ជាតិ
សម្ដេច ហ៊ុន សែន​៖ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ខ្លះ ធ្វើ​ទង្វើ​ឆ្គាំឆ្គង និង​បញ្ចេញ​អំណាច​ជ្រុល​
07, Jun 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ខ្លះ កំពុង​ប្រព្រឹត្ត​ទង្វើ​ឆ្គាំឆ្គង និង​ប្រើប្រាស់​អំណាច​ជ្រុស​ហួស​ដែន​កំណ​ត់នៃ​ច្បាប់ ដែល​មានចែង​នៅក្នុង​ស្ថាប័ន​ថ្មី ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល នៅ​អាណត្តិ​ទី​៦​នេះ​។ នេះ​ជាការ​សង្កេតឃើញ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ផ្ដាំ​ឲ្យ​ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ជួយ​រំឭក​ដល់​សមាជិក​ស្ថាប័ន​ខ្លួន អំពី​សមត្ថកិច្ច​បំពេញភារកិច្ច​របស់​ពួកគេ​ផង​។​

 
​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​៧ មិថុនា​នេះ បាន​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្ដេច ហាក់​មិនសូវ​ពេញចិត្ត នឹង​ការបំពេញភារកិច្ច​រប​ស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ឡើយ​។ មិន​ពេញចិត្ត ត្រង់​ថា សមាជិក​ខ្លះ នៃ​ស្ថាប័ន​មួយ​នេះ បាន​បំពេញការងារ​ដោយ​បញ្ចេញ​អំណាច​ខ្លួន​ជ្រុល​ហួសហេតុ​ពេក​។​
 
​ត្រង់ចំណុច​នេះ​លោក ផៃ ស៊ី​ផាន បាន​សង្កត់ធ្ងន់ថា សម្ដេច ហ៊ុន សែន បាន​រំឭក​ពួកគេ​ឲ្យ​បំពេញការងារ​ដោយ​គ្រាន់តែ​ប្រមូល​ព័ត៌មាន​ពី​មន្ត្រី​អសកម្ម និង​ការរំលោភបំពាន​សិទ្ធិ ដីធ្លី​របស់​ប្រជាពលរដ្ឋ រាយការណ៍​មក​រដ្ឋាភិបាល​ប៉ុណ្ណោះ ពោលគឺ​ពួកគេ​មិនត្រូវ​តាំងខ្លួន​ជា​តុលាការ ឬ​តំណាងរាស្ត្រ ដែល​ស្បថ​ចូលកាន់​តំណែង​ពេញសិទ្ធិ ក្នុង​ការតាំង​សំនួរ​សួរ​ដេញ​ដោយ​ទៅលើ​រដ្ឋមន្ត្រី​ក្រសួងសាមី​ហួសហេតុ ជំនួស​រដ្ឋាភិបាល​ឡើយ​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖«​សម្ដេច ហ៊ុន សែន គាត់​បាន​លើក​ទិដ្ឋភាព​ចំណុច​៣​ថា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ មានតែ​អាណត្តិ​ហ្នឹង​ទេ ដែល​អាច​ធ្វើការ​ជាមួយ​នាយករដ្ឋមន្ត្រី ។ ហើយ​នៅ​អាណត្តិ​ក្រោយ​ទៀត គឺ​អាស្រ័យ​លើ​ការសម្រេច​របស់​រដ្ឋាភិបាល​ថ្មី​។ ទិដ្ឋភាព​ទី​២ សម្ដេច​គាត់​បាន​មើលឃើញ​ពី​ទង្វើរ​ឆ្គាំឆ្គង​របស់​សមាជិក​នេះ ដែល​ធ្វើ​ហួស​ដែន​សមត្ថកិច្ច​របស់ខ្លួន ក្នុងការ​សួរដេញដោល ធ្វើ​ដូច​ខ្លួន​ជា​តុលាការ ឬ​តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត ស្បថ​ចូលកាន់​តំណែង​។ ទិដ្ឋភាព​ទី​៣ សម្ដេច បាន​រំឭក​ពួកគេ​មិន​ឲ្យ​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សមត្ថកិច្ចរ​បស់​ក្រសួងសាមី ជាពិសេស​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​»​។​
 
​បើតាម​លោក ផៃ ស៊ី​ផាន ប្រមុខ​រដ្ឋាភិបាល ក៏បាន​ផ្ដាំ​ទៅ​លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ឲ្យ​ជួយ​រំឭក​ដល់​សមាជិក​ស្ថាប័ន​ខ្លួន អំពី​សមត្ថកិច្ច​បំពេញភារកិច្ច​របស់​ពួកគេ តាមរយៈ​ការស្វែងរក​តម្រុយ​ព័ត៌មាន​សម្រាប់​រដ្ឋាភិបាល ហើយ​កុំ​អួតអាង​ពី​ឥទ្ធិពល​ខ្លួន​ជ្រុល​ក្នុងការ​បំពេញការងារ​។​
 
​ជុំវិញ​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ខាងលើនេះ ត្រូវបាន​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ច្រានចោល​។ លោក ពេជ្រ ស្រស់ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​មួយរូប បានការ​ពារ​ជំហរ​ថា ខ្លួន​និង​សមាជិក​ដទៃ បាន​បំពេញការងារ​ស្របតាម​លក្ខន្តិក​ដែល​ចែង​នៅក្នុង​ច្បាប់​ស្តីពី​តួនាទី​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ត្រឹមត្រូវ ស្របតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ។ ដូច្នេះ​គ្មាន​ចំណុច​ណា ដែល​ចាត់ទុកថា លោក​និង​សមាជិក​ស្ថាប័ន​នេះ ធ្វើ​ផ្ទុយ​ពី​តួនាទី​នោះទេ​។​
 
​ងាក​មក​និយាយ​ពី​រឿង​ប្រើ​អំណាច​វិញ លោក ពេជ្រ ស្រស់ អះអាងថា ការបំពេញ​ការងារ គឺ​ត្រូវ​ប្រើ​ប្រមូល​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ មុននឹង​ផ្ដល់​របាយការណ៍​ជូន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ដូច្នេះ​ដើម្បី​ចង់បាន​ព័ត៌មាន​ច្បាស់លាស់​ទាំងនោះ ទើប​លោក​ត្រូវ​តាំង​សំនួរ​ជជែក​ដេញដោល ជជីក​ឫស​គស់​ឲ្យ​បាន​លម្អិត​ពី​បញ្ហា​នីមួយៗ​នេះ​។​
 
«​បើ​គាត់​(​សម្ដេច ហ៊ុន សែន​)​លើកឡើង​បែបនេះ តើ​គាត់​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​ឡើងមក​ធ្វើ​អ្វី​។ ចំណែក​រឿង​ដេញដោល​រដ្ឋមន្ត្រី វា​ជា​សិល្បៈ​នៃ​ការ​សួរ ហើយ​វា​ក៏​គ្មាន​លើស គ្មាន​ខ្វះ​អ្វី​ទេ​។ ហើយ​មួយទៀត ការចុះ​បំពេញការងារ គឺ​ខ្ញុំ​មើលឃើញថា វា​មិនទាន់​ឈានទៅដល់​ការប្រទូសរ៉ាយ​ជាមួយ​ថ្នាក់ក្រោម​ជាតិ ដោយ​ប្រើ​ពាក្យសម្តី​ប្រមាថ​អ្វី​ក៏​មិនទាន់មាន​ដែរ​។ អ៊ីចឹង​កាលណា​ខ្ញុំ​ប្រមូល​ព័ត៌មាន​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ គឺ​ខ្ញុំ​ចុះ​ផ្ទាល់ ព្រោះ​បើ​យើង​នៅតែ​កន្លែង ហើយ​ស្ដាប់​តែ​ពលរដ្ឋ​ម្ខាង​ក៏​មិនត្រូវ ស្ដាប់​អាជ្ញាធរ​ម្ខាង​ក៏​មិនត្រូវ​។ ហើយ​បើតាម​ច​រិ​ក​ខ្ញុំ​ហ្មង ខ្ញុំ​មិនដែល​អួត​ក្អេងក្អាង​ជាមួយ​ថ្នាក់ក្រោម​ជាតិ​ទេ ប៉ុន្តែ​បើ​គេ​មិន​សហការ​គឺ​យើង​ធ្វើ​តាមបែប​វិធី​ផ្សេងទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ពេជ្រ ស្រស់​។​
 
​អះអាង​បែបនេះហើយ ប្រធាន​គណបក្ស​យុវជន​រូបនេះ បានដាក់​ការសង្ស័យ​វិញ​ថា ប្រហែល​ជាមាន​មន្ត្រី​រដ្ឋាភិបាល​ខ្លះ អុចអាល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ការបំពេញភារកិច្ច​រប​ស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ដែល​តែងតែ​ប្រមូល​ព័ត៌មាន​រសើប​ប៉ះពាល់​ប្រយោជន៍​របស់​ពួកគេ​។ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ៊ីចឹង​តាម​ការលើកឡើង​របស់​គាត់ (​សម្ដេច ហ៊ុន សែន​) ប្រហែលជា​គាត់​មើលឃើញ​តែមួយ​ជ្រុង​ក៏​អាច​ថា​បាន ឬក៏​មាន​អ្នករាយការណ៍​ទៅ​ពិ​រោះ​ពួក​ខ្ញុំ​ក៏​អាច​ថា​បាន​។ ប៉ុន្តែ​ទោះបីយ៉ាងណា​យើង​អត់​ខ្វល់​ទេ​។ អត់​ខ្វល់​ត្រង់​ថា ទី​១ គឺ​យើង​មិនបាន​រំលោភច្បាប់ នូ​អ្វីដែល​យើង​ធ្វើ​។ ទី​២ គឺ​យើង​មិនបាន​រំលោភ​ព្រះរាជក្រឹត្យ​។ ហើយ​ចំពោះ​ការតាំង​សំនួរ​សួរ​(​រដ្ឋមន្ត្រី​) នេះ ព្រោះ​ខ្ញុំ​មិនមែនជា​មន្ត្រី​គណបក្ស​ប្រជាជន ខ្ញុំ​មិនមែនជា​អ្នកនៅក្រោមឱវាទ​រដ្ឋាភិបាល​។ ខ្ញុំ​ជា​គណបក្ស​ឯករាជ្យ ហើយ​ប្រមូល​ធាតុ​ផ្សំ​ឲ្យ​រដ្ឋាភិបាល ដូច្នេះ​សំនួរ​ខ្លះ​យើង​សួរ​ចាក់​ដោត ដើម្បី​ចង់បាន​ចម្លើយ​ពិត និង​រូបភាព​ពិត​ដើម្បី​ធ្វើការ​កែតម្រូវ​អំពើ​ខុស​ឲ្យ​ទៅជា​អំពើ​ត្រូវ​វិញ​»​។​
 
​លោក ពេជ្រ ស្រស់ សង្កត់ធ្ងន់ថា ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នេះ មិនមែនជា​សម្ពាធ ហើយក៏​មិន​ប៉ះពាល់​ផ្ដូ​វ​អារម្មណ៍​លោក ក្នុងការ​បំពេញការងា​រ​ឡើយ​។ បន្ថែម​ពីនេះ​លោក ស្រស់ បាន​បញ្ជាក់ថា ទោះជា​គ្មាន​ស្ថាប័ន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ ក៏​លោក​ត្រូវបំពេញ​ការងារ​ដោះស្រាយ​បញ្ហា​តាម​មូលដ្ឋាន ដូចជា​រិះគន់​មន្ត្រី​អសកម្ម និង​ស្វែងរក​ដំណោះស្រាយ​ដីធ្លី រួមទាំង​ផលប៉ះពាល់​នានា ដល់​ពលរដ្ឋ​ដែរ​។​
 
 
​ក្នុង​រយៈពេល​១០​ខែ នៃ​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ ក្រុមការងារ​ស្ថាប័ន​នេះ បាន​កោះហៅ​រដ្ឋមន្ត្រី​ជាច្រើនរូប ដើម្បី​សួរនាំ​ព័ត៌មាន​ជុំវិញ​ការដោះស្រាយ​បញ្ហា​ពលរដ្ឋ​។ រដ្ឋមន្ត្រីក្រសួង​សា​ម៉ី​ទាំងនោះ​រួមមាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស វ​ឌ្ឍ​នា​, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ , រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ជាដើម​។ 
 
​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​នោះ លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ តែងតែ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បង្ហាញ​ពី​របាយការណ៍​ការជជែក​ដេញដោល​ជុំវិញ​បញ្ហា​ទាំងនោះ ដោយ​ភ្ជាប់​ជាមួយ​ចម្លើយ​របស់​រដ្ឋមន្ត្រី ដែល​ស្ថាប័ន​មួយ​នេះ អះអាងថា ទទួលយក​មិនបាន​។ ប៉ុន្តែ​ខាង​ក្រសួង ក៏​តែងតែ​ច្រានចោល​រាល់​ព័ត៌មាន​ដែល​ស្ថាប័ន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ លើកឡើង​ដែរ​។ ក្រុម​ប្រតិភូ​ពី​គណបក្សនយោបាយ​ទាំង​១៦ បាន​ចុះ​បេសកកម្ម​ទៅតាម​បណ្តា​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ជាង ១០០​លើក ក្នុង​រយៈពេល​១០​ខែ​មកនេះ​។​
 
​បច្ចុប្បន្ន​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ មាន​ចំនួន​៣២​រូប ដែល​មកពី​គណបក្សនយោបាយ​ចំនួន​១៦ ហើយ​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី សម្រាប់​ទទួលបាន​អំណាច​គ្រប់គ្រាន់ ក្នុង​ការចុះ​បំពេញការងារ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​។ គ្រប់​តំណាង​គណបក្ស អាច​ធ្វើជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​នេះ​ម្តងម្នាក់ ក្នុង​រយៈពេល​មួយខែ​។ ក្រុមប្រឹក្សា​ខាងលើ ត្រូវ​បើក​កិច្ចប្រជុំ​ម្តង​ក្នុង​រយៈពេល​មួយខែ និង​ក្នុង​រយៈពេល​៦​ខែ ត្រូវ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី (​សម្តេច ហ៊ុន សែន​) ម្តង​។ វិមាន​សន្តិភាព ជា​កន្លែង​សម្រាប់​ប្រជុំ​របស់​ក្រុមប្រឹក្សា​នេះ​។ គួរ​បញ្ជាក់ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ត្រូវបាន​បង្កើតឡើង​កាលពី​ខែកញ្ញា ឆ្នាំ ២០១៨ តាម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច ហ៊ុន សែន ក្រោយពេល​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦៕

Tag:
 ហ៊ុន សែន​
  ក្រុមប្រឹក្សា​
 ​ពិគ្រោះ​យោបល់
© រក្សាសិទ្ធិដោយ thmeythmey.com