ជាតិ
សង្គមជាតិ
សិល្បះ
ក្រសួង​ស្រាវជ្រាវ​ឃើញថា កម្ពុ​ជាមាន​សិល្បករ «​ចាប៉ីដងវែង​» ជាង​១០០​នាក់
19, May 2019 , 7:59 pm        
រូបភាព
 សិល្បករចាប៉ីដងវែងនៅតាមបណ្តាខេត្ត។ រូបភាព អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌
សិល្បករចាប៉ីដងវែងនៅតាមបណ្តាខេត្ត។ រូបភាព អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌
​ភ្នំពេញ​៖  បច្ចុប្បន្ន​សិល្បករ​«​ចាប៉ីដងវែង​» មាន​១០៧​រូប ដែល​កំពុង​រស់នៅ​និង​លេង​ឧបករណ៍​ភ្លេងខ្មែរ​ប្រភេទ​នេះ នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​។ ក្នុងចំណោម​២៥​ខេត្ត​-​ក្រុង មាន​ខេត្តកោះកុង រតនៈគិរី និង​មណ្ឌលគិរី ពុំមាន​សិល្បករ​ប្រភេទ​នេះ​រស់​នៅឡើយ​។ បើតាម​លោក សាន ផល្លា អ្នកស្រាវជ្រាវ​សិល្បករ​ចាប៉ីដងវែង នៃ​នាយកដ្ឋាន​បច្ចេកទេស​វ​ប្ប​ធម៌​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សិល្បករ​ចាប៉ីដងវែង​ទាំងនេះ មាន​អាយុ​ចន្លោះ​១៥​ទៅ​៨០​ឆ្នាំ​។

 
​លោក សាន ផល្លា ប្រាប់​សារព័ត៌មាន​ThmeyThmey ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ​នា​ព្រឹក​ថ្ងៃទី​១៩​ឧសភា ដូច្នេះ​«​គោលបំណង​នៃ​ការធ្វើ​បច្ចុប្បន្នភាព​របស់​សិល្ប​ករ​ចាប៉ីដងវែង​ទូទាំងប្រទេស​នេះ គឺ​យើង​ចង់ដឹង   ពី​ស្ថានភាព​រស់នៅ​របស់​អ្នក​ចាប៉ី តើ​ពួកគាត់​នៅទីណា​ខ្លះ​។  មាន​វ័យ​ណាខ្លះ​ដែល​ចេះ​លេង​ចាប៉ី​នេះ​។ ពួកគាត់​អាច​រកប្រាក់​ចំណូល​បាន​ប៉ុន្មាន​ក្នុង​មួយឆ្នាំៗ​។ ហើយ​តើ​ពួកគាត់​ចេញទៅ​លេង​ចាប៉ី​នេះ ក្នុង​កម្មវិធី​អ្វីខ្លះ​...​។ ក្រៅពីនេះ ក៏​យើង​ចង់ដឹង​ពី​ប្រវត្តិ​សិក្សា​របស់​ពួកគាត់​ផងដែរ​។ តើ​រៀន​នៅឯណា រៀន​ប៉ុន្មាន​បាន​ចេះ ជាដើម​»​។​


 
​លោក​បាន​បន្តថា ការធ្វើ​បច្ចុប្បន្នភាព​នៃ​សិល្បករ​ចាប៉ីដងវែង​នេះ មាន​រយៈពេល​៤​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​១៤-១៧​ឧសភា ឆ្នាំ​២០១៩ ដោយមាន​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​តាម​និង​វិចិត្រសិល្ប​: ខេត្ត​នីមួយៗ​។ លោក សាន ផល្លា អះអាងថា «​សិល្បករ​ចាប៉ីដងវែង​ដែល​យើង​រកឃើញ​នៅ​ទូទាំងប្រទេស​ចំនួន​១០៧​នាក់​នេះ គឺ​មិនទាន់​ជាក់លាក់​ទេ ព្រោះ​យើង​ប្រមូល​ទ​ន្និ​ន័យ បានតែ​ត្រឹម​តាមរយៈ​សហគម​ផ្សេងៗ និង​តាមរយៈ​កន្លែង​ដែល​ពួកគាត់​ចូល​ប្រឡង​ជាដើម​។  យើង​ជឿជាក់ថា ចំនួន​អ្នកចេះ​លេង​ចាប៉ី​ប្រភេទ​នេះ គឺ​លើសពី​អ្វីដែល​យើង​រកឃើញ ព្រោះ​យើង​គិតថា​នឹងមាន​អ្នកចេះ​លេង​ចាប៉ី​នេះ​រស់នៅ​ឆ្ងាយ​ដែល​យើង​ទៅដល់ ឬ​មិនទាន់​រកឃើញ​»​។  
​សូម​រម្លឹកថា ទម្រង់​សិល្បៈ​នៃ​ចាប៉ីដងវែង បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
 
​ចន្លោះ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៧ ខែឧសភា មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តស្វាយរៀង និង​ព្រៃវែង បាន​ចុះ​ពិនិត្យ និង​ស្រង់​ស្ថិតិ​សិល្បករ​ចាប៉ីដងវែង​បាន​ចំនួន​១០​នាក់​។​
 
​សិល្បករ​ទាំងនោះ រួមមាន​៖
១. លោក អិន សា​រ៉េ​ន អាយុ​៥៨​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រសូត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង 
២. លោក ប៊ុន បឿ​ង អាយុ​៥៤​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​ទួល​វិហារ ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជុំ ខេត្តស្វាយរៀង 
៣. លោក អ៊ិន សារុន អាយុ​៧៦​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​ត្រពាំង​រុនទី​២ ឃុំ​ច​ន្ត្រី ស្រុក​រមាសហែក ខេត្តស្វាយរៀង 
៤.​លោក ឱក អាង អាយុ​៧៣​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​តា​គោ ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង 
៥.​លោក នេត្រ ប៉េ អាយុ​៥៩​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​សង្កែ​ចុង ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង 
៦.​លោក ព្រុំ អឿន អាយុ​៥៨​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​ទួល​ការ ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង 
៧.​អ្នកស្រី ស៊ិន សួយ អាយុ​៥៤​ឆ្នាំ ស្ថិតនៅក្នុង ភូមិប​ល្ល័​ង្គ ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង 
៨.​លោក ឯ យិន អាយុ​៦២​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​ប្រហួ​ត ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង 
៩.​លោក ម៉ម ឆុន អាយុ​៧៧​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​កន្សោម​អក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង 
១០.​លោក ប៊ុន គឿន អាយុ​៦៧​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​ចំរេះ ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង 
១១.​លោក នូ ផន ឈ្មោះ​ក្នុង​សិល្បៈ នូ សុរ៉ា​ផន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​ចាន់​រ៉ា​២ ឃុំ​ស្ពឺ ស្រុក​បាភ្នំ ខេត្តព្រៃវែង​៕
 

Tag:
 ជាតិ​
  សង្គម​
  សិល្បៈ​
  ចាប៉ីដងវែង​
© រក្សាសិទ្ធិដោយ thmeythmey.com