អន្តរជាតិ
លោក Thanathorn ត្រូវតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី ប្រជែងលោក ប្រាយុទ្ធ លោក Thanathorn Juangroongruangkit ប្រធានបក្សឆ្ពោះទៅមុខ (ឆ្វេង) និង លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ
× សម្ព័ន្ធភាពប្រឆាំងរបបសឹកថៃ បានសម្រេចតែងតាំងអ្នកនយោបាយវ័យក្មេង លោក Thanathorn Juangroongruangkit ប្រធានគណបក្សអនាគតឆ្ពោះទៅមុខ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីប្រជែងនឹងនាយករដ្ឋមន្ត្រីថៃសព្វថ្ងៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា ក្នុងការបោះឆ្នោតនាថ្ងៃពុធទី ៥ មិថុនា ។ អ្វីជាចម្ងល់នោះ ការសម្រេចតែងតាំងនេះ ធ្វើឡើងទោះបីជាលោក Thanathorn បច្ចុប្បន្ននេះ ត្រូវបានព្យួរតួនាទីជាសមាជិកសភា ក្រោមបណ្តឹងរបស់តុលាការធម្មនុញថៃ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃអង្គារទី ៤ មិថុនា លោកស្រី Pannika Wanich អ្នកនាំពាក្យឲ្យគណបក្សអនាគតឆ្ពោះទៅមុខ បញ្ជាក់ឲ្យដឹងថា សម្ព័ន្ធភាពបក្សគាំទ្រប្រជាធិបតេយ្យចំនួន៧ បានរួមគ្នាសម្រេចតែងតាំងលោក Thanathorn សម្រាប់ការបោះឆ្នោតជ្រើសរើសតំណែងនាយករដ្ឋមន្ត្រីថៃ នាថ្ងៃទី ៥ មិថុនា។
តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ អគ្គលេខាធិការបក្សភឿថៃ លោក Phumtham Wechayachai បានលើកឡើងថា គណបក្សលោក បានយល់ព្រមគាំទ្រលោក Thanathorn ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់សម្ព័ន្ធភាពបក្សទាំង៧។ ជាមួយគ្នានេះ លោក បន្ថែមថា បក្សភឿថៃ នឹងមិនតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីប្រជែងនឹងបក្សអនាគតឆ្ពោះទៅមុខរបស់ លោក Thanathorn នោះឡើយ។
ការសម្រេចចិត្តរបស់បក្សភឿថៃ គាំទ្រលោកថាក់ស៊ីន នេះ ធ្វើឡើងដោយគោរពតាមជំហររបស់លោកស្រី Sudarat Keyuraphan មន្ត្រីជាន់ខ្ពស់បក្សភឿថៃ ដែលបានប្រកាសមិនទទួលយកតំណែងកំពូលនេះ។ គួរកត់ចំណាំផងដែរថា សម្ព័ន្ធភាពគាំទ្ររបបសឹក ដែលដឹកនាំដោយបក្សកម្លាំងប្រជារាស្ត្រ នឹងតែងតាំងលោកប្រាយុទ្ធ ជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ។
សូមបញ្ជាក់ដែរថា អ្នកនយោបាយវ័យក្មេង Thanathorn ដែលទើបលេចមុខក្នុងឆាកនយោបាយថៃ កាលពីឆ្នាំមុន ហើយបក្សលោកជាប់លេខ៣ក្នុងការបោះឆ្នោតកាលពីមីនា បានអះអាងថា លោក បានត្រៀមខ្លួនរួចរាល់ដើម្បីលើកឡើងពីចក្ខុវិស័យដឹកនាំប្រទេសរបស់លោក ព្រោះថាប្រជាជន គួរតែយល់ដឹងពីរបៀបដឹកនាំប្រទេសរបស់នាយករដ្ឋមន្ត្រីថ្មី៕
Tag:
ថៃ
Thanathorn Juangroongruangkit
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com