ជាតិ
កើតជា​មនុស្ស ចូរ​កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប​!
10, Jun 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​មានការ​រស់នៅ​ប្រកបដោយ​សីលធម៌​ពេញ​មួយជីវិត កេរ្ដិ៍ឈ្មោះ​ល្អ កិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពជោគជ័យ សុភមង្គល និង​សុខដុមភាព បុព្វបុរស​ខ្មែរ តែងតែ​រិះ​វិធី​ផ្សេងៗ​សម្រាប់​អប់រំ​កូនចៅ​របស់ខ្លួន ដែល​ក្នុងនោះ មានការ​លើកឡើង​នូវ​សុភាសិត​មួយ​ថា​«​កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប​»​។ តើ​សុភាសិត​នេះ​មាន​អត្ថន័យ​ស៊ីជម្រៅ និង​មាន​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​?


 
​មុននឹង​បកស្រាយ​សុភាសិត​ដែល​លើកឡើងថា «​កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប​» ចាំបាច់​យើង​ត្រូវ​យល់​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន ដូចជា ពាក្យ​«​កុំ​» គឺជា​ពាក្យ​សម្រាប់​ហាម​មិន​ឱ្យធ្វើ​អ្វីមួយ​ដែល​មិនល្អ មិន​សម​ហេតុផល អសីលធម៌ ខុស​ប្រពៃណី ខុស​ទំនៀមទម្លាប់ ខុស​សាសនា ល្មើសច្បាប់ ខុស​បច្ចេកទេស ឬ​មិន​សម​នឹង​សមត្ថភាព​ឬ​លទ្ធភាព​របស់ខ្លួន ជាដើម​។​
 
«​ពស់​» ក្នុងន័យ​ត្រង់ គឺជា​សត្វ​ពួក​ល្មូ​ន​មួយ​ប្រភេទ​ដែលជា​សត្វ​សិ​រពឹស បើទោះបីជា​វា​មាន​ពឹ​សតិ​ច ឬក៏​គ្មាន​ពឹ​ស​ក៏ដោយ ក៏​មនុស្ស​ស្ទើរតែ​ទាំងអស់​នៅតែ​ខ្លាច​និង​មិនមាន​ភាពជិតស្និទ្ធ​ជាមួយ​ពួកវា​ឡើយ​។ ជាធម្មតា ពេលដែល​មនុស្ស​ណា​ម្នាក់​ឃើញ​សត្វ​ពស់​វា​កាត់មុខ​ទោះបីជា​ពស់​មាន​ពឹ​ស​ឬ​ពស់​គ្មាន​ពឹង​ក៏ដោយ ក៏​គេ​តែងតែ​តាម​សម្លាប់​វា​ជានិច្ច​ពីព្រោះ​គេ​ខ្លា​ចវា​ខាំ ដែល​អាច​បណ្ដាលឱ្យមាន​បួស​ឬ​ស្លាប់​ជាយថាហេតុ​។ 
 
​ក្នុ​ន័យធៀប «​ពស់​» អាច​ប្រៀបបាន​ទៅនឹង​មនុ​ស្សណា​ម្នាក់​ឬ​ក្រុម​ណាមួយ​ដែលមាន​ភាព​ពឹ​សពុល មាន​ល្បិច​អាក្រក់ ភាព​សាហាវ ចូលចិត្ត​ប្រើ​ហិង្សា ដែល​អាច​បង្ក​របួសស្នាម ឬ​សម្លាប់​អ្នកណាម្នាក់​ដោយសារ​ភាព​ពឹ​សពុល និង​ភាពឃោរឃៅ​របស់ខ្លួន​។  
 
«​កង្កែប​» ក្នុងន័យ​ត្រង់ គឺជា​សត្វ​ទឹក​មួយ​ប្រភេទ មាន​ជើង​៤ ចេះ​ហែល​ទឹក​, មុជទឹក​, លោត​លើគោក​ក៏បាន ច្រើន​រស់នៅ​អាស្រ័យ​នឹង​ទី​ក្បែរ​មាត់ទឹក ឬ​នឹង​រន្ធ​ក្នុង​ដី​ក៏​នៅបាន​។ ធម្មជាតិ​របស់​កង្កែប គឺជា​ប្រភេទ​សត្វ​ស្លូត​ដែល​រស់ក្នុង​ឬ​ក្បែរ​ត្រពាំង ស្រះ បឹង ឬ​ក្នុង​រន្ធ​ក្នុង​ដី​ដែល​មិនអាច​ផ្លាស់​ទី​ទៅណា​បាន​ឆ្ងាយ​ឡើយ​។ ជាធម្មតា កង្កែប​មិនអាច​កក​កាយ​រន្ធ​ដោយ​ខ្លួនឯង​បានទេ វា​ច្រើនតែ​រស់នៅក្នុង​រូង​ក្ដាម ឬ​រូង​ផ្សេងៗ​ដែល​វា​អាច​រស់​នៅបាន​។ កង្កែប​តែងតែ​យំ​ឬ​ស្រែក​នៅពេល​វា​ដឹងថា​មេឃ​ជិត​ភ្លៀង មេឃ​កំពុង​រលឹម ឬ​ក្រោ​ពេល​ភ្លៀង ដែល​អាច​ផ្ដល់​សញ្ញា​ឱ្យ​មនុស្ស​ដឹងថា​វា​នៅទីណា ហើយ​តាមរយៈ​នេះ​មនុស្ស​អាច​នឹង​ចាប់​វា​បាន​ដោយ​ងាយ​។ ករណី​ដែល​វា​រស់នៅក្នុង​រូង​ក្ដាម​ជាមួយ​ក្ដាម ហើយ​តាម​ធម្មជាតិ​របស់​វា វា​តែងតែ​ធ្វើឱ្យមាន​ភាព​សើម​និង​ភាព​រលោង​នៅ​មាត់​រន្ធ ដែល​ផ្ដល់​ជា​សញ្ញា​ឱ្យ​មនុស្ស​ដឹងថា​នៅក្នុង​រន្ធ​នោះ​អាចមាន​កង្កែប​ឬ​សត្វ​អ្វី​ម្យ៉ាង​រស់នៅ ហើយ​ប្រសិនបើ​វា​ស្រែក​ឬ​យំ​ផង​នោះ គឺជា​សញ្ញា​កាន់តែច្បាស់​ដែល​ធ្វើឱ្យ​មនុស្ស​អាច​កត់សម្គាល់​បាន​យ៉ាង​ប្រាកដថា​រន្ធ​នោះ​ពិត​ជាមាន​កង្កែប​។ ពេលដែល​មនុស្ស​ព្យាយាម​ជីក​កកាយ​រន្ធ​នោះ​ដើម្បី​ចាប់​កង្កែប ក្ដាម​ដែល​រស់នៅ​ជាមួយគ្នា​នោះ​ក៏ត្រូវ​គេ​ចាប់​ដែរ​។​
 
«​កង្កែប​» ក្នុង​ន័យធៀប អាច​ប្រៀបបាន​ទៅនឹង​មនុស្ស​ដែល​មិនសូវមាន​ចំណេះដឹង​ខ្ពស់ ទទួលបាន​ព័ត៌មាន​តិច ចូលចិត្ត​និយាយ​ច្រើនតែ​មិនសូវមាន​ខ្លឹមសារ​ល្អ ចូលចិត្ត​អួតអាង​និង​មាន​មោទកភាព​ចំពោះ​អ្វីដែល​ខ្លួន​ដឹង​តិចតួច ដោយ​មិនបាន​ប្រៀបធៀប​ជាមួយ​វិសាល​នៃ​ចំណេះដឹង​របស់​អ្នកដទៃ គ្មាន​ទំនាក់ទំនង​ទូលំទូលាយ មិនបាន​ធ្វើដំណើរ​ច្រើន​ទៅ​កន្លែង​ផ្សេងៗ​ដើម្បី​ស្វែងយល់​ពី​បរិស្ថាន​ជុំវិញ និង​ការអភិវឌ្ឍ​របស់​សង្គម​និង​ពិភពលោក ជាដើម​។      
 
«​កុំ​ស្លាប់​ដូច​ពស់​» មានន័យថា កុំឱ្យ​មនុស្ស​ណា​ម្នាក់​ឬ​ក្រុម​ណាមួយ​ប្រកាន់យក​ឥ​រិ​យ​ថ​បែបណា​មួយ​ដែល​បណ្ដាលឱ្យ​មនុស្ស​ទូទៅ​គ្រាន់តែ​ឃើញ​ពួ​គេ​ភ្លាម​ចង់​សម្លាប់ចោល​ភ្លាម ដោយសារតែ​មនុស្ស​ទូទៅ​ស្អប់ខ្ពើម ខ្លាច មិន​ចូលចិត្ត និង​មិន​ទុកចិត្ត​បុគ្គល​ឬ​ក្រុម​នោះ ពីព្រោះ​ភាពឃោរឃៅ ឬ​ភាព​ពឹ​សពុល​ដែល​ក្រុម ឬ​អម្បូរ​នេះ តែងតែបាន​គំរាមកំហែង បង្ក​ភាពភ័យខ្លាច ធ្វើឱ្យមាន​របួសស្នាម ឬ​បាត់បង់​ជីវិត​ដល់​មនុ​ស្ស​ទូទៅ​។​

«​កុំ​រស់​ដូច​កង្កែប​» មានន័យថា កុំ​រស់នៅ​តែមួយ​កន្លែង​ដែល​មិនបាន​យល់ដឹង​ពី​បរិស្ថាន​ជុំវិញ កុំ​រស់នៅ​ដោយ​គ្មាន​ទំនាក់ទំនង​ល្អ​និង​ទូលំទូលាយ​ជាមួយ​សង្គម កុំ​រស់នៅ​ដោយ​មិនបាន​យល់ដឹង​ពី​ព័ត៌មាន​ដែល​កើតឡើង​ជុំវិញ​ពិភពលោក កុំ​រស់នៅ​ដោយ​មិនបាន​យល់ដឹង​ពី​ការប្រែប្រួល​និង​ការអភិវឌ្ឍ​នៅក្នុង​សង្គម​និង​ពិភពលោក​ទាំងមូល​។ លើសពីនេះ​ទៀត «​កុំ​រស់​ដូច​កង្កែប​» ក៏​អាច​បកស្រាយ​ម្យ៉ាង​ទៀតថា ចូរ​កុំ​រស់នៅ​ជាមួយ​អ្នកណាម្នាក់ ហើយ​ផ្ដល់​ទុក្ខទោស​ដល់​អ្នកនោះ ដូច​ក្នុងករណី​កង្កែប​រស់នៅ​ជាមួយ​ក្ដាម​បានផ្ដល់​ទុក្ខទោស​ដល់​ក្ដាម ពីព្រោះ​តែ​វា​បានធ្វើឱ្យ​បែកការណ៍​សម្ងាត់​អំពី​ទីតាំង​សុវត្ថិភាព​សម្រាប់​រស់នៅ​ដោយ​សុខសាន្ត​របស់​ក្ដាម ជាដើម​។​
       
​ជារួម សុភាសិត «​កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប​» ចង់​អប់រំ​ប្រជាជន​ខ្មែរ​ឱ្យ​រស់នៅ​តាមរបៀប​មួយ​ដែល​ត្រឹមត្រូវ​ជានិច្ច ពោលគឺ​ជាការ​រស់នៅ​ដោយ​ផ្អែកលើ​សីលធម៌ គុណធម៌ និ​យ​យាម​សង្គម​ដទៃទៀត និង​ច្បាប់​រដ្ឋ ដើម្បីឱ្យ​ពួកគេ​ក្លាយទៅជា​មនុស្ស​ល្អ ពលរដ្ឋ​ល្អ​អស់​មួយជីវិត និង​សូម្បីតែ​ស្លាប់​ទៅហើយ​ក៏ដោយ ក៏​ត្រូវតែ​បន្សល់ទុក​នូវ​កេរ្ដិ៍ឈ្មោះ​ល្អ​ដែរ​។ ម្យ៉ាងទៀត សុភាសិត​នេះ ចង់​អប់រំ​ពួកគេ​ឱ្យក្លាយ​ទៅជា​មនុស្ស​ទទួល​បាន​ព័ត៌មាន​ច្រើន ស្គាល់​ច្បាស់​ពី​បរិស្ថាន​ជុំវិញ ស្គាល់​ពី​ការវិវត្ត​និង​ការអភិវឌ្ឍ ចេះ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ ចេះ​អភិវឌ្ឍ​ខ្លួនឯង កុំ​គិតថា​ខ្លួនឯង​ដឹង​អ្វីៗ​សព្វ​យ៉ាង​ពិសេស​ជាង​អ្នកដទៃ ហើយ​បើ​បាន​ពឹង​អាស្រ័យ​រស់នៅ​ជាមួយ​អ្នកណាម្នាក់ ត្រូវ​ចេះ​អរគុណ ផ្ដល់​តម្លៃ និង​រក្សា​សេចក្ដីសុខ​ឱ្យ​អ្នកនោះ កុំឱ្យ​រស់នៅ​ជាមួយ​គេ​ហើយ​បែរជា​ធ្វើឱ្យ​ខូចប្រយោជន៍ និង​ផ្ដល់​ទុក្ខទោស​ឱ្យគេ​ទៅវិញ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com