ជាតិ
សង្គមជាតិ
ស្ថាប័នពាក់ព័ន្ធ ផ្តើមពិភាក្សាពីការដាក់រដ្ឋធម្មនុញ្ញជាមេរៀននៅបឋមនិងវិទ្យាល័យ
10, Jun 2019 , 10:23 am        
រូបភាព
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (ឆ្វេងដៃ) និង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (ឆ្វេងដៃ) និង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នឹងចាប់ផ្តើមពិភាក្សាគ្នា នៅរសៀលម៉ោង២ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ អំពីការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងប្រព័ន្ធអប់រំ ចាប់ពីថ្នាក់បឋមសិក្សាដល់វិទ្យាល័យ។



លោក តាំង រតនា អគ្គលេខាធិការនិងជាអ្នកនាំពាក្យនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ពុំទាន់អាចបញ្ចាក់បានទេថា ជំពួកឬមាត្រាណាខ្លះនៃរដ្ឋធម្មនុញ្ញ ដែលនឹងត្រូវលើកទៅពិភាក្សាក្នុងកិច្ចប្រជុំនេះ។ ហើយរដ្ឋធម្មនុញ្ញ នឹងក្លាយជាមេរៀននៅតាមសាលានៅពេលណានោះ លោក ក៏មិនទាន់អាចបញ្ជាក់បានដែរ។

អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា «វា ជាកិច្ចប្រជុំលើកដំបូងរវាងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនិងក្រសួងអប់រំ ដូច្នេះ យើង មិនទាន់ដឹងទេ។ ក្រុមការងារបច្ចេកទេសរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងក្រសួងអប់រំ នឹងធ្វើការជាមួយគ្នា»។

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ លោក ហង់ ជួន ណារ៉ុន បានចេញសេចក្តីសម្រេចមួយស្តីពីការបង្កើតក្រុមការងារ ដើម្បីសិក្សាពីរឿងនេះ។ បើតាមសេចក្តីសម្រេចរបស់លោក ហង់ ជួន ណារ៉ុន មេរៀនរដ្ឋធម្មនុញ្ញ នឹងត្រូវបញ្ចូលទៅក្នុងមុខវិទ្យាសីលធម៌ និងពលរដ្ឋវិទ្យា។

ក្រុមការងារនេះ មាន២ផ្នែក គឺគណៈកម្មការចំពោះកិច្ច និង ក្រុមការងារបច្ចេកទេសចំពោះកិច្ច។ លោក ហង់ ជួន ណារ៉ុន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចដោយខ្លួនឯងតែម្តង ដោយអមជាមួយអនុប្រធាន២រូប និង សមាជិក៣រូប។ ចំណែក ក្រុមការងារបច្ចេកទេសចំពោះកិច្ច មានលោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ជាប្រធាន និង អនុប្រធាន២រូប ព្រមទាំងសមាជិក១៤រូប៕ 

Tag:
 អប់រំ
  រដ្ឋមធ្មនុញ្ញ
  តាំង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com