អន្តរជាតិ
សិង្ហបុរីថា ខ្លួនមិនអាចអន្តរាគមន៍ក្នុងកិច្ចការតុលាការ តាមសំណើម៉ាឡេស៊ីរឿងកាត់ទោសពលរដ្ឋម៉ាឡេស៊ីឡើយ
× រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការផ្ទៃក្នុង និងច្បាប់សិង្ហបុរី លោក K. Shanmugam បានផ្ញើសារទៅកាន់រដ្ឋាភិបាលម៉ាឡេស៊ី ឲ្យបានយល់ពីប្រព័ន្ធច្បាប់សិង្ហបុរី ដែលរដ្ឋាភិបាល មិនអាចអន្តរាគមន៍ទៅលើកិច្ចការរបស់តុលាការដោយខុសនីតិវិធីច្បាប់បានឡើយ។ លោករដ្ឋមន្ត្រី ថ្លែងបែបនេះ បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី បានធ្វើសំណើសុំអន្តរាគមន៍លើបទល្មើសមួយចំនួនដែលពាក់ព័ន្ធនឹងពលរដ្ឋម៉ាឡេស៊ី។
លោករដ្ឋមន្ត្រីសិង្ហបុរី K. Shanmugam នៅថ្ងៃ២៣ ឧសភា បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គិតចាប់ពីរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីកាន់អំណាចមក សិង្ហបុរីទទួលបានសំណើបីរួចមកហើយ ដោយស្នើឲ្យបញ្ឈប់ការកាត់ទោសពលរដ្ឋម៉ាឡេស៊ីនៅសិង្ហបុរី ក្នុងរាប់បញ្ចូលទាំងករណីជួញដូរគ្រឿងញៀន ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរទៀតផង។
តាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Straits Times លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិង្ហបុរី មិនអាចបង្កើតករណីលើកលែងសម្រាប់ពលរដ្ឋម៉ាឡេស៊ី ដែលត្រូវបានកាត់ទោសប្រហារជីវិត ដោយសារតែការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរបានឡើយ ដ្បិតបើធ្វើបែបនេះ នោះ នីតិរដ្ឋរបស់សិង្ហបុរី នឹងត្រូវធ្លាក់ចុះជាក់ជាពុំខានឡើយ។
លោករដ្ឋមន្ត្រី បន្ថែមទៀតថា មិនថាម៉ាឡេស៊ីធ្វើសំណើច្រើនប៉ុណ្ណាក៏ដោយ វា ជារឿងមិនអាចទៅរួចឡើយ ដែលរដ្ឋាភិបាលសិង្ហបុរី ត្រូវធ្វើអន្តរាគមន៍ដោយគ្មានហេតុផលផ្នែកច្បាប់ និងខុសនីតិវិធី ជាពិសេសនោះនៅពេលតុលាការ បានកាត់សេចក្តី និងផ្ទន្ទាទោសហើយនោះ។
តាមលោករដ្ឋមន្ត្រី សិង្ហបុរី បានរកឃើញថា នៅឆ្នាំមុន ក្នុងចំណោមអ្នកជួញដូរគ្រឿងញៀនដែលប៉ូលិសសិង្ហបុរី បានចាប់ខ្លួន មានជនជាតិម៉ាឡេស៊ីជិត៣០ ភាគរយ ហើយក្នុងចំណោមអ្នកជួញប្រាំនាក់ ដែលបាននាំចូលគ្រឿងញៀនក្នុងបរិមាណលើសលប់ និងត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការសិង្ហបុរី ក៏មានពលរដ្ឋម៉ាឡេស៊ីម្នាក់ផងដែរ។
ជាមួយនឹងការលើកឡើងនេះ លោករដ្ឋមន្ត្រីសិង្ហបុរី ក៏បានមានផែនការឆ្លើយតបជាមួយនឹងភាគីម៉ាឡេស៊ី ដោយលោក ក៏គ្រោងលើសំណូមពរបីចំណុចផងដែរ។ ក្នុងនោះក៏រាប់បញ្ចូលទាំងការរឹតបន្តឹងសន្តិសុខតាមច្រកព្រំដែន ដោយលោកអះអាងថា បើមិនចង់ឲ្យសិង្ហបុរីចាប់ខ្លួន និងកាត់ទោសធ្ងន់ធ្ងរនោះទេ ម៉ាឡេស៊ី ត្រូវចាប់ជនល្មើសនៅក្នុងទឹកដីរបស់ខ្លួនឲ្យបាន ។
គួរជម្រាបបន្តិចថា តាមច្បាប់សិង្ហបុរី ជនទាំងឡាយណា ពោលគឺមិនថាបរទេស ឬពលរដ្ឋសិង្ហបុរីឡើយ ដែលបានប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនធ្ងន់ធ្ងរ នឹងត្រូវប្រឈមនឹងការកាត់ទោសប្រហារជីវិត។ តាមការអះអាងរបស់រដ្ឋមន្ត្រីសិង្ហបុរីរូបនេះ ទោសធ្ងន់ធ្ងរមួយនេះ ក៏ទទួលបានការគាំទ្រភាគច្រើនពីពលរដ្ឋសិង្ហបុរីផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com