អន្តរជាតិ
មនុស្ស​ជំនិត​និង​ប្អូនស្រី​លោក​គីម ជុង​អ៊ុន បង្ហាញមុខ​ជាថ្មី ក្រោយ​លេច​ឮ​ដំណឹង​រង​ពិន័យ​
04, Jun 2019 , 4:42 pm        
រូបភាព
​លោក គីម យ៉ុង​ឈុ​ល ដៃស្ដាំ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្អូនស្រី​សំណព្វ​លោក គីម គឺ​លោកស្រី គីម យ៉ូ​ចុង បាន​លេច​ជា​សាធារណៈ​វិញ បន្ទាប់ពី​មាន​ដំណឹង​ថា អ្នក​ទាំងពីរ​រង​ការដាក់ពិន័យ​ពាក់ព័ន្ធ​ជំនួប​បរាជ័យ​នៅ​វៀតណាម​។ អ្នក​ទាំងពីរ​នេះ មិនសូវ​ចេញមុខ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ឡើយ​ក្រោយ​ជំនួប​លោក គីម និង​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ខែកុម្ភៈ​។ លោក គីម យ៉ុង​ឈុ​ល ក៏​ត្រូវគេ​ដឹងថា បាត់បង់​តំណែង​សំខាន់​ក្នុង​ជួរ​បក្ស​ផង​។​

 
​កាលពី​ចុងខែ​មេសា​កន្លងទៅ កាសែត​កូរ៉េខាងត្បូង Cholsun Ilbo ផ្សាយ​ដោយ​ស្រង់​ប្រភព​កូរ៉េខាងជើង​ថា លោក គីម យ៉ុង​ឈុ​ល មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក ត្រូវបញ្ជូន​ទៅកាន់​ជំរំ​លត់​ដំនៅ​ខេត្ត​ដាច់ស្រយាល​ចំពោះ​កំហុស​ជុំវិញ​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​នៅ​វៀតណាម​ដែល​បរាជ័យ​។ ចំណែក​លោកស្រី គីម យ៉ូ​ចុង ក៏ត្រូវ​រាយការណ៍​ថា រង​ការពិន័យ​ដូចគ្នា ហើយ​បាន​បាត់​មុខ​ពី​សាធារណៈ​អស់​រយៈពេល​៥២​ថ្ងៃ​មកហើយ​។​

លោក គីម យ៉ុងឈុល (រូបព្រួញ) បង្ហាញមុខជាសាធារណៈនៅថ្ងៃទី២ ខែមិថុនាក្រោយព័ត៌មានថា រងពិន័យ។ រូបភាព KCNA 

​យ៉ាងណាក្ដី លោក គីម យ៉ុង​ឈុ​ល បានបង្ហាញ​ជាថ្មី​នៅ​ថ្ងៃទី​២ ខែមិថុនា​អំឡុងពេល​កម្មវិធី​សម្ដែង​សិល្បៈ​មួយ​ដែល​ចូលរួម​ដោយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ផង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។ លោក គីម អង្គុយ​កៅអី​ទី​៥​រាប់​ពីឆ្វេង​ដៃ​មេ​កើយ​វ័យក្មេង​របស់លោក​។ ឯ​លោកស្រី គីម វិញ ក៏​បង្ហាញ​វត្តមាន​ក្នុងការ​សម្ដែង​សិល្បៈ​ដ៏​ធំ​ដែរ​នៅ​ថ្ងៃទី​៣ ខែមិថុនា ដោយ​អង្គុយ​ក្បែរ​បងថ្លៃ​ស្រី​របស់ខ្លួន​។ 

លោកស្រី គីម យ៉ូចុង (ឆ្វេងទីពីរ) ប្អូនស្រីសំណព្វលោក គីម ជុងអ៊ុន ចូលរួមកម្មវិធីមួយកាលពីថ្ងៃទី៣ ខែមិថុនា។ រូបភាព KCNA 

​ការបង្ហាញ​វត្តមាន​ឡើងវិញ​របស់​មន្ត្រី​សំខាន់​ទាំងពីរ បានបញ្ចប់​ពាក្យ​ចចាមអារ៉ាម​ដែលថា អ្នក​ទាំងពីរ​រង​ពិន័យ​។ ប៉ុន្តែ​សំណួរ​នៅតែមាន​ដដែល​។ ហេតុអ្វី​អ្នក​ទាំងពីរ​បាត់​មុខ​ក្នុងពេល​យូរថ្ងៃ​បែបនេះ​? ឬ​ពិតជា​ត្រូវ​លោក គីម ជុង​អ៊ុន ដាក់ពិន័យ​មែន​?
 
​អាចមាន​ការសន្និដ្ឋាន​ច្រើន​ជុំវិញ​រឿងនេះ​។ ទីមួយ ទាំង​លោក គីម យ៉ុង​ឈុ​ល ទាំង​លោកស្រី គីម យ៉ូ​ចុង មិនមាន​បញ្ហា​អ្វី​ឡើយ តែមាន​បញ្ហា​ផ្សេង​ទើប​មិនអាច​ចេញមុខ​បាន​។ កាលពី​កិច្ចប្រជុំ​បក្ស​ខែមេសា លោក គីម យ៉ុង​ឈុ​ល បាត់បង់​តំណែង​ជា​ប្រធាន​រណសិរ្ស​រួបរួម​ដែល​ទទួលបន្ទុក​ការងារ​កូរ៉េខាងត្បូង តែ​ក្លាយជា​អនុប្រធាន​បក្ស និង​ជា​សមាជិក​គណៈកម្មការ​កិច្ចការរដ្ឋ​វិញ ដែល​នេះ​អាចជា​មូលហេតុ​ដែល​មិនសូវ​បានបង្ហាញ​មុខ​ច្រើន​។ ចំណែក​លោកស្រី គីម យ៉ូ​ចុង វិញ​អាចមាន​បញ្ហា​សុខភាព​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ។​
 
​ទី​ពីរ អ្នក​ទាំងពីរ​ពិតជា​រង​ពិន័យ​មែន តែ​មិន​ធ្ងន់ ដូច​មន្ត្រី​ផ្សេងទៀត​ដែល​ត្រូវ​ប្រហារជីវិត ឬ​ត្រូវ​លត់​ដំ​រយៈពេល​យូរ​។ ទទួលទោស​ស្រាល ព្រោះ​លោក គីម ជា​មនុស្ស​ជំនិត​បំផុត ហើយ​មាន​ស្នាដៃ​ក្នុង​ការចរចា​ជាមួយ​អាមេរិក ពិសេស​ការនាំ​ឲ្យ​មាន​ជំនួប​លើកទីមួយ​នៅ​សិង្ហ​បុរី​។ ឯ​លោកស្រី គីម យ៉ូ​ចុង ជា​សា​ច់ឯង​ឈាម​ឯង​ផង និង​ជា​ជំនួយ​ការដែល​លោក គីម មិនអាច​ខ្វះ​បាន​ផង​។ កន្លងមក ប្អូនស្រី​បង្កើត​រូបនេះ បាន​ដើរ​តាម​បងប្រុស​ខ្លួន​ស្ទើរ​គ្រប់​កម្មវិធី មិន​ថា​ក្នុងស្រុក ឬ​នៅ​បរទេស​ឡើយ​៕   

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  គីម យ៉ុង​ឈុ​ល​
  គីម យ៉ូ​ចុង
© រក្សាសិទ្ធិដោយ thmeythmey.com