ក្រុមកីឡាបាល់ទាត់អាមេរិកផ្នែកនារីបានសាងកំណត់ត្រាថ្មីជាមួយជ័យជម្នះដ៏ច្រើនលើសលុបលើក្រុមថៃ ក្នុងលទ្ធផល ១៣-០ នាការប្រកួតពានរង្វាន់ FIFA Women's World Cup ឆ្នាំ២០១៩ នៅយប់ថ្ងៃទី១២ ខែមិថុនា ដែលរៀបចំឡើងនៅប្រទេសបារាំង។
ម្ចាស់ការពារតំណែងជើងឯកឆ្នាំ ២០១៥ អាចរកគ្រាប់ស៊ុតបញ្ចូលទីបាន៣គ្រាប់នៅវគ្គទី១ និង ១០គ្រាប់នៅតង់ទី២។ កីឡាការិនី Alex Morgan រកបានចំនួន៥គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះរបស់អាមេរិកសម្រាប់ការប្រកួតបើកឆាកពូល F នេះ។
ព្រឹត្តិការណ៍ World Cup នារីឆ្នាំ២០១៩ នៅប្រទេសបារាំងដែលចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី៧ ខែមិថុនា បានប្រកួតក្នុងជំនួបបើកឆាកតាមពូលពី A ដល់ F រួចរាល់អស់ហើយ និងត្រៀមប្រកួតលើកទី២ នៅយប់ថ្ងៃទី១២ ខែមិថុនានេះ។
ម្ចាស់ផ្ទះបារាំងក៏កំពុងឈរកំពូលតារាងពូល A ផងដែរបន្ទាប់ពីឈ្នះកូរ៉េខាងត្បូង ៤-០ នៅជំនួបបើកឆាក។ ន័រវែសដែលឈ្នះនីហ្សេរីយ៉ា ៣-០ ឈរនៅលេខរៀងទី២បណ្តោះអាសន្ន៕