ជាតិ
សង្គមជាតិ
ផ្ទះសំណាក់​ជនជាតិ​ចិន​មួយ ត្រូវបាន​រុះរើ ដោយសារ​សរសេរ​ពាក្យ​ខ្មែរ​ខុស​ន័យ​ឈ្មោះ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​
04, Jun 2019 , 3:50 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជ្ញាធរ​សៀមរាប បាន​ចុះ​រុះរើ​ផ្ទះសំណាក់​របស់​ជនជាតិ​ចិន ដែល​បាន​សរសេរ​ពាក្យពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ​តាមន័យ​ឈ្មោះ ដែល​បាន​ចុះបញ្ជី​នៅក្នុង​ក្រសួងពាណិជ្ជកម្ម​។​ផ្ទះសំណាក់​របស់​ជនជាតិ​ចិន ឈ្មោះថា «​តៃ ប៉ូ ផ្ទះ​យុវជន​អន្តរជាតិ​» ដែល​ត្រូវបាន​អាជ្ញាធរ​រុះរើ​នេះ ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​។​

 
​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លោក វ៉េង សុធី ដែល​ចុះ​ត្រួត​ពី​និត្យ​ទីតាំង​រើ​ស្លាក​ឈ្មោះ​នៅផ្ទះ​សំណាក់ ដែលមាន​ឈ្មោះ​«​តៃ ប៉ូ ផ្ទះ​យុវជន​អន្តរជាតិ​» នេះ បាន​បញ្ជាក់ថា ការលើក​ស្លាក​អាជីវកម្ម​ដែល​ប្រើពាក្យ​ពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ ខុសពី​ឈ្មោះ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​។ ជាពិសេស​មិនបាន​សុំច្បាប់​អនុ​ញ្ញា​ត្ត​ជាមុន​នេះ ត្រូវតែ​ទម្លាក់ចោល​ទាំងអស់ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ ។​
 
​ហ្វេ​ស​ប៊ុ​ក​ក្រសួង បាន​ស្រង់​សម្តី លោក វ៉េង សុធី បាន​សរសេរ​ដូច្នេះ​ថា​៖ «​ការទម្លាក់​ស្លាក​អាជីវកម្ម​ផ្ទះសំណាក់​ខាងលើ ដោយសារតែ​ជនជាតិ​ចិន​ជា​ម្ចាស់​បាន​ប្រើប្រាស់​ពាក្យពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ ខុសពី​ឈ្មោះ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​»​។​
 
​ជាមួយគ្នានេះ​អាជ្ញាធរ បាន​ណែនាំ​ឲ្យ​ជនជាតិ​ចិន​ដែលជា​ម្ចាស់​ផ្ទះសំណាក់​នេះ ឲ្យ​យល់​ពី​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ច្បាប់​ស្តីពី​ពាណិជ្ជ​នាម ក្នុងការ​ស្នើ​បើក​អាជីវកម្ម ឬ​ក្រុមហ៊ុន​នានា នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​មួយរយៈ​ពេលនេះ អាជ្ញាធរ​បាន​ចុះ​រុះរើ​ស្លាក​យីហោ ដែល​ក្រសួងពាណិជ្ជកម្ម​អះអាងថា សរសេរ​ខុស​ពាក្យពេចន៍​ខ្មែរ​ជា​បន្តបន្ទាប់​។ ទីតាំង​អាជីវកម្ម​ទាំងនោះ ភាគច្រើន​គឺជា​របស់​ជនជាតិ​ចិន ដែល​មក​រស់នៅ និង​រកស៊ី​នៅ​កម្ពុជា​។ 
 
​កន្លងមក​រដ្ឋមន្ត្រី​ទេសចរណ៍ លោក ថោង ខុន ស្នើឱ្យ​មន្ត្រី​ជំនាញ​ច្បាប់​នៃ​វិស័យ​ទេសចរណ៍​ទាំងអស់ ពង្រឹង​ការផ្សព្វផ្សាយ និង​ពន្យល់​ផ្នែក​ច្បាប់ ជា​ភាសា​ចិន​ទៅដល់​ម្ចាស់​អាជីវកម្ម​ចិន ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ជនជាតិ​ចិន ដែល​មករក​ស៊ី​នៅ​កម្ពុជា ហើយ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​នេះ​។​
 
​សូម​រម្លឹកថា  ជនជាតិ​ចិន​ដែល​បានមក​បើក​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា មាន​ចំនួន ២៦២​កន្លែង ខណៈ​មាន​មគ្គុទ្ទេសក៍​និយាយ​ភាសា​ចិន​ជាង​១០០០​នាក់ នៅត្រឹម​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួងទេសចរណ៍​កន្លងមក​៕
 

Tag:
 ពាណិជ្ជកម្ម​
  សេដ្ឋកិច្ច​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com