ជាតិ
ក្រុមហ៊ុន​ទេសចរណ៍​ជាង​៦០​ប្រទេស នឹង​មក​ចូលរួម​ពិព័រណ៍​ទេសចរណ៍​នៅ​ភ្នំពេញ នៅ​ខែតុលា​ខាងមុខ​
26, May 2019 , 7:59 am        
រូបភាព
សនិ្នសីទសារព័ត៌មានស្តីពីពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៩   នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២៣ឧសភា
សនិ្នសីទសារព័ត៌មានស្តីពីពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២៣ឧសភា
​ភ្នំពេញ​៖ ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ទេសចរណ៍​តូច​-​ធំ​ក្នុង​ប្រ​ទស និង​ក្រុមហ៊ុន​ទេសចរណ៍​មកពី​ជាង​៦០​ប្រទេស នឹងចូលរួម​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​-​អន្តរជាតិ​ឆ្នាំ​២០១៩ (Cambodia Travel Mart_CTM 2019) នៅ​ទីក្រុង​ភ្នំពេញ​។ ពិព័រណ៍​នេះ នឹង​រៀបចំឡើង ចាប់ពី​ថ្ងៃទី​១១-១៣​តុលា ។ នេះ​បើតាម លោក សូ វិ​សុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។​

 
​ក្នុង​ស​និ្ន​សីទ​សារព័ត៌មាន ស្តីពី​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​-​អន្តរជាតិ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៣​ឧសភា លោក សូ វិ​សុ​ទ្ធី បាន​និយាយថា ពិព័រណ៍​នេះ ជាការ​ផ្ដល់ឱកាស​មាស ដល់​ក្រុមហ៊ុន សមាគម ឬ​ទីភ្នាក់ងារ​ទេសចរណ៍​ទាំងឡាយ​នៅ​កម្ពុជា មានលទ្ធភាព​ច្រើន ក្នុងការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ ឬ​លក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ដែល​ខ្លួន​មាន ទៅឱ្យ​ក្រុមហ៊ុន​ទិញ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍ ដែល​មកពី​ក្រៅប្រទេស ដែល​សុទ្ធសឹង​ជា​ដៃគូ​ល្អៗ មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ CTM​នេះ​។ 


លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ 

​លោក​បន្ថែមថា ព្រឹត្តិការណ៍​ទេសចរណ៍ ក៏​សំខាន់​ក្នុងការ​លើកកម្ពស់​កិត្យានុភាព​ប្រទេស​កម្ពុជា ក្នុងការ​បង្ហាញ​ពី​សុខសន្តិភាព ស្ថិរភាព​នយោបាយ ដែល​ជំរុញឱ្យមាន​ការអភិវឌ្ឍ ការវិនិយោគ ការរីកចម្រើន​ផ្នែក​វិស័យ​ទេសចរណ៍ និង​វិស័យ​ដទៃទៀត និង​ជំរុញឱ្យមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាដើម​។ ក្រៅពីនេះ ក៏​ជា​ឱកាស​បង្ហាញ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ ស្នាមញញឹម​ពី​ធម្មជាតិ​របស់​ប្រជាជន​ខ្មែរ របៀបរបប​នៃ​ការរស់នៅ ការទទួល​បដិសណ្ឋារកិច្ច​របស់​កម្ពុជា​ចំពោះ​អន្តរជាតិ ហើយ​អ្នកសារព័ត៌មាន​ទាំងនោះ នឹង​រំលេច​ព័ត៌មាន​ទាំងអស់នេះ​។

លើសពីនេះ ក្នុង​ពិព័រណ៍​នេះ ក៏​នឹងមាន​សិក្ខាសាលា​ដ៏​ពិសេស​មួយ ដែលមាន​ការចូលរួម​ពី​វាគ្មិន​ល្បីៗ​មកពី​ជុំវិញ​ពិភពលោក មក​ធ្វើ​បទ​បង្ហាញ ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចែករំលែក​អ្វីដែល​ថ្មីៗ ពី​វិស័យ​ទេសចរណ៍ និង​ធុរកិច្ច​ទៅកាន់​អ្នកចូលរួម ភាគី​ពាក់ព័ន្ធ ក៏ដូចជា​យុវជន​ផងដែរ ពិសេស​គឺ​នឹងមាន​បទ​បង្ហាញ​អំពី​ការអនុវត្ត​ទីផ្សារ​តាម​បច្ចេកវិទ្យា​ឌី​ជី​ផល​ទំនើប Digital Markting​។​លោក សូ វិ​សុ​ទ្ធី បញ្ជាក់​៖«​កាលណា​ក្រុមហ៊ុន​ក្នុងស្រុក ចូលរួម​លក់​កញ្ចប់​ទ​ស្សន​កិច្ច​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​របស់ខ្លួន​កាន់តែច្រើន ពួកគេ​នឹង​លក់បាន​កាន់តែច្រើន ហើយ​ទទួលបាន​ដៃគូ​ល្អៗ គួរ​ជាទី​ទុកចិត្ត​កាន់តែច្រើន​»​។​


អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)
 
​អ្នកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍ សមាគម ឬ​ទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ​-​ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន ក្រុមហ៊ុន​អាកាសចរណ៍​នានា​ក្នុងស្រុក និង​ភាគី​ពាក់ព័ន្ធ ចាប់យក​ឱកាសល្អ​នេះ ដើម្បី​បង្កើន​ការលក់​របស់ខ្លួន​ផង និង​ដើម្បី​ការរីកចម្រើន​វិស័យ​ទេសចរណ៍​ផង​។  
 
​សូមជម្រាបថា ព្រឹ​តិ្ត​ការណ៍​CTM កាល​ឆ្នាំ​២០១៨ បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដែល​ស្ដង់​ក្រុមហ៊ុន​-​ភ្នាក់ងារទេសចរណ៍​ចំនួន​១៧៣​ស្ដង់​ចូលរួម​។ ដោយឡែក​ឆ្នាំ​២០១៩​នេះ នឹងមាន​ស្ដង់​ពិព័រណ៍​ជាង​២០០​ស្តង់​៕  
 

Tag:
 ទេសចរណ៍​
  CTM
© រក្សាសិទ្ធិដោយ thmeythmey.com