កំពត ដូនពេញ កំពង់ចាម ពោធិ៍សាត់ តាខ្មៅ និង​កំពង់ឆ្នាំង ត្រូវ​ប្រជែង​ពាន​ក្រុង​ស្អាត​អាស៊ាន​
ជាតិ
សង្គមជាតិ
អចលនទ្រព្យ
កំពត ដូនពេញ កំពង់ចាម ពោធិ៍សាត់ តាខ្មៅ និង​កំពង់ឆ្នាំង ត្រូវ​ប្រជែង​ពាន​ក្រុង​ស្អាត​អាស៊ាន​
21, May 2019 , 2:20 pm        
រូបភាព
​កម្ពុជា បានសម្រេច​ដាក់​បេក្ខភាព​ទីក្រុង​-​ខណ្ឌ ចំនួន​៦ ដើម្បី​ចូលរួម​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​ពីរ (Asean Clean Tourist City Standart Award) ដោយ​លទ្ធផល​នឹងត្រូវ​ប្រកា​សនា​វេទិកា​ទេសចរណ៍​អាស៊ាន (Asean Tourism Forum) នៅ​ប្រទេស​ព្រុយ​ណេ នា​ដើមឆ្នាំ​២០២០​។​

 
​ក្រុង​កំពត (​ខេត្តកំពត​) ខណ្ឌដូនពេញ (​រាជធានី​ភ្នំពេញ​) ក្រុង​កំពង់ចាម (​ខេត្តកំពង់ចាម​) ក្រុង​ពោធិ៍សាត់ (​ខេត្តពោធិ៍សាត់​) ក្រុង​តាខ្មៅ (​ខេត្តកណ្តាល​) និង​ក្រុង​កំពង់ឆ្នាំង (​ខេត្តកំពង់ឆ្នាំង​) សុទ្ធតែជា​ជ័យលាភី​ទីក្រុង​ស្អាត​ថ្នាក់ជាតិ ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​សុពលភាព​២០១៨-២០២១​។​
 
​ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈ​លិខិត​មួយ​ចុះ​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​លោក​រដ្ឋលេខាធិការ ឈិ​ត សុខុន បាន​ឯកភាព​ជាគោលការណ៍​តាម​សំណើរ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន សម្រាប់​ការដាក់​បេក្ខភាព​មូលដ្ឋាន​ទាំង​៦​នេះ សម្រាប់​ការប្រកួតប្រជែង​ក្របខណ្ឌ​អាស៊ាន​។​


 
​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​នីតិវិធី​វាយតម្លៃ ដើម្បី​ពង្រឹង​កិច្ចសហការ​ពី​ថ្នាក់ដឹកនាំ​រាជធានី​-​ខេត្ត និង​ក្រុង​-​ខណ្ឌ តាមរយៈ​ការត្រៀម​លក្ខណៈ​ឲ្យ​រួចរាល់ និង​ឈាន​ឆ្ពោះទៅរក​ជ័យលាភី​ក្នុង​តំបន់​។​
 
​នីតិវិធី ត្រូវ​ឆ្លងកាត់​៥​ដំណាក់កាល​សំខាន់ៗ ដោយ​ផ្តើម​ពី​ការវាយតម្លៃ​បឋម​ដោយ​ខ្លួនឯង (Pre-assessment/Self-assessment) ពី​ខែឧសភា ដល់​ខែមិថុនា​។ ពី​ខែកក្កដា ដល់​ខែសីហា គណៈកម្មកា​ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ត្រូវ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​របាយការណ៍ ហើយ​នៅ​ខែកញ្ញា ក្រុមការងារ​ចុះទៅ​ទីតាំង​បេក្ខភាព​ផ្ទាល់ ដើម្បី​ឈានដល់​ការរៀបចំ​របាយការណ៍​ចុងក្រោយ​ដាក់ជូន​រដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។​
 
​សម្រាប់​ដំណាក់​ទី​៤ ដែល​ឈានដល់​ខែតុលា គណៈកម្មកា​ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​នឹង​ស្នើ​បេក្ខភាព​របស់​កម្ពុជា ដាក់ជូន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២០-២០២២​។ ដំណាក់កាល​ចុងក្រោយ នា​ខែមករា ឆ្នាំ​២០២០ ជ័យលាភី​នឹងត្រូវ​ប្រកា​សនា​វេទិកា​ទេសចរណ៍​អាស៊ាន (ATF) នៅ​ប្រទេស​ព្រុយ​ណេ​។​
 
​កាលពី​ឆ្នាំ​២០១៨ ក្រុង​ចំនួន​៣​របស់​កម្ពុជា រួមមាន​បាត់ដំបង កែប និង​សៀមរាប ស្ថិតក្នុង​ចំណោម​ក្រុង​ចំនួន​២៣​នៅ​តំបន់​អាស៊ាន ទទួលបាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​ត្រូវ​បានប្រកាស​ក្នុង​វេទិកា ATF នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។ នាពេលនោះ កម្ពុជា បានដាក់​បេក្ខភាព​ចំនួន​៧ ដោយ​ក្រៅពី​បាត់ដំបង កែប និង​សៀមរាប ដែល​បាន​ជាប់​ជ័យលាភី ក្រុង​ផ្សេងទៀត​រួមមាន ភ្នំពេញ កំពត ព្រះសីហនុ និង​កំពង់ចាម​។​
 
​ជ័យលាភី​ផ្សេងទៀត​នៅ​តំបន់​អាស៊ាន ដែល​បានឈ្នះ​ពាន Asean Clean Tourist City Award កាលពី​ឆ្នាំ​២០១៨ មានដូចជា ក្រុង​បាន​ដា​ស៊េរី​បេ​ហ្កា​វ៉ាន់ (​ព្រុយ​ណេ​), Surabaya, Bandung, Banyuwangi (​ឥណ្ឌូណេស៊ី​), លួង​ប្រា​បា​ង្គ (​ឡាវ​), Bagan, Kalaw, Pyin Oo Lwin (​មី​យ៉ាន់​ម៉ា​), Davao, Pasig, San Carlos (​ហ្វីលីពីន​), Trang City, Muang Nan, Muang Yasothon (​ថៃ​) Putrajaya, George Town, Muar (​ម៉ាឡេស៊ី​) និង Hoi An, Hue, Da Lat (​វៀតណាម​) ជាដើម​៕

Tag:
 ទេសចរណ៍​
  Asean Clean Tourism Award
© រក្សាសិទ្ធិដោយ thmeythmey.com