អន្តរជាតិ
ហេតុអ្វី​ឡានទឹក​បាញ់​ទឹក​ដាក់​លើ​យន្តហោះ​ដើម្បី​បង្ហាញ​ការគោរព ឬ​ស្វាគមន៍​?
25, May 2019 , 8:39 pm        
រូបភាព
រូបភាព៖ Aviation CV
រូបភាព៖ Aviation CV
​ការប្រើប្រាស់​ឡាន​ទឹកស​ម្រា​ប់​បាញ់​ទឹក​ដាក់​យន្តហោះ ពេលខ្លះ​មិនមែន​សម្រាប់តែ​ក្នុងករណី​អាសន្ន ឬ​អគ្គីភ័យ​នោះទេ​។ តែ​វា​ជា​ពេលវេលា​ដែល​អាកាស​យាន្ត​ដ្ឋា​ន និង​អ្នកធ្វើការ​នៅ​ខាងក្នុង​សម្តែង​ការគោរព ឬ​ការស្វាគមន៍​។

 
 
​គេហទំព័រ aviationcv.com បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ការបាញ់ទឹក​បែប​គោរព (Water Salute) ត្រូវបាន​គេ​អនុវត្ត​ដោយមាន​ឡានទឹក​ពីរ ឬ​បី​គ្រឿង ចត​ចាំ​នៅ​ផ្នែក​ចំហៀង នៃ​ផ្លូវ​យន្តហោះ​រួច​បាញ់​ទឹក​ឡើង​ទៅលើ​បន្តិច បង្កើត​ឲ្យ​មាន​រាង​ជា​កន្លះរង្វង់​។ បន្ទាប់មក យន្តហោះ​នឹងធ្វើ​ដំណើរ​នៅក្រោម​កន្លះរង្វង់​នៃ​ទឹក​ដែល​កំពុងតែ​បាញ់​នោះ​។ មូលហេតុ​ដែល​គេ​ធ្វើ​ពិធី​នេះ​ឡើង​គឺ​ដោយសារ​៖ 
 
​ទីមួយ គឺ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ ដែល​បាន​បង្កើត​ជើងហោះហើរ​ជា​លើកដំបូង​នៅក្នុង​អាកាស​យាន្ត​ដ្ឋា​ន​នោះ​។ 
 
​ទី​ពីរ គឺ​សម្រាប់​យន្ត​ហោះណា ដែល​ទើប​ហោះហើរ​ជា​លក្ខណៈ​ពាណិជ្ជកម្ម ដឹក​អ្នកដំណើរ​ជា​លើកដំបូង​។ 
 
​ទី​បី នៅពេលដែល​ពី​ឡុ​ត​ឬ​អ្នកបើក​យន្តហោះ ឬ​អ្នកធ្វើការ​នៅ​បន្ទប់​គ្រប់​គ្រង់​ចរាចរណ៍​ផ្លូវ អាកាស​យន្ត​ដ្ឋា​ន​ចូលនិវត្តន៍​។ 
 
​ចំណែក​ទី​បួន នៅពេលដែល​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ​បញ្ឈប់​ជើងហោះហើរ​នៅក្នុង​
​អាកាស​យន្ត​ដ្ឋា​ន ហើយ​វា​ជា​ជើងហោះហើរ​ចុងក្រោយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវ​ចាក​ចេញពី​ព្រលានយន្តហោះ​នោះ​។ 
 
​យ៉ាងណាក៏ដោយ គ្មាន​អ្នកណាម្នាក់​ដឹងថា ការអនុវត្ត​បែបនេះ​បានចាប់ផ្តើម​ដោយ​អ្នកណា ឬ​នៅពេលណា​ឲ្យ​ច្បាស់លាស់​នោះទេ​។ ប៉ុន្តែ​គេ​អាច​ដឹងថា ការធ្វើ​បែបនេះ​មាន​ដើមកំណើត​មកពី​នាវា​ដែល​ចុះ​នៅតាម​កំពង់ផែ ក្នុង​មូលហេតុ​ស្រដៀង​គ្នា​ខាងលើ​។ ទូក​ជំនួយ​តូច នឹង​បាញ់​ទឹក​ដាក់​លើក​ប៉ាល់​ធំៗ ក្នុងន័យ​គោរព និង​ស្វាគមន៍​។ គេ​អាច​សន្ម​ត់​ថា ការធ្វើ​បែបនេះ​ចាប់ផ្តើម​មាន​ប្រជាប្រិយភាព​ក្នុងអំឡុង​ឆ្នាំ ១៩៩០៕ 

Tag:
 យន្តហោះ​
 ​ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com