អ្នកនាំពាក្យ CPP សន្មតថា «ខុសច្បាប់ បើហូបនំបញ្ចុកជជែកគ្នាគាំទ្រអតីតអ្នកប្រឆាំង»
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ CPP សន្មតថា «ខុសច្បាប់ បើហូបនំបញ្ចុកជជែកគ្នាគាំទ្រអតីតអ្នកប្រឆាំង»
27, May 2019 , 1:19 pm        
រូបភាព
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និងជាសមាជិកព្រឹទ្ធសភា (រូបពីព្រឹទ្ធសភា)
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និងជាសមាជិកព្រឹទ្ធសភា (រូបពីព្រឹទ្ធសភា)
ដោយ: ថ្មីៗ
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បន្តបកស្រាយពីរឿងអតីតមន្រ្តីគណបក្សប្រឆាំង រងចំណាត់ការពីតុលាការនិងសមត្ថកិច្ច ក្រោយពួកគេ ហូបនំបញ្ចុកជុំគ្នាកន្លងមក។ លោក ចាត់ទុកថា ខុសច្បាប់ បើពួកគេ យកឱកាសជុំគ្នាពេលហូបនំបញ្ចុក ទៅនិយាយនិងរួមគ្នាគាំទ្រអតីតថ្នាក់ដឹកនាំរបស់ពួកគេ។



អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «ការហូបនំបញ្ចុកជជែកគ្នាគាំទ្រជនក្រៅច្បាប់ [អតីតអ្នកប្រឆាំង] គឺជាការខុសច្បាប់ ដោយសាររំលោភសាលដីកាតុលាការកំពូល។ គ្មានបក្សគឺគ្មានក្រុមមេបក្ស បើគាំទ្រគឺខុសច្បាប់»។

អត្ថបទទាក់ទង



វា សារថ្មីមួយបន្ថែមទៀតរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច ដែលបកស្រាយពីរឿងហូបនំបញ្ចុកនេះ។ លើកមុន លោក សរសេរថា បើហូបនំបញ្ចុបធម្មតា គឺមិនខុសច្បាប់អ្វីឡើយ តែអតីតមន្រ្តីគណបក្សប្រឆាំង យកលេសហូបនំបញ្ចុកជាមួយគ្នា ដើម្បីរួមគ្នាគាំទ្រនិងចាំទទួលលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលប្រកាសចូលស្រុកក្នុងឆ្នាំ២០១៩នេះ ទើបតុលាការនិងសមត្ថកិច្ច ហៅទៅសួរនាំ។

លោក សរសេរបែបនេះថា «ដើម្បីបិទបាំងសកម្មភាពនយោបាយគាំទ្រអតីតគណបក្សប្រឆាំង សកម្មជនទាំងនោះ បានយកលេសការជួបជុំគ្នាហូបនំបញ្ចុក ក្នុងគោលបំណងបំភាន់ភ្នែកសមត្ថកិច្ច។ ក៏ប៉ុន្តែ រាល់សកម្មភាពរបស់ពួកគេ មិនអាចធ្វើឲ្យសមត្ថកិច្ចយល់ច្រឡំឡើយ»។

ការបកស្រាយរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច គឺធ្វើឡើងបន្ទាប់ពីតុលាការនិងនគរបាល កោះហៅអតីតមន្ត្រីគណបក្សប្រឆាំងនៅតាមមូលដ្ឋានជាលក្ខណៈទ្រង់ទ្រាយធំតែម្តង ដែលមានរហូតដល់ទៅជាង១០០នាក់ឯណោះ ដោយក្នុងនោះ នៅខេត្តបាត់ដំបង មានជាង៣០នាក់ នៅខេត្តកំពង់ធំ មានជាង៣០នាក់ និងនៅខេត្តកណ្តាល ក៏មានជាង៣០នាក់ដែរ រួមទាំង នៅខេត្តមួយចំនួនផ្សេងទៀត។

តុលាការនិងនគរបាល សង្ស័យថា ការដែលពួកគេ ហូបនំបញ្ចុកជាមួយគ្នា និង ជួបជុំគ្នា គឺមានចេតនាប្រឆាំងនឹងសាលដីការបស់តុលាការកំពូល អំពីការរំលាយគណបក្សប្រឆាំង កាលពីចុងឆ្នាំ២០១៧។ ពួកគេ ក៏ត្រូវបានសង្ស័យដែរថា ជុំគ្នា គឺដើម្បីជជែកពីការប្រមូលកម្លាំងចាំទទួលលោក សម រង្ស៊ី។

លោក សម រង្ស៊ី ប្រកាសថា លោក និងសហការី នឹងមកកម្ពុជាវិញ នៅឆ្នាំ២០១៩នេះ ដោយមានទាំងប្រជាពលរដ្ឋខ្មែរនៅតាមប្រទេសនានា នឹងមកជាមួយផងដែរ។ ហើយលោក ក៏សង្ឃឹមថា នឹងមានខ្មែរនៅក្នុងស្រុកចាំទទួលលោក។

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបង្ហាញក្តីកង្វល់ ដែលតុលាការនិងសមត្ថកិច្ច ហៅអតីតមន្ត្រីគណបក្សប្រឆាំង ទៅសួរនាំជាបន្តបន្ទាប់បែបនេះ។ ស្ថាប័នតំណាងឲ្យអង្គការសហប្រជាជាតិមួយនេះ សរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ថា ខ្លួនកំពុងតាមដានរឿងនេះ។

ចំណែក សហរដ្ឋអាមេរិក ក៏មានកង្វល់នឹងរឿងនេះដូច្នេះ ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា លុបបំបាត់ការរឹតត្បិត និងដោះលែងអ្នកទោសទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ដោយរួមទាំងលោក កឹម សុខា ផងដែរ។

តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែឧសភា ក្រសួងការបរទេសអាមេរិក បានអំពាវនាវបែបនេះថា «យើង ក៏សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យគាំទ្រលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ហើយធ្វើយ៉ាងណា ឲ្យសកម្មភាព និងច្បាប់របស់ខ្លួន គោរពទៅតាមកាតព្វកិច្ចសិទ្ធិមនុស្ស របស់កម្ពុជា ស្ថិតក្រោមច្បាប់អន្តរជាតិ»៕

Tag:
 សុខ ឥសាន
  CPP
  CNRP
  ចលនានំបញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com