ិន ឆៃវ៉ាន់ ចាប់ពីខែតុលាឆ្នាំ២០១៨មក សមាគមលោកបានផ្គត់ផ្គង់ផ្លែស្វាយឱ្យទីផ្សារវៀតណាមបានជាង១,១ម៉ឺនតោន ហើយនឹងព្យាយាមឱ្យគ្រប់តម្រូវការទីផ្សារចំនួន១,២ម៉ឺនតោន នៅចុងខែឧសភាឆ្នាំ២០១៩។ ដោយឡែកទីផ្សារប្រទេសថៃវិញ គឺសមាគមលោកមិនទាន់បានផ្គត់ផ្គង់ទេ ព្រោះលទ្ធភាពផលិតស្វាយក្នុងសមាគមនៅមានកម្រិត៕