អន្តរជាតិ
តុលាការ​ធម្មនុញ្ញ​ថៃ ព្យួរ​កៅអី​សមាជិកសភា​មេបក្ស​ប្រឆាំង​របប​យោធា​
24, May 2019 , 9:47 am        
រូបភាព
លោក Thanatorn Juangroongruangkit ប្រធានបក្សអនាគតឈានមុខ។ រូបភាព AFP
លោក Thanatorn Juangroongruangkit ប្រធានបក្សអនាគតឈានមុខ។ រូបភាព AFP
​តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃទី​២៣ ខែឧសភា បានសម្រេច​ចិត្ត​ហាម​លោក Thanathorn Juangroongruangkit មេបក្ស​អនាគត​ឈានមុខ និង​ជា​សមាជិកសភា​ទើប​ជាប់ឆ្នោត​ពី​ការបំពេញ​តួនាទី​របស់ខ្លួន​។ លោក  Thanathorn រង​ការចោទប្រកាន់​ពីបទ​បំពាន​ច្បាប់​ដែល​ហាម​បេក្ខភាព​តំណាងរាស្ត្រ​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​។ បើ​រកឃើញ​កំហុស មេបក្ស​វ័យក្មេង​រូបនេះ នឹងត្រូវ​ហាមឃាត់​ធ្វើ​នយោបាយ ហើយ​បក្ស​របស់លោក អាច​ត្រូវ​រំលាយ​ទៀតផង​។​

 
​តុលាការ​ធម្មនុញ្ញ​ថៃ បានសម្រេច​ចិត្ត​ទទួលយក​បណ្ដឹង​របស់​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត ដែល​ស្នើ​ឲ្យ​ពិចារណា​លើ​សមាជិកភាព​សភា​រប​ស់មេ​បក្ស​អនាគត​ឈានមុខ Thanathorn Juangroongruangkit ជុំវិញ​ករណី​រំលោភច្បាប់​ធម្មនុញ្ញ​។ បណ្ដឹង​ដដែល ក៏​ស្នើ​ឲ្យ​តុលាការ​ហាមឃាត់​មេបក្ស​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ​ពី​ការអនុវត្ត​តួនាទី​ជា​សមាជិកសភា​រហូតដល់​ការប្រកាស​សាលក្រម​របស់ខ្លួន​។​
 
​ក្នុង​បណ្ដឹង​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ថៃ លោក Thanathorn រង​ការ​ចោទថា មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន V-Luck Media Co Ltd នៅពេល​ដាក់ពាក្យ​ឈរ​ឈ្នះ​ជា​តំណាងរាស្ត្រ​។ ការណ៍​នេះ គណៈកម្មការ​ដដែល​យ​ល់​ឃើញថា អ្នកនយោបាយ​មាន​ប្រវត្តិ​ជា​សេដ្ឋី​រូបនេះ បំពាន​រដ្ឋ​មាត្រា​៩៨ នៃ​រដ្ឋធម្មនុញ្ញ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។ 
 
​ជាមួយនឹង​ការទទួល​បណ្ដឹង​ដើម្បី​ពិចារណា តុលាការ​ធម្មនុញ្ញ​ថៃ ក៏​យល់ព្រម​លើ​សំណើ​ដែល​ចង់​ហាម​លោក Thanathorn ពី​ការធ្វើការ​ជា​សមាជិកសភា​ដោយ​សំឡេង​៨​ទល់​១ ។ ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន តុលាការ​ធម្មនុញ្ញ​ដដែល​អះអាងថា ការហាមឃាត់​លោក Thanathorn ក៏​ដោយសារ​ការព្រួយបារម្ភ​ថា បញ្ហា​ប្រឈម និង​ឧបសគ្គ​ផ្លូវច្បាប់ នឹង​កើតឡើង​សម្រាប់​រដ្ឋសភា បើ​លោក​បំពេញ​តួនាទី​ជា​សមាជិកសភា​របស់ខ្លួន​។​
 
​មេបក្ស​ដែលមាន​ជំហរ​ប្រឆាំង​របប​យោធា​ថៃ​រូបនេះ មាន​ពេល​១៥​ថ្ងៃ​ដើម្បី​ដាក់​ភស្តុតាង​បង្ហាញ​ភាពស្មោះត្រង់​របស់ខ្លួន​។ ក្នុងករណី រកឃើញថា ពិតជា​បំពាន​ច្បាប់​មែន លោក Thanathorn អាច​ត្រូវ​ជាប់ទោស​ក្នុង​ពន្ធនាគារ ឬ​មិន​អាចធ្វើ​នយោបាយ​រយៈពេល​យូរ​។ កាន់​ធ្ងន់ធ្ងរ​នោះ បក្ស​អនាគត​ឈានមុខ ក៏​ប្រឈមមុខ​ការរំលាយ​ដែរ បើ​មេបក្ស​មាន​កំហុស ព្រោះ​ឲ្យ​បុគ្គល​ដែល​មិន​គ្រប់​លក្ខណៈសម្បត្តិ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​។​
 
​ក្នុង​រយៈពេល​ហាមឃាត់​នេះ លោក Thanathorn នឹង​គ្មាន​សិទ្ធិ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ឡើយ​។ ការជ្រើសរើស​នាយករ​ដ្ឋ​មន្ត្រី ទំនងជា​ធ្វើ​នៅ​ដើម​សប្ដាហ៍​ក្រោយ​។ 
 
​លោក Thanathorn ផ្ទាល់ មិន​ពេញ​ចិត្តនឹង​ចំណាត់ការ​នេះឡើយ ហើយ​លោក​ថែមទាំង​ចោទសួរ​ពី​ភាពស្របច្បាប់​នៃ​ចំណាត់ការ​លើ​រូបលោក​ផង​។ មេបក្ស​រូបនេះ បាន​យក​ករណី​រដ្ឋមន្ត្រីការបរទេស Don Pramudwinai មក​ប្រៀបធៀប​។ លោក Don ក៏​រង​បណ្ដឹង​ស្រដៀង​គ្នា​ដែរ​ពាក់ព័ន្ធ​ការកាន់កាប់​ហ៊ុន​របស់​ភរិយា​ខ្លួន តែ​លោក Don នៅតែ​អាចបំពេញ​ការងារ​ទោះជា​តុលាការ​ធម្មនុញ្ញ​ទទួល​បណ្ដឹង​ក្ដី ហើយ​ចុងក្រោយ​សម្រេច​ថា គ្មាន​ទោស​ទៅទៀត​។​
 
​អ្នកនយោបាយ​ខាងលើ ក៏​រិះគន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ដែល​អនុវត្ត​នីតិវិធី​លឿន​ហួសហេតុ​ក្នុងការ​បញ្ជូន​សំណុំរឿង​របស់លោក​ទៅកាន់​តុលាការ ខណៈ​ក្នុងករណី​លោក Don គណៈកម្មការ​នេះ​ចំណាយពេល​ច្រើនជាង​៤០០​ថ្ងៃ ទើប​សំណុំរឿង​ដល់ដៃ​តុលាការ​៕ 

Tag:
 ថៃ​
  Thanathorn Juangroongruangkit
© រក្សាសិទ្ធិដោយ thmeythmey.com