ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ជប៉ុន ថា កម្ពុជា​ចង់​ធ្វើជា​មិត្ត​ល្អ​ជាមួយ​អាមេរិក​
30, May 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា នៅតែ​ចង់​ធ្វើជា​មិត្ត​ល្អ​ជាមួយ​អាមេរិក​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ជំនួប​ជាមួយ​លោក តាកាហាស៊ី ហ្វី​មី​អាគី (Takahashi Fumiaki)​ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​២៩ ឧសភា​។​

 
​ក្នុងជំនួប​ពិភាក្សា​នោះ សម្តេច ហ៊ុន សែន បាន​អះអាងថា កម្ពុជា​មិន​ចង់​ធ្វើជា​សត្រូវ​ជាមួយ​ប្រទេស​ណាមួយ​ឡើយ ពោលគឺ​កម្ពុជា​តែងតែ​ចង់​ធ្វើ​មិត្ត​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់ រួមទាំង​ប្រទេស​អាមេរិក​ផងដែរ ។ ដ្បិត​ចង់​ធ្វើជា​មិត្ត​ល្អ​ជាមួយ​បណ្ដា​ប្រទេស​នានា​ក្តី ប៉ុន្តែ​សម្ដេច ហ៊ុន សែន នៅតែ​ប្រកាស​ពី​ជំហរ​ថា កម្ពុជា​ត្រូវតែ​រក្សា​នូវ​ឯករាជ្យភាព និង​អធិបតេយ្យភាព ដោយ​មិន​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ឡើយ​។​
 
​ប្រមុខ​រដ្ឋាភិបាល បានស្នើ​ដល់​លោក​តាកាហាស៊ី ហ្វី​មី​អាគី ពាំនាំ​ពាក្យ​ទៅ​សហរដ្ឋអាមេរិក ដូច្នេះ​ថា​៖«​កម្ពុជា​នៅតែ​ចង់​ធ្វើជា​មិត្ត​ល្អ​របស់​សហរដ្ឋអាមេរិក ហើយ​ការ​វាយតម្លៃថា​កម្ពុជា​បោះបង់ចោល​សហរដ្ឋអាមេរិក​បែរ​ងាក​មក​ចាប់​ចិន​នោះ​គឺ​ខុស​ទាំងស្រុង​»​។​
 
​ការអះអាង​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​បែបនេះ ដើម្បី​ពន្យល់​ពី​គោលបំណង​រដ្ឋាភិបាល ទៅកាន់​ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន ដែល​ចង់ដឹង​អំពី​ទស្សនៈវិស័យ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​អន្តរជាតិ ។ ជាពិសេស​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​មក​ជប៉ុន និង​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​។ 
 
​បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាងរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ចិន កំពុង​ស្អិតល្មួត​ខ្លាំង ក្រោម​និយមន័យ​ពាក្យ​«​មិត្ត​ដែកថែប​»​។ ចិន​ក៏​តែងតែ​ប្រកាស​ជំហរ​ធ្វើជា​ខ្នងបង្អែក​ចាំ​ជួយ​ដល់​កម្ពុជា​ទៀតផង នៅ​គ្រា​ណា​ដែល​កម្ពុជា​ត្រូវការ​ជំនួយ​ពី​ចិន​។ តាមរយៈ​ទំនាក់ទំនង​មិនអាច​កាត់ផ្ដាច់​បែបនេះហើយ ទើប​បណ្ដាល​ឲ្យ​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក តែងតែ​ចេញមុខ​រិះគន់ និង​ដាក់​ការសង្ស័យ​លើ​នយោបាយ​ការទូត​ចិន មកលើ​កម្ពុជា​ថា ចិន​ប្រើប្រាស់​ទំនាក់ទំនង​ការទូត​បែប​ល្អូកល្អិន​ជាមួយ​កម្ពុជា ក្នុង​គោលបំណង​បំពេញ​ម​ហិ​ច្ច​តា​ពង្រីក​អំណាច​ខ្លួន នៅក្នុង​តំបន់​ឥណ្ឌូចិន ឬ​អាស៊ី​នេះ​តែប៉ុណ្ណោះ​។ ហើយ​ទំនាក់ទំនង​នេះ​ទៀតសោត វា​គ្មាន​ភាពស្មើគ្នា​នោះទេ ពោលគឺ​វា​ផ្ដល់​ផលចំណេញ​ទៅ​ចិន​ច្រើនជាង​កម្ពុជា​។ ចំណែក​កម្ពុជា នឹង​ធ្លាក់ខ្លួន​ក្លាយជា​កូនអុក​របស់​ចិន​ទៀតផង​។ 
 
អត្ថបទទាក់ទង
 
 
​តែ​យ៉ាងណា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា បាន​មើលឃើញថា ដើមចម​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ងាក​ទៅកាន់​ចិន​រឹតតែ​ខ្លាំង​នេះ វា​បណ្ដាលមកពី​សហគម​អន្តរជាតិ ជាពិសេស​អាមេរិក តែងតែ​ដាក់​សម្ពាធ​មកលើ​កម្ពុជា តាមរយៈ​ការរិះគន់​លើ​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ ដែល​នាំ​ឲ្យ​កម្ពុជា​គ្មាន​ជម្រើស​នយោបាយ​ការទូត​ល្អជា​មួយ​ប្រទេស​ដទៃ ក្រៅពី​មហា​យក្ស​ចិន​។ អ្នកវិភាគ​នយោបាយ យល់ឃើញថា ដ្បិត​កម្ពុជា​ងាក​ទៅរក​ចិន​មែន ប៉ុន្តែ​កម្ពុជា​នឹងមិន​បណ្ដោយ​ខ្លួន ឲ្យ​ក្លាយជា​កូនអុក​របស់​ចិន​នោះទេ​។ នោះ​ក៏​ព្រោះតែ​រដ្ឋាភិបាល ទំនងជា​យល់ដឹង​ច្បាស់​ពី​បញ្ហា​ផុងខ្លួន​ជា​កូនអុក​របស់​ពួក​មហាអំណាច​ណាមួយ​៕

Tag:
 ហ៊ុន សែន​
  ជប៉ុន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com