អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អាប់​ភី​ស៊ីត បោះបង់​កៅអី​សភា ក្រោយ​បក្ស​ប្រជា​ធិប​តេ​យ្យ​រួម​ដៃ​ជាមួយ​បក្ស​លោក ប្រា​យុទ្ធ​
05, Jun 2019 , 1:40 pm        
រូបភាព
​អតីត​មេដឹកនាំ​បក្ស​ប្រជា​ធិ​តេ​យ្យ លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា (Abhisit Vejjajiva) បានសម្រេច​ចុះចេញ​ពី​តំណែង​ជា​សមាជិកសភា នៅ​ព្រឹក​ថ្ងៃទី​ពុធ​ទី ៥ មិថុនា
​អតីត​មេដឹកនាំ​បក្ស​ប្រជា​ធិ​តេ​យ្យ លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា (Abhisit Vejjajiva) បានសម្រេច​ចុះចេញ​ពី​តំណែង​ជា​សមាជិកសភា នៅ​ព្រឹក​ថ្ងៃទី​ពុធ​ទី ៥ មិថុនា
ដោយ:
​អតីត​មេដឹកនាំ​បក្ស​ប្រជា​ធិ​តេ​យ្យ លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា (Abhisit Vejjajiva) បានសម្រេច​ចុះចេញ​ពី​តំណែង​ជា​សមាជិកសភា នៅ​ព្រឹក​ថ្ងៃទី​ពុធ​ទី ៥ មិថុនា ។ ការដើរ​ចេញ​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​សមាជិក​ជាន់​ខ្ពស់​នៃ​បក្ស​ប្រជាធិបតេយ្យ បាន​បោះឆ្នោត​ចូលរួម​ជាមួយ​សម្ព័ន្ធ​ភាពគាំទ្រ​របប​សឹក​។



​ក្នុង​លទ្ធផល​បោះឆ្នោត ៦១ ទល់នឹង ១៦ កាលពី​យប់​ថ្ងៃ​អង្គារ​ទី ៤ មិថុនា  បក្ស​ប្រជាធិបតេយ្យ បានសម្រេច​ចូលរួម​ដៃ​ជាមួយ​សម្ព័ន្ធភាព​គាំទ្រ​របប​យោធា​ថៃ ដែល​ដឹកនាំ​ដោយ​បក្ស​កម្លាំង​ប្រជារាស្ត្រ​។ មួយថ្ងៃ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី ៥ មិថុនា​នេះ ដែល​សភា​នឹង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ផងដែរ​នោះ លោក អាប់​ភី​ស៊ីត បានសម្រេច​លាលែង​ពី​តំណែង​ជា​សមាជិក​ស​ភា​តែម្ដង​។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Khaosod English ក្រៅពី​លោក អាប់​ភី​ស៊ីត សមាជិក​នៃ​បក្ស​ប្រជា​ធិ​តេ​យ្យ​៤​នាក់​ផ្សេងទៀត ក៏បាន​ប្រកាស​លាលែង​តំណែង ដែល​ក្នុងនោះ​មាន ក្មួយប្រុស​បង្កើត​របស់​លោក​អាប់​ភី​ស៊ីត លោក Parit Wacharasindhu និង​អតីត​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ លោក Somchai Srisutthiyakorn ជាដើម​។​

​ទាក់ទិន​នឹង​ការដើរ​ចេញពី​កៅអី​សភា​នេះ លោក អាប់​ភី​ស៊ី តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក គូសបញ្ជាក់ថា លោក​ពុំ​អាច​ដើរចូល​ទៅក្នុង​សភា និង​បោះឆ្នោត​ប្រឆាំង​ទៅនឹង​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​របស់​បក្ស​លោក​ឡើយ​។ នេះ​ជាការ​សន្យា​ដែល​លោក​បាន​បង្កើតឡើង​ទៅកាន់​ប្រជាជន​ថៃ​នៅ​ទូទាំងប្រទេស​។

​លើសពីនេះ លោក អាប់​ភី​ស៊ីត ចាត់ទុក​ការលាលែង​ពី​តំណែង​នេះ ជាការ​ចាំបាច់​បំផុត​សម្រាប់​លោក ដ្បិត​លោក​ធ្លាប់បាន​ប្តេជ្ញា​ថា លោក​នឹងមិន​គាំទ្រ​មេដឹកនាំ​របប​សឹក លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ​ឡើយ​៕


Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com