អន្តរជាតិ
អាមេរិក​ពន្យារពេលដាក់​ទ​ណ្ឌ​កម្ម​លើ Huawei ៩០​ថ្ងៃ ព្រោះ​អាច​ត្រូវ​ជើង​ខ្លួនឯង​
21, May 2019 , 3:11 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​ក្រុមហ៊ុន Huawei ដែល​បាន​ដាក់ចេញ​ដោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អាច​បង្ក​ផលប៉ះពាល់​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ជាច្រើន ដែល​រួមចំណែក​ក្នុង​ផលិតកម្ម​របស់​ក្រុមហ៊ុន​ចិន​នេះ​។  ដោយ​សម្លឹង​ឃើញ​ពី​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើតមានឡើង រដ្ឋបាល​អាមេរិក កាលពី​ថ្ងៃទី​២០ ខែឧសភា បានសម្រេច​ពន្យារពេល​ការអនុវត្ត​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Huawei សម្រាប់​រយៈពេល​៩០​ថ្ងៃ ។​

 
​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក បាន​លក់​ផ្នែក Hardware ដូចជា Chip ជាដើម ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ Huawei ដែល​ប៉ាន់​ស្មានជា​ទឹកប្រាក់​ចំនួន ១១​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​នេះ ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជីខ្មៅ​ដោយ​ក្រុង​វ៉ាស៊ីនតោន កាលពី​សប្តាហ៍​មុន ជុំវិញ​ក​ង្វល់​សន្តិសុខ​ជាតិ​។ 
​សម្រាប់​ទណ្ឌកម្ម​នេះ អាមេរិក​ដាក់​បម្រាម​យ៉ាង​កំហិត​លើ​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ដែល​ផលិត Hardware និង Software ពី​ការលក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន Huawei ប្រសិនបើ​គ្មាន​អាជ្ញា​បណ្ណ​ពិសេស​ពី​ក្រុង​វ៉ាស៊ីនតោន​ទេនោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ទំនងជា​មើលឃើញ​ពី​បញ្ហា​ប្រឈម​ដែល​អាច​កើតមាន ក្រោយ​ដាក់ទណ្ឌកម្ម​ភ្លាមៗ​ពេក​ប្រឆាំងនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​មួយ​នេះ  ក្រសួងពាណិជ្ជកម្ម​អាមេរិក នៅ​ថ្ងៃទី​២០ ខែឧសភា បានសម្រេច​ពន្យារពេល​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Huawei សម្រាប់​រយៈពេល ៩០​ថ្ងៃ​។ ត្រង់ចំណុច​នេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ឲ្យ​ដឹងថា ការអនុគ្រោះ​នេះ មាន​គោលដៅ​កាត់បន្ថយ​ផលប៉ះពាល់​ភ្លាមៗ​ពេក លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​អាមេរិក​។ 
 
​តាម AFP ក្រសួងពាណិជ្ជកម្ម​អាមេរិក លើកឡើងថា ខ្លួន​ផ្តល់ «​អាជ្ញា​បណ្ណ​ទូទៅ​បណ្តោះអាសន្ន​» ដល់​ក្រុមហ៊ុន Huawei រហូតដល់​ថ្ងៃទី ១៩ ខែសីហា ។ អាជ្ញា​បណ្ណ​បណ្តោះអាសន្ន​នេះ អនុញ្ញាត​ឲ្យ​មានការ​ផ្តល់​សេវាកម្ម​សំខាន់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android រួមមាន ការដំឡើង Software និង​ពង្រឹង​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ទូរ​សព្ទ  ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ មុន​ថ្ងៃទី​១៦ ខែឧសភា​។ 
 
​ឥទ្ធិពល​នៃ​ការដាក់ទណ្ឌកម្ម​ប្រឆាំង Huawei លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក 
 
​ទាក់ទិន​នឹង​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​ចិន Huawei  កាសែត Bloomberg បាន​ចុះផ្សាយ​កាលពី​ថ្មីៗ​នេះ ថា ក្រុមហ៊ុន​ផលិត Chip ទូរ​សព្ទ ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក រួមមាន  Intel, Qualcomm, Broadcom និង Xilinx បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន​ពួកគេ នឹង​ផ្អាក​ការដឹកជញ្ជូន​ផលិតផល​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន  Huawei  ដែលជា​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ​លំដាប់​លេខ​២ លើ​ពិភពលោក​។ 
 
​ក្រុមហ៊ុន Google កាលពី​ថ្ងៃអាទិត្យ​ទី ១៩ ឧសភា បានប្រកាស​អនុលោម​តាម​បទបញ្ជា​របស់​រដ្ឋបាល​អាមេរិក ដោយ​កាត់ផ្តាច់  Huawei ពី​ការប្រើប្រាស់​សេវាកម្ម​សំខាន់ៗ​មួយចំនួន​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android រួមមាន Gmail YouTube និង Google Maps ជាដើម​។ ចំណែក ក្រុមហ៊ុន Microsoft មាន​មូលដ្ឋាន​នៅ​អាមេរិក ដែល​ផ្គត់ផ្គង់​ប្រព័ន្ធ​ប្រតិបត្តិការ Windows សម្រាប់​ឧបករណ៍ Huawei ជាច្រើន ពុំទាន់​បង្ហាញ​ជំហរ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​ប្រឆាំង Huawei ឡើយ​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP  អ្នកជំនាញ​ប្រចាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា លោក Bob O'Donnell ពន្យល់ថា រាល់​ការហាម​ប្រាម​ទាំងអស់ ច្បាស់​ណាស់ នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន Microsoft ។ លោក និយាយ​បែបនេះ​៖​​«​ប្រសិនបើ​វា​ប៉ះពាល់ Google ហើយ​នោះ ខ្ញុំ​គិតថា Micosoft ក៏​មិន​រួចខ្លួន​ដែរ​»៕
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  Huawei
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com