កីឡាជាតិ
ជាតិ
FFC ស្វាគមន៍​ជម្រើសជាតិ​យ៉ាង​កក់ក្តៅ ក្រោយ​ឈ្នះ​ទាំងពីរ​ជើង​ជា​ប្រវត្តិសាស្ត្រ​ក្នុង​វគ្គ​ជម្រុះ World Cup
12, Jun 2019 , 5:51 pm        
រូបភាព
ប្រាក់ មុនីឧត្តម និងក្រុមទាំងមូលទទួលបាននូវការស្វាគមន៍យ៉ាងក្តៅ។ រូបថត ទូច សុវណ្ណ​ឌី
ប្រាក់ មុនីឧត្តម និងក្រុមទាំងមូលទទួលបាននូវការស្វាគមន៍យ៉ាងក្តៅ។ រូបថត ទូច សុវណ្ណ​ឌី
ដោយ: ថ្មីៗ
​ឆៃយ៉ាំ​! សម្រែក​អបអរសាទរ​! មនុស្ស​យ៉ាងច្រើន​កុះករ បាននាំគ្នា​ទៅ​ទទួល​ស្វាគមន៍​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បន្ទាប់ពី​ពួកគេ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​នៃ​ពានរង្វាន់ World Cup ឆ្នាំ​២០២២​។ នេះ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​កម្ពុជា ដែល​ឈ្នះ​ការប្រកួត​ទាំងពីរ​នៅ​វគ្គ​ជម្រុះ World Cup បើ​គិត​ចាប់តាំងពី​ពួកគេ​ចូល​ប្រកួតប្រជែង​តាំងពី​ឆ្នាំ​១៩៩៧​មក​។​

 

កាលពី​ថ្ងៃទី​៦ ខែមិថុនា កម្ពុជា​បាន​យកឈ្នះ ២-០ ដែល​សម្រេចបាន​ដោយ សៀង ច​ន្ធា និង​គួច សុគ​ម្ភៈ នា​ជំនួប​ជើង​ទីមួយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ក្រោម​ការដឹកនាំ​រួមគ្នា​ដដែល​របស់លោក Keisuke Honda និង​លោក Felix Dalmas កម្ពុជា បាន​បន្ត​យកឈ្នះ​ជំនួប​ជើង​ពីរ នៅ​ក្រុង​ដូ​ហា ប្រទេស​កាតា ដែល​ប៉ា​គី​ស្ថាន​យក​ធ្វើជា​ទឹកដី​។ សេត រ៉​ស៊ី​ប និង រ៉ឹង ប៊ុន​ហៀ​ង ជា​អ្នកសម្រេច​ផល​ឲ្យ​កម្ពុជា នា​ជំនួប​កាលពី​រាត្រី​ថ្ងៃទី​១១ ឈាន​ចូលដល់​ថ្ងៃទី​១២ ខែមិថុនា ម៉ោង​នៅ​កម្ពុជា​។​


 
​យើង​អាច​និយាយបានថា កម្ពុជា ជា​ក្រុម​ដំបូង​បំផុត​ដែល​ឈ្នះ​ការប្រកួត​ពាក់ព័ន្ធ​នឹង World Cup 2022 នៅលើ​ទឹកដី​កាតា ដែលជា​ម្ចាស់ផ្ទះ រៀបចំ​នា​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ទៀត តែ​នេះ​គឺ​ដោយសារតែ​ប៉ា​គី​ស្ថាន ដែលមាន​បញ្ហា​ផ្ទៃក្នុង សម្រេច​ប្រើប្រាស់​ធ្វើជា​ទឹកដី​។ អ្វី​ដែលជា​មោទកភាព​នោះ គឺ​ការទទួល​ជ័យជម្នះ​ទាំងពីរ​ជើង​លើកដំបូង​បំផុត​របស់​កម្ពុជា ក្នុងការ​ប្រកួត​ជម្រុះ World Cup​។​
 
​កំណត់ត្រា​កន្លងមក ដែល​ល្អ​បំផុត​របស់​កម្ពុជា​នោះ គឺ​ការយក​ឈ្នះ​ម៉ា​កាវ ៣-០ នៅក្នុង​ទឹកដី កាលពី​ឆ្នាំ​២០១៥ ហើយ​ស្មើ ១-១ វិញ​នៅ​ទឹកដី​ម៉ា​កាវ​។ សរុប​ទាំងពីរ​ជើង នាំ​ឲ្យ​កម្ពុជា​ឈានទៅ​កាន់​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ នៃ​ព្រឹត្តិការណ៍ World Cup ជា​លើកដំបូង​។​


 
​ការប្រកួត​ផ្សេងទៀត បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក កម្ពុជា​តែងតែ​រងគ្រោះ​ជាមួយនឹង​ការ​ធ្លាយ​គ្រាប់​បាល់​ដ៏​ច្រើន និង​ធ្លាប់​ស្មើ​ឥណ្ឌូណេស៊ី ១-១ នៅ​ឆ្នាំ​១៩៩៧ ស្មើ​ម៉ា​ល់​ឌី​វ ១-១ ដូចគ្នា នៅ​ឆ្នាំ​២០០១​។ ប្រវត្តិ​ដ៏​ខកចិត្ត​របស់​កម្ពុជា កើតឡើង​នៅ​ឆ្នាំ​២០១១ ដោយ​កាលណោះ កម្ពុជា​ឈ្នះ ៤-២ នៅក្នុង​ដី តែ​បាន​ហាលអាវ ដោយ​ចាញ់​ឡាវ ៦-២ វិញ នា​ម៉ោង​បន្ថែម សម្រាប់​ការប្រកួត​ជើង​ទី​ពីរ​នៅ​ក្រុង​វៀងចន្ទន៍​។​
 
​នា​រសៀល​ថ្ងៃទី​១២ ខែមិថុនា លោក សៅ សុខា ប្រធាន FFC លោក ខៀវ សា​ម៉េ​ត ដែលជា​អនុប្រធាន រួមជាមួយ​មន្ត្រី ក្រុមហ៊ុន​ដៃគូ ក៏ដូចជា​អ្នកសារព័ត៌មាន ទៅ​ស្វាគមន៍​កីឡាករ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយផ្ទាល់​។​


 
​លោក Keisuke Honda លោក Felix Dalmas និង​ក្រុមការងារ​ជនជាតិ​ជប៉ុន មិនមាន​វត្តមាន​ជាមួយ​ក្រុម​នោះឡើយ​។ បើតាម​មន្ត្រី​សហព័ន្ធ ពួកគេ​ធ្វើដំណើរ​ផ្ទាល់​ពី​ដូ​ហា ឆ្ពោះទៅ​ប្រទេស​ជប៉ុន​។​
 
​ក្រោយ​បំពាក់​កម្រងផ្កា ដល់​ក្រុម​គ្រូបង្វឹក និង​កីឡាករ លោក សៅ សុខា បានប្រគល់​កញ្ចប់​ប្រាក់​ចំនួន​៣៧០០០​ដុល្លារ​អាមេរិក​ដល់​ក្រុម​ទាំងមូល ដោយ​សមាជិក​ម្នាក់ៗ​ទទួលបាន​ចំនួន​១០០០​ដុល្លារ​អាមេរិក​។ ទឹកប្រាក់​ទាំងនេះ ជា​រង្វាន់​លើកទឹកចិត្ត​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕











Tag:
 ជម្រើសជាតិ​
  World Cup
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com