អន្តរជាតិ
អ្នកជំនាញ​ចង់ឃើញ អាមេរិក​និង​ជប៉ុន​រួមគ្នា​ជួយ​មី​យ៉ាន់​ម៉ា​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សិទ្ធិមនុស្ស​
27, May 2019 , 10:59 pm        
រូបភាព
រូបភាព៖ Japan Times
រូបភាព៖ Japan Times
ដោយ:
​ក្រុម​អ្នកជំនាញ​អាមេរិក និង​ជប៉ុន ចង់ឃើញ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ រួមគ្នា​ដើរតួនាទី​ឲ្យ​កាន់តែ​សកម្ម​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ​លើ​ការអភិវឌ្ឍ​ប្រទេស និង​សិទ្ធិមនុស្ស ។ សម្រាប់​អ្នកជំនាញ វត្តមាន​របស់​រដ្ឋាភិបាល​ទាំងពីរ​ក្នុងពេល​ដូចគ្នា អាចធ្វើ​ឲ្យ​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ មាន​ភាពល្អប្រសើរ ខណៈ​បច្ចុប្បន្ន ក្រុង​ណៃ​ពិដោរ កំពុងតែ​ពឹងផ្អែក​ខ្លាំង​ទៅលើ​ក្រុង​ប៉េកាំង​។​

 
​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​អ្នកជំនាញ នៃ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) មាន​មូលដ្ឋាន​នៅ​អាមេរិក និង គំនិត​ផ្តួចផ្តើម​អាស៊ី​ប៉ាស៊ីហ្វិក (API) អាមេរិក និង​ជប៉ុន អាច​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​រប​ស់មី​យ៉ាន់​ម៉ា​ទាំង​ការផ្លាស់ប្តូរ​តាម​ផែន​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​កំណើនសេដ្ឋកិច្ច​។​
​ក្រុម​អ្នកស្រាវជ្រាវ​តាមរយៈ​របាយការណ៍​ដ​ដែល​នោះ បានផ្តល់​អនុសាសន៍ និង​យុទ្ធសាស្ត្រ​ដល់​អាមេរិក និង​ជប៉ុន ដើម្បី​អនុវត្ត​ក្នុង​គោលដៅ​ពង្រឹង​ភាពជា​ដៃគូ​សេដ្ឋកិច្ច និង​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំងពីរ​នៅក្នុង​ប្រទេស​ទី​បី ដែល​រាប់បញ្ចូល​ទាំង​មី​យ៉ាន់​ម៉ា​នោះ​។ 
 
​ក្រុម​អ្នកស្រាវជ្រាវ រកឃើញថា ក្នុងករណី​មី​យ៉ាន់​ម៉ា វត្តមាន​អាមេរិក និង​ជប៉ុន តាមរយៈ​ការពង្រឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​, សមត្ថភាព​ធនធានមនុស្ស និង​អភិបាលកិច្ច មី​យ៉ាន់​ម៉ា នឹង​ក្លាយជា​រដ្ឋ​ដែល​កាន់តែ​រឹងមាំ ប្រជាធិបតេយ្យ ស្ថិរភាព និង​កាន់តែ​មានលទ្ធភាព​ខ្លាំង​ជាង​មុន​ក្នុង​ការចរចា​ជាមួយនឹង​ប្រទេសជិតខាង​ធំៗ ដូចជា​ចិន​ជាដើម​។ 
 
​គួរ​រម្លឹក​បន្តិច​ថា មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ការទូត​ជាមួយនឹង​អាមេរិក​តាំងពី​ឆ្នាំ​១៩៤៧ និង​ជាមួយនឹង​ជប៉ុន តាំងពី​ឆ្នាំ​១៩៥៤ មកម្ល៉េះ​។ ប្រទេស​ទាំងពីរ សុទ្ធសឹងតែ​ស្ថិតនៅក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទាំង​១០​របស់​មី​យ៉ាន់​ម៉ា​។ ពោលគឺ ប្រទេស​ទាំងពីរ មាន​សក្តានុពល​ស្រាប់​រួចទៅហើយ​នៅក្នុង​ទំនាក់ទំនង​ជាមួយនឹង​មី​យ៉ាន់​ម៉ា​។ 
 
​បច្ចុប្បន្ន​មី​យ៉ាន់​ម៉ា កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​អន្តរកាល​នៃ​ប្រជាធិបតេយ្យ ដែលមាន​បញ្ហា​ប្រឈម​ជាច្រើន​ត្រូវ​ដោះស្រាយ​។ ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា ក៏​មិនទាន់មាន​លក្ខណៈ​ល្អប្រសើរ ខណៈ​កម្រិត​បំណុល ក៏​មិនអាច​ធានា​ពី​និរន្តរភាព និង​ការពឹង​ផ្អែកទៅលើ​ចិន ក៏​ស្ថិតនៅក្នុង​កម្រិត​លើសលប់​ផង​នោះ​។ 
 
​ចំណុច​នេះហើយ ដែល​ក្រុម​អ្នកស្រាវជ្រាវ ជំរុញ​ឲ្យ​អាមេរិក និង​ជប៉ុន បង្កើន​សកម្មភាព​តាមរយៈ​ជំនួយ ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​នៃ​សេដ្ឋកិច្ច នយោបាយ និង​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា បន្ត​ទៅមុខ និង​រីកលូតលាស់​បាន​៕ 
 

Tag:
 អាមេរិក​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com