ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាកាសធាតុ​ក្តៅ​ខ្លាំង ធ្វើឱ្យ​កសិករ​ខេត្តសៀមរាប​«​ដាំ​បន្លែ​សុវត្ថិភាព​» បាត់បង់​ទិន្នផល​ជាង​៧០​ភាគរយ​
22, May 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ អ្នក​ដាំ​បន្លែ​សុវត្ថិភាព ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ខាតបង់​ទិន្នផល​ជាង​៧០​ភាគរយ ដោយសារ​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ ដែល​ធ្វើឱ្យ​ដំណាំ​ទាំងនោះ​មិនល្អ និង​ងាប់​។ ការខ្វះ​ទឹក​នេះ ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំង ដែល​ធ្វើឱ្យ​ស្រះ បឹង អណ្តូង សម្រាប់​ប្រើប្រាស់​លើ​ដំណាំ​ប្រចាំថ្ងៃ បាន​រីងស្ងួត​អស់​។ 

 
​កំពុង​ឈរ​នៅក្រោម​កម្តៅ​ព្រះអាទិត្យ នា​ម៉ោង​ជិត​១១​ថ្ងៃត្រង់ នៅក្នុង​ចម្ការ​បន្លែ​ចម្រុះ លោក គង់ ឆៃ ហាក់​មិនសូវ​សប្បាយចិត្ត​ចំពោះ​អាកាសធាតុ​ក្ដៅ ដែល​មិនសូវ​អំណោយផល​ដល់​ដំណាំ​របស់លោក​។ ជា​អ្នក​ដាំ​បន្លែ​សុវត្ថិភាព ក្នុងភូមិ​ជ្រៃ​ខាងលើ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប បុរស​វ័យ​៥៥​រូបនេះ បាន​និយាយថា ឆ្នាំនេះ​ដាំ​បន្លែ​មិនសូវ​បាន​ផល​ទេ ព្រោះ​គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ខណៈ​កម្តៅ​ព្រះអាទិត្យ​ចេះតែ​ក្តៅ​ខ្លាំង​។ ដៃ​កំពុង​ជូត​ញើស​នៅលើ​មុខ ហើយ​ងើយ​មើល​ឡើងទៅ​ព្រះអាទិត្យ ដែល​កំពុង​ជះ​កម្តៅ​ដ៏​ខ្លាំង​នោះ កសិករ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey ថា រដូវប្រាំង​រាល់​ឆ្នាំ លោក​តែងតែ​ដាំ​បន្លែ សាឡា​ត់ ស្ពៃ និង​ក្រសាំងទាប​បាន​ផល​ច្រើន ទោះបី​គ្មាន​ភ្លៀង​ធា្ល​ក់​ក៏ដោយ ព្រោះ​មាន​ទឹកស្រះ​ប្រើប្រាស់​មិន​ដែរ​ខ្វះ​ឡើយ​។ ចំពោះ​បន្លែ​ទាំងនោះ គឺ​លក់បាន​តម្លៃ​ខ្ពស់​ថែមទៀត នៅលើ​ទីផ្សារ ។ 


កញ្ញា ឌុច សែស ប្រធានសហគមន៍កសិកម្មសុវត្ថភាពធម្មជាតិ
 
«​ឆ្នាំមុនៗ ទោះបីជា​មេឃ​ក្តៅ​ខ្លាំង​យ៉ាងណា ក៏​ទឹក​ក្នុង​ស្រះ​មិន​រីង​ទេ ។ ឆ្នាំនេះ​ទឹកស្រះ​ទាំង​៣​កន្លែង​របស់ខ្ញុំ​បាន​រីង​អស់ គ្មាន​ទឹក​ស្រោច​លើ​បន្លែ​គ្រប់គ្រាន់​ទេ ធ្វើឱ្យ​បន្លែ​ទាំងនោះ​ងាប់​ខ្ទេច​នៅក្នុង​ចម្ការ ។ រាល់ថ្ងៃ​ខ្ញុំ​បន់​ឱ្យតែ​មេឃ​ភ្លៀង ដើម្បី​ស្រោច​បន្លែ ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​តាំង​ដើមខែ​មេសា​មកម្ល៉េះ​។ បន្លែ​មិនបាន​ស្រាច​ទឹកតែ​២​ថ្ងៃ គឺ​ងាប់​អស់ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក គង់ ឆៃ ប្រាប់​សារព័ត៌មាន​ថ្មីៗ ទាំង ទឹកមុខ​ក្រៀមក្រំ​។ បើតាម​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​វ័យ​៥៥​ឆ្នាំ​រូបនេះ បន្លែ​មួយ​ប្រភេទ​លោក​ប្រមូល​ផល​បាន​១០០​ទៅ​២០០​គីឡូក្រាម ប៉ុន្តែ​ការប្រមូល​ផល​បន្លែ​នា​រដូវក្តៅ​ឆ្នាំនេះ បានតែ​៣០​ទៅ​៤០​គីឡូក្រាម ប៉ុណ្ណោះ ។ 


លោក គង់ ឆៃ អ្នកដាំបន្លែសុវត្ថិភាព ក្នុងភូមិជ្រៃខាងលើ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប
 
​អ្នកស្រី ទិ​ត រិ​ទ្ធ ដែលជា​អ្នក​ដាំ​បន្លែ​សុវត្ថិភាព នៅក្នុង​ភូមិ​-​ឃុំ​ជាមួយ​លោក គង់ ឆៃ នោះ ក៏​ជួបប្រទះ​បញ្ហា​ខាតបង់​ទិន្នផល​ដំណាំ​ដែរ​។ រដូវប្រាំង​កន្លងមក​នេះ ដំណាំ​ស្ពៃ ជី​គីន​ឆាយ ត្រប់ និង​បន្លែ​ផ្សេងទៀត​របស់​អ្នកស្រី រិ​ទ្ធ បាន​ងាប់ និង​ខូច​ស្ទើ​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មិនអាច​ប្រមូល​ផល​យកទៅលក់​ក្នុង​ទីផ្សារ​បាន​។ សូម្បីតែ​ពូជ​បន្លែ​ថ្មី​ជាង​៥០០​កូន ដែល​ខ្លួន​បាន​ត្រៀម​ទុក​ដាំ​បន្ថែម​នោះ ក៏​អ្នកស្រី រិ​ទ្ធ មិន​ហ៊ាន​ដាំ​នៅ​រដូវប្រាំង​នេះដែរ ដោយសារតែ​គ្មាន​ទឹក​ប្រើប្រាស់​សម្រាប់​ស្រោច​។​


លោក ពិន សារិន អភិបាលរងស្រុកសូទ្រនិគម ខេត្តសៀមរាប
 
«​ឆ្នាំនេះ​បន្លែ​នៅ​រក្សា​តម្លៃ​ខ្ពស់​ដដែល  ប៉ុន្តែ​ខ្ញុំ​គ្មាន​បន្លែ​លក់​ឱ្យគេ ព្រោះ​បន្លែ​ងាប់​អស់​ច្រើន ដោយសារ​គ្មាន​ទឹក​ស្រាច​។ រាល់​ឆ្នាំ មេឃ​ក្តៅ​ក៏ពិតមែន តែ​ខ្ញុំ​នៅតែ​ធ្វើ​បន្លែ​បាន ព្រោះ​ទឹក​នៅក្នុង​ស្រះ​អាច​ប្រើប្រាស់​បាន​។ ដោយឡែក​ឆ្នាំនេះ​មិនដឹង​មកពី​ហេតុអ្វី អាកាសធាតុ​ក្តៅ​ជាង​រាល់​ឆ្នាំ​…​ក្តៅ​ណាស់​…​សូម្បីតែ​ទឹក​ក្នុង​ស្រះ មិន​ថា​ស្រះ​របស់ខ្ញុំ​ឬ​របស់គេ​នៅក្នុង​ភូមិ គឺ​រីង​អស់ហើយ​។ ពួកយើង​គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​លើ​បន្លែ​ទាំងនេះ​ទេ​»​។ នេះ​បើតាម អ្នកស្រី ទិ​ត រិ​ទ្ធ​។ 


អ្នកស្រី ទិត រិទ្ធ អ្នកដាំបន្លែសុវត្ថិភាព ក្នុងភូមិជ្រៃខាងលើ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប
 
​អ្នកស្រី ទិ​ត រិ​ទ្ធ បាន​បន្ថែមថា សព្វថ្ងៃ​អ្នកស្រី​ដាំ​បន្លែ​ប្រមូល​ផល​បាន​ប្រហែល​៣០​ភាគរយ គ្រាន់​បាន​ចំណូល​តិចតួច​ទិញ​ត្រី​គេ​ហូប​ប្រចាំថ្ងៃ​។ ប៉ុន្តែ​បើ​ធៀប​នឹង​ឆ្នាំ​ចាស់ៗ​វិញ បន្លែ​ដែល​អ្នកស្រី​ដាំ​ទទួលផល​បាន​ពី​៨០​ទៅ​៩០​ភាគរយ​នៅលើ​ទំហំ​ដី​ដូចគ្នា និង​នៅក្នុង​រដូវប្រាំង​ដូចគ្នា​។ 
 
​កសិករ​ដែលមាន​បទពិសោធន៍​ដាំ​បន្លែ​ជិត​៣០​ឆ្នាំរ​រូបនេះ​បាន​អះអាងថា «​ថ្វី​ត្បិត​ឆ្នាំនេះ ខ្ញុំ​បាត់បង់​ប្រាក់ចំណូល​ពី​ការលក់​បន្លែ​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​មិន​ជាប់បំណុលគេ​ក្នុង​ដំណើរ​ដាំ​ដុះ​ទេ ព្រោះ​ពូជ​បន្លែ​ខ្ញុំ​មាន​ស្រាប់ ជី​និង​ថ្នាំពុល​ប្រើ​លើ​បន្លែ ជា​របស់​ធម្មជាតិ​ធ្វើ​ខ្លួនឯង ឬ​ទិញ​ពី​សហគមន៍​។ បន្លែ​ដែល​ខ្ញុំ​ដាំ គឺ​មិនត្រូវ​ការទិញ​ជី និង​ថ្នាំពុល​គីមី​លក់​នៅលើ​ទីផ្សារ​សម្រាប់​បំប៉ន​សុខភាព​បន្លែ ឬ​សម្លាប់សត្វ​ចង្រៃ​ឡើយ ដូច្នេះ​មិន​ចំណាយ​ច្រើន​»​។​


 
​នេះ​ជា​ឆ្នាំ​ដំបូង​ក្នុង​រដូវប្រាំង​ដែលមាន​អាកាសធាតុ​ខ្លាំង ហើយ​គ្មាន​ភ្លៀង​ធា្ល​ក់​បែបនេះ​នៅក្នុង​ភូមិ​ដែល​ធ្វើឱ្យ​ដំណាំ​បន្លែ​របស់​ប្រជាកសិករ​មួយចំនួន​បាន​ងាប់​អស់ និង​ខ្វះ​បន្លែ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។ នេះ​ជាការ​លើកឡើង​របស់ កញ្ញា ឌុ​ច សែ​ស ប្រធាន​សហគមន៍​កសិក​ម្មសុ​វត្ថ​ភាព​ធម្មជាតិ​។ កញ្ញា បាន​បន្ត ខាង​ម្ចាស់ គម្រោង​អង្គការ​GRET ក៏បាន​ជីក​ស្រះ និង​ស្តារ​ស្រះ​ឱ្យ​ប្រជាកសិករ​ផងដែរ ប៉ុន្តែ​នៅតែ​មិនអាច​ជួយ​បាន ព្រោះ​អាកាសធាតុ​ក្តៅ​ពេក​។ ស្រះ​របស់​ប្រជាកសិករ​មួយចំនួន​បាន​រីង​ទឹក​អស់ ឯ​ស្រះ​របស់​ប្រជាកសិករ​នៅមាន​ទឹក​បន្តិចបន្តួច​សម្រាប់​ប្រើប្រាស់ ប៉ុន្តែ​ក៏​នឹង​រីង​អស់​នាពេល​ឆាប់ៗ​នេះ​ផងដែរ បើ​គ្មាន​ភ្លៀង​ធ្លាក់​។ 
 
​ប្រធាន​សហគមន៍​រូប​នេះ​បាន​និយាយ​ទាំង​ដក​ដង្ហើមធំ​ដូច្នេះ​៖«​ចាប់ពី​ចុងខែ​មីនា រហូតដល់ ដើមខែ​ឧសភា​នេះ ការផ្គត់ផ្គង់​បន្លែ​របស់​យើង​ទៅ​ដៃគូ​នៅលើ​ទីផ្សារ​បាត់បង់​ប្រហែល​៧០​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។  យើង​សង្ឃឹមថា នៅ​ចុងខែ​ឧសភា ការផ្គត់ផ្គង់​នេះ​នឹង​កើន​បាន​៥០​ភាគរយ​វិញ ប្រសិនបើ​មាន​ភ្លៀង​ធា្ល​ក់​។ ចំពោះ​ដំណោះស្រាយ​ពេលនេះ គឺ​ខ្ញុំ​មិនទាន់មាន​ទេ ក្រៅពី​រង់ចាំ​ទឹកភ្លៀង​»​។​
 
​ឆ្នាំនេះ​ប្រជាកសិករ​ជួប​ឧបសគ្គ​មិនបាន​ត្រៀម​ទុកជាមុន ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដោយសារ​កម្តៅ​ព្រះ​ទិ​ត្យ​ក្តៅ​ជាង​រាល់​ឆ្នាំ ព្រោះ​រដូវប្រាំង​មាន​រយៈពេល​វែង ហើយ​ប្រភពទឹក​ប្រើប្រាស់​ដូចជា​អណ្តូង ស្រះ បឹង បាន​រីងស្ងួត​អស់​ទៀត​។ នេះ​ជាការ​លើកឡើង​របស់ លោក ពិន សារិន អភិបាលរង​ស្រុក​សូទ្រនិគម​។​


 
​យ៉ាងណាមិញ អភិបាលរង​ស្រុក​រូបនេះ ពុំទាន់​បាន​រក​ឬ​ចាត់វិធានការ​ណាមួយ​ស​ម្រា​ប់​ជួយ​ប្រជាកសិករ​ដែល​កំពុង​ជួបប្រទះ​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​នេះ​ទេ​។ លោក​បាន​និយាយថា​៖« កន្លងមក​យើង​មិនដែល​ជួបប្រទះ​នឹង​ភាព​រាំ​ស្ងួត​បែបនេះ ដូច្នេះ​យើង​ក៏​មិនមាន​វិធានការ​ការពារ​អ្វី​ទេ  ព្រោះ​វា​ជា​រឿង​ធម្មជាតិ ដែល​យើង​មិនអាច​កំណត់ និង​ទប់ស្កាត់​ការប្រែប្រួល​អាកា​សបាន​។ ជាក់​យើង​មាន​ស្រះ​ទឹក និង​បាន​ជីក​បន្ថែម​មួយចំនួនទៀត​សម្រាប់​ស្តុក​ទឹក​ប្រើប្រាស់​នា​រដូវប្រាំង​ផងដែរ​។ ប៉ុន្តែ​វា​បាន​រីង​ហួតហែង​ទឹក​អស់​។ យើង​ក៏​មិនដឹង​ធ្វើ​អ្វី​បន្ថែមទៀត​ដែរ គឺ​មានតែ​រង់ចាំ​ទឹកភ្លៀង​ប៉ុណ្ណោះ »​។ 
 
​ឆ្នាំនេះ គឺជា​ឆ្នាំ​ប្រឈមមុខ​ខ្លាំង​នឹង​ភាពរាំងស្ងួត ដែល​គ្មាន​ភ្លៀង​ធ្លាក់​តាំងពី​ចុងឆ្នាំ​២០១៨ មកដល់​បច្ចុប្បន្ន​។ មិន​ថា​ប្រជាកសិករ​ដាំ​បន្លែ​សុវត្ថិភាព​គ្មាន​ប្រើប្រាស់​នោះទេ សូម្បីតែ​ប្រជាកសិករ​ដាំ​បន្លែ​ឬ​ធ្វើ​ចម្ការ​ធម្មតា​ក៏​គ្មាន​ទឹក​ប្រើប្រាស់​លើ​ដំណាំ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ ក្នុងអំឡុង​រដូវប្រាំង​នេះ ស្រះ​ទឹក​មួយចំនួន​របស់​ប្រជាកសិករ​ក៏បាន​ស្តារឡើងវិញ ប៉ុន្តែ​នៅតែ​គ្មាន​ទឹក​ប្រើប្រាស់ ព្រោះ​អាកាស​ក្តៅ​ពេក​។​នេះ​ជាការ​អះអាង​របស់លោក ពិន សារិន​។  
 
​ក្នុង​រដូវប្រាំង​កន្លង​មកនេះ កម្ពុជា​បានទទួល​រង​បាតុភូត អ៊ែ​ល នី​ណូ ដែល​ធ្វើ​ឲ្យ​កម្តៅ​កើនឡើង​ត្រឹម​៤០-៤២ អង្សារ ហើយ​តំបន់​ជាច្រើន​រាំងស្ងួត នៅ​ស្ទើ​ទូទាំងប្រទេស​ទៀតផង​៕

Tag:
 កសិកម្ម​
  បន្លែ​សុវត្ថិភាព​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com